(ប៉េកាំង)៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នឹងទៅបំពេញទៅទស្សនកិច្ចជាផ្លូវការមួយ ​នៅ​ក្នុង​ប្រទេសចិន នាថ្ងៃទី២៥ ខែមិថុនា ខាងមុខនេះ ដើម្បីពង្រីក និងពង្រឹងទំនាក់ទំនងមិត្តភាពទ្វេភាគីរវាងប្រទេស​ជិតខាងទាំងពីរ។ នេះបើយោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ នៅថ្ងៃទី២០ ខែមិថុនា។

លោក Lu Kang អ្នកនាំពាក្យរបស់​ក្រសួងការបរទេសចិន បានឲ្យដឹងថា លោក Putin នឹងអញ្ជើញមក​បំពេញ​ទស្សនកិច្ចនៅចិន តាមការអញ្ជើញរបស់​លោក Xi Jinping ប្រធានាធិបតីចិន។

អ្នកនាំពាក្យរូបនេះ បានបញ្ជាក់បន្ថែមទៀតថា លោក Jinping និងលោក Putin នឹងជួបពិភាក្សាលើក​កិច្ច​ការ​មួយចំនួន ដោយក្នុងនោះផ្ដោតសំខាន់លើវិស័យទំនាក់ទំនង និងការអភិវឌ្ឍន៍ ដោយប្រទេសទាំងគ្រោងនឹង​វិនិយោទុនរួមគ្នា ទៅលើគម្រោងជាច្រើន។

ក្រៅពីជួបពិភាក្សា ប្រធានាធិបតីនៃប្រទេសទាំងពីរ នឹងចុះហត្ថលេខលើកិច្ចព្រមព្រៀងសំខាន់ៗមួយចំនួន ក្នុងនោះក៏មានរឿងនយោបាយផងដែរ។

នៅក្នុងសេចក្ដីប្រកាសក៏បានឲ្យដឹងផងដែរថា ក្រៅពីជួបលោក Jinping , លោក Putin នឹងត្រូវជួបជាមួយ​នាយករដ្ឋមន្ត្រីចិនលោក Li Keqiang រួមនឹងសមាជិកសភាជាច្រើនរូប៕