(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅល្ងាចថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦នេះ បានបង្ហាញពីលទ្ធផលដ៏ល្អថា គណៈប្រតិភូសភាអឺរ៉ុប ដែលមកប្រគល់ជ័យលាភីពានរង្វាន់ «កម្ពុជាជាគោលដៅទេសចរណ៍ល្អបំផុតលើពិភពលោក សម្រាប់ឆ្នាំ២០១៦» ជូនរដ្ឋាភិបាលកម្ពុជា នឹងធ្វើការផ្សព្វផ្សាយពីសក្តានុពល និងចំណុចពិសេសៗនៃវិស័យទេសចរណ៍កម្ពុជា ឱ្យបានច្រើនបន្ថែមទៀត ទៅកាន់ទីផ្សារភ្ញៀវទេសចរអឺរ៉ុប និងពិភពលោក។

លោករដ្ឋមន្រ្តីបានលើកកឡើងថា «លោក Anton Caragea ប្រធានក្រុមប្រឹក្សាភិបាលទេសចរណ៍ និងពាណិជ្ជកម្មនៃសហភាពអឺរ៉ុប ដែលដឹកនាំគណៈប្រតិភូមកកម្ពុជា ដើម្បីផ្តល់ជ័យ​លាភីពានរង្វាន់ កម្ពុជាជាគោលដៅទេសចរណ៍ល្អបំផុតលើពិភពលោក សម្រាប់ឆ្នាំ២០១៦ ជូនដល់រាជរដ្ឋាភិបាលកម្ពុជា បានវាយតម្លៃថា កម្ពុជាជាប្រទេសគោលដៅទេសចរណ៍មួយ ដ៏ល្អបំផុត ប្រកបដោយសម្បត្តិវប្បធម៌សម្បូរបែប និងមានអារ្យធម៌ដ៏រុងរឿង មានសន្តិសុខគ្រប់គ្រាន់ និងការអភិវឌ្ឍដែលមានការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ហើយជាប្រទេសដែលមានការទទួលស្វាគមន៍រួសរាយរាក់ទាក់ភ្ញៀវទេសចរ ប្រកបដោយការទាក់ទាញ»

លោករដ្ឋមន្រ្តីបានបន្តថា លោក Anton Caragea នឹងធ្វើការផ្សព្វផ្សាយពីសក្តានុពលទេសចរកម្ពុជា និងអ្វី‌ៗដែលកម្ពុជាមាន ដូចជា កម្ពុជាមានសន្តិសុខគ្រប់គ្រប់, មានការអភិវឌ្ឍសម្បូរបែប, មានការបម្រើសេវាកម្មល្អ ដើម្បីប្រាប់ទៅភ្ញៀវទេសចរអឺរ៉ុប ក៏ដូចជាភ្ញៀវទេសចរពិភពលោក ឱ្យបានទូលំទូលាយ។

លើសពីនេះ លោក Anton Caragea ផ្ទាល់ ក៏បានកោតសរសើរសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលបានដឹកនាំប្រទេសកម្ពុជា ឱ្យមានការអភិវឌ្ឍប្រកបដោយសន្តិភាព ជាពិសេសបាន​អភិវឌ្ឍវិស័យទេសចរណ៍ ឱ្យមានការរីចម្រើន រហូតទទួលបានជ័យលាភីជាបន្តបន្ទាប់ ហើយក្នុងពេលនេះ កម្ពុជាបានទទួលជ័យលាភីពានរង្វាន់ «កម្ពុជាជាគោលដៅ​ទេសចរណ៍ល្អបំផុតលើពិភព​លោក សម្រាប់ឆ្នាំ២០១៦» បន្ថែមទៀត ហើយការដឹកនាំដ៏ត្រឹមត្រូវនេះ ជាតំណាងឱ្យទ្វីបអាស៊ីទាំងមូល មិនមែនតែសម្រាប់កម្ពុជាទេ ដែលបាន​ទទួលការ​ឧទ្ទេសនាមថា «កម្ពុជាជាតារាកំពុងរះក្នុងទ្វីបអាស៊ី ហើយម្យ៉ាង​ទៀត កម្ពុជាមានមេរៀនជាគំរូ ចំនួន២ចំណុច ដែលបង្ហាញទៅពិភពលោក រួមមាន ទី១. កម្ពុជាមានប្រវត្តិសាស្ត្រដ៏រុងរឿង នាអតីតកាល ដែលមានសម្បត្តិវប្បធម៌ដ៏សម្បូរបែប ដូចជា​ប្រាង្គប្រាសាទរាប់ពាន់ និងសម្បត្តិធម្មជាតិដ៏ស្រស់ស្អាត ប្រការនេះហើយ ទើបមានប្រទេស៣០ បានបោះឆ្នោត​គាំទ្រឱ្យកម្ពុជា ឱ្យទទួលបានជ័យលាភីខាងលើនេះ និងទី២. ចាប់ពីឆ្នាំ១​៩៧៩​មក កម្ពុជាបានកសាងប្រទេសចាប់ពីបាត់ដៃទទេ រហូតមានការរីកចម្រើន ហើយគូបផ្សំ​នឹងភាពសម្បូរបែប ដែលបន្តពីដូនតា ទើបធ្វើឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ពិសេសគឺវិស័យទេសចរនេះ»

លោករដ្ឋមន្រ្តី ថោង ខុន ក៏បានបញ្ជាក់ថា ការផ្ដល់តម្លៃពីការខិតខំនេះ ក្រសួងទេសចរណ៍ ត្រូវតែខិតខំរក្សាតម្លៃនេះ និងអភិវឌ្ឍបន្ថែមទៀត ដើម្បីឱ្យសមនឹងអ្វីដែលគេផ្ដល់ឱ្យកម្ពុជា សំដៅធ្វើយ៉ាងណា ឱ្យដំណើរការវិស័យទេសចរ ប្រព្រឹត្តទៅ ប្រកបដោយនិរន្តរភាព និងមានការទទួលខុសត្រូវ ដូចជាការអនុវត្តបញ្ញត្តិច្បាប់, ផែនការអនុវត្តផ្សេងៗ, ការផ្សព្វផ្សាយ, ការអប់រំ, ការយល់ដឹង, ការរៀបចំបរិស្ថាន ក៏ដូចជាបញ្ហាអេកូទេសចរណ៍ ដើម្បីធ្វើយ៉ាងណាធ្វើឱ្យវិស័យទេសចរមាននិរន្តរភាព សម្រាប់ប្រជាពលរដ្ឋទាំងអស់គ្នា និងសម្រាប់អ្នកជំនាន់ក្រោយ។

សូមជម្រាបថា នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ ខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងធ្វើជាអធិបតីភាព ក្នុងពិធីទទួលជ័យលាភីពានរង្វាន់ «កម្ពុជាជាគោល​ដៅទេសចរណ៍​ល្អបំផុតលើពិភពលោក សម្រាប់ឆ្នាំ២០១៦» ដែលនឹងប្រគល់ដោយក្រុមប្រឹក្សាភិបាលទេសចរណ៍ និងពាណិជ្ជកម្មសហភាពអឺរ៉ុប នៅវិមានសន្តិភាព៕