(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន ឆ្នាំ២០២២ បានថ្លែងនូវការវាយតម្លៃខ្ពស់ ចំពោះការបន្តគាំទ្ររបស់ចិនក្នុងការរក្សាមជ្ឈភាព និងឯកភាពអាស៊ាន។
សម្តេចតេជោ ហ៊ុន សែន វាយតម្លៃខ្ពស់បែបនេះ នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០២២ ពេលអញ្ជើញទទួលពានរង្វាន់ «សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោក» នៅវិមានសន្តិភាព និងត្រូវបានប្រគល់ជូនដោយវិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក (KSI)។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំក៏សូមឆ្លៀតឱកាសនេះ វាយតម្លៃខ្ពស់ចំពោះការបន្តគាំទ្ររបស់ចិនក្នុងការរក្សាមជ្ឈភាព និងឯកភាពអាស៊ាន នៅក្នុងនិម្មាបនកម្មតំបន់ដែលកំពុងវិវឌ្ឍ និងការលើកកម្ពស់ការសំយោគពង្រឹងគ្នាទៅវិញទៅមក ក្នុងចំណោមយន្តការដែលដឹកនាំដោយអាស៊ាន»។
ប្រធានអាស៊ាន ឆ្នាំ២០២២ បានថ្លែងបន្តថា ការរក្សាបាននូវកិត្យានុភាពអាស៊ាន ក្នុងសកលលោកលើគ្រប់ទិដ្ឋភាព មិនអាចកាត់ផ្តាច់ពីការ ចូលរួមចំណែករបស់ដៃគូសន្ទនាអាស៊ាននានា ជាពិសេសសាធារណរដ្ឋប្រជាមានិតចិន ដែលត្រូវបានទទួលស្គាល់ថា ជាមហាអំណាចសេដ្ឋកិច្ចទី២ លើសកលលោកបាននោះទេ។ ជាក់ស្តែងកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន បានរីកចម្រើនជាលំដាប់ ក្នុងរយៈពេលបីទសវត្សរ៍កន្លងមកនេះ ដោយឆ្លុះបញ្ចាំងតាមរយៈការបង្កើត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន» កាលពីឆ្នាំ២០២១ ហើយក៏កំពុងឈានទៅស្ថាបនា «តំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន ទម្រង់ថ្មី៣.០» នាពេលឆាប់ៗខាងមុខ។
សម្តេចតេជោបានបន្តថា ចិនជាដៃគូពាណិជ្ជកម្មធំបំផុតទី១ របស់អាស៊ាន ដោយពាណិជ្ជកម្មទំនិញសរុបរវាងអាស៊ាន និងចិន បានកើនឡើងរហូតដល់ប្រមាណ ៦៦៩ ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២១ ពោលគឺកើនឡើង ២៨ ភាគរយខណៈដែលរំហូរនៃការវិនិយោគផ្ទាល់ពីបរទេស (FDI) ពីចិនមកអាស៊ាន មានចំនួន ១៣.៦ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២១ ដែលកើនឡើងជិតទ្វេដង ធៀបនឹងឆ្នាំ ២០២០។ ជាមួយនឹងការចូលរួមចំណែកទាំងនេះរបស់ចិន ផ្អែកតាមការវាយតម្លៃ និងព្យាករណ៍របស់ការិយាល័យស្រាវជ្រាវ សេដ្ឋកិច្ចអាស៊ានបូកបី កាលពីខែតុលាកន្លងទៅនេះ តំបន់អាស៊ាន នឹងអាចសម្រេចបានកំណើនក្នុងអត្រា ៥៣% និង៤,៩% ក្នុងឆ្នាំ ២០២២ និង២០២៣ រៀងគ្នា ដែលជាអត្រាខ្ពស់ បើប្រៀបធៀបទៅនឹងតំបន់ផ្សេងទៀតនៃសកលលោក។
ការអភិវឌ្ឍរបស់ចិន គឺជាសមិទ្ធផលដ៏អស្ចារ្យ ដែលបានផ្ដល់ផលប្រយោជន៍ជាច្រើន មិនត្រឹមតែប្រជាជនចិនប៉ុណ្ណោះទេ ប៉ុន្តែផ្ដល់បច្ច័យវិជ្ជមានយ៉ាងច្រើន សម្រាប់អាស៊ាន និងកម្ពុជា ទាំងក្នុងទិដ្ឋភាពសេដ្ឋកិច្ច សង្គម និងភូមិសាស្ត្រនយោបាយ ក្នុងបរិការណ៍កំពុងបន្តប្រឈមនឹងបញ្ហា និងហានិភ័យកាន់តែច្រើន ប្រកបដោយភាព មិនប្រាកដប្រជាខ្ពស់ ដូចជាការបន្តរាតត្បាតនៃជំងឺកូវីដ-១៩ ការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ ការគាំពារនិយម ភាពមិនប្រាកដប្រជា នៃទស្សនវិស័យសេដ្ឋកិច្ចសកល ការប្រែប្រួលអាកាសធាតុ ការបន្តបន្ទច់បង្អាក់ចរន្តនៃខ្សែច្រវាក់តម្លៃ និងផលិតកម្មសកល, សម្តេចតេជោសង្ឃឹមជឿជាក់ថា កិច្ចសហការអាស៊ាន-ចិន ដែលបាន និងកំពុងនឹងបើកទំព័រថ្មីមួយ តាមរយៈការអនុវត្ត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន» និងការបង្កើត «តំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន ទម្រង់ថ្មី ៣.០» នឹងរួមចំណែកក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងតំបន់ទាំងពីរ ឱ្យកាន់តែមានសក្តានុពល ប្រកបដោយថាមវន្តបន្ថែមទៀត»៕