(ភ្នំពេញ)៖ គណៈកម្មាធិការអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (COSTI) សហការជាមួយនាយកដ្ឋានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (រដ្ឋាភិបាលឥណ្ឌា) និងមូលនិធិនវានុវត្តន៍ជាតិ (NIF) ប្រទេសឥណ្ឌា បានបើកសម្ពោធវេទិកាឫសគល់នវានុវត្តន៍ អាស៊ាន-ឥណ្ឌាលើកទី៣ ឆ្នាំ២០២២ ដើម្បីរំលឹកខួបមិត្តភាព និងភាពជាដៃគូរយៈពេល ៣០ឆ្នាំ រវាងអាស៊ាន-ឥណ្ឌា ដែលប្រព្រឹត្ដទៅនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ចាប់ពីថ្ងៃទី១៩-២១ ខែធ្នូ ឆ្នាំ២០២២។
លោក Satvinder Singh អគ្គលេខាធិការរងនៃសហគមន៍សេដ្ឋកិច្ចអាស៊ាន បានលើកឡើងពីការរួមចំណែកយ៉ាងសំខាន់នៃឫសគល់នវានុវត្តជន។
លោកបន្ដថា «ឫសគល់នវានុវត្តជន ជារឿយៗធ្វើអាជីវកម្មក្រៅផ្លូវការ និងបានរួមចំណែកដល់សេដ្ឋកិច្ចក្រៅប្រព័ន្ធ»។
ជាមធ្យមក្នុងឆ្នាំ២០២១ សេដ្ឋកិច្ចក្រៅប្រព័ន្ធតំណាងឱ្យ ៣៥% នៃផលិតផលក្នុងស្រុកសរុប (GDP) នៅក្នុងប្រទេសដែលមានចំណូលទាប និងមធ្យម និង១៥% នៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន។ ក្នុងន័យនេះ ស្ថាប័នរដ្ឋ និងឯកជនត្រូវស្វែងយល់ពីជវភាពវប្បធម៌សង្គម នៃឫសគល់នវានុវត្តន៍ លើកទឹកចិត្តនវានុវត្តន៍ ជាពិសេសឆ្ពោះទៅរកការជំរុញវដ្តនៃសេដ្ឋកិច្ច។ អ្នកបង្កើតគោលនយោបាយ ជាពិសេសរដ្ឋាភិបាលមូលដ្ឋាន ត្រូវតែទទួលស្គាល់ឫសគល់នវានុវត្តជន ថាជាអ្នករួមចំណែកដ៏មានតម្លៃដល់ការច្នៃប្រឌិត ការងារ និងផលិតភាព។នេះបើតាមការបញ្ជាក់របស់ Satvinder Singh។
លោកបណ្ឌិត Srivari Chandrasekhar លេខាធិការនៃនាយកដ្ឋានវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា បានចង្អុលបង្ហាញថា ប្រទេសឥណ្ឌាបានភ្ជាប់ការយកចិត្តទុកដាក់ខ្ពស់ចំពោះឫសគល់នវានុវត្តន៍ និងសិស្សនៅក្នុងគោលនយោបាយវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (STIP) ដោយសារទាំងនេះមិនត្រឹមតែជាធាតុផ្សំប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកម្លាំងជំរុញដ៏សំខាន់ផងដែរ។
លោកបណ្ឌិតបានគូសបញ្ជាក់ថា «ខ្ញុំជំរុញឱ្យមិត្តរបស់យើងនៅក្នុងរដ្ឋសមាជិកអាស៊ាន (AMS) បន្តការប្តេជ្ញាចិត្តរបស់ពួកគេឆ្ពោះទៅរកនវានុវត្តន៍សង្គម និងរួមគ្នាធានាថា «ថ្ងៃស្អែក» គឺប្រសើរជាង «ថ្ងៃនេះ» សម្រាប់សមាជិកយើងម្នាក់ៗ។ វាគួរឱ្យរំភើបចិត្តក្នុងការកត់សម្គាល់ថាមានការជំរុញស្រដៀងគ្នា ក្នុងចំណោមរដ្ឋសមាជិកអាស៊ាន។ ដូច្នេះហើយ វាគឺជាករណីដ៏ល្អបំផុតមួយនៃការមានចិត្តដូចគ្នា ដែលប្រជាជាតិនានាអាចគិតបាននៅក្នុងសកលលោកនាពេលបច្ចុប្បន្ននេះ ដោយសារអត្ថប្រយោជន៍នៃគោលនយោបាយបែបនេះ កើនឡើងដល់ជីវិតមនុស្សរាប់ពាន់លាននាក់ គ្រាន់តែនៅអាស៊ីតែមួយ»។
ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំអាស៊ាន លោក Jayant N. Khobragade បានថ្លែងផងដែរថា នៅពេលដែលធនធានមានកម្រិត ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាជនដែលកំពុងកើនឡើង នវានុវត្តន៍បានដើរតួនាទីយ៉ាងសំខាន់។ ឫសគល់នវានុវត្តន៍ នាំមកនូវដំណោះស្រាយចំពោះបញ្ហាក្នុងតំបន់ ដូច្នេះវារួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជនក្នុងតំបន់។
លោកបន្ដថា «ដោយរក្សាបាននូវភាពជោគជ័យនៃវេទិកាឫសគល់នវានុវត្តន៍អាស៊ាន-ឥណ្ឌា ដែលបានរៀបចំពីមុនមក វាត្រូវបានគេសម្រេចចិត្តនាំយកយុវជនអាស៊ាន និងឥណ្ឌាម្តងទៀត ដើម្បីដោះស្រាយបញ្ហាដែលតំបន់របស់យើងប្រឈមមុខដោយការអភិវឌ្ឍការយល់ដឹងរួម។ នេះគឺជាព្រឹត្តិការណ៍មួយផ្សេងទៀត បន្ទាប់ពីទទួលបានជោគជ័យក្នុងការរៀបចំ Startup Festival ក្នុងទីក្រុងហ្សាកាតាក្នុងខែតុលា ឆ្នាំ២០២២ ដោយមានការចូលរួម និងលើកទឹកចិត្តយុវជនក្នុងការរួមចំណែកដល់វិបុលភាពនៃតំបន់ ដោយដាក់បញ្ចូលរួមនូវគំនិត និងនវានុវត្តន៍»។
លោកបានបញ្ជាក់បន្ថែមទៀតថា មូលនិធិនវានុវត្តន៍ជាតិនៃប្រទេសឥណ្ឌា ដែលបានសហការរៀបចំព្រឹត្តិការណ៍នេះ ស្វែងរក គាំទ្រ និងបង្កើតឱ្យមានឫសគល់នវានុវត្តន៍ ដែលអភិឌ្ឍឡើងដោយបុគ្គល និងសហគមន៍មូលដ្ឋានក្នុងវិស័យបច្ចេកវិទ្យាណាមួយ ដើម្បីជួយក្នុងការរស់រានមានជីវិតរបស់មនុស្ស ដែលគ្មានជំនួយពីវិស័យផ្លូវការ។ មូលនិធិនវានុវត្តន៍ជាតិ ជួយឫសគល់នវានុវត្តជន និងអ្នកមានចំណេះដឹងប្រពៃណីឆ្នើមទទួលបានការទទួលស្គាល់ ការគោរព និងរង្វាន់សម្រាប់នវានុវត្តន៍របស់ពួកគេ។
មូលនិធិនវានុវត្តន៍ជាតិ បានប្រមូលផ្តុំនូវមូលទិន្នន័យគំនិតបច្ចេកវិទ្យាជាង ៣២,៥០០០ នវានុវត្តន៍ និងការអនុវត្តចំណេះដឹងបែបប្រពៃណី ពីជាង ៦២៥ស្រុក នៃប្រទេសឥណ្ឌា ហើយបានទទួលស្គាល់ឫសគល់នវានុវត្តជន និងសិស្សសាលាចំនួន ១០៩៣ នៅថ្នាក់ជាតិ។ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំអាស៊ាន បានថ្លែងបន្ដថា «ខ្ញុំសូមជូនពរឱ្យព្រឹត្តិការណ៍នេះ អាចជំរុញមធ្យោបាយនវានុវត្តន៍ ប្រកបដោយបរិយាបន្ន នៅកម្រិតឫសគល់ក្នុងចំណោមយុវជនអាស៊ាន និងឥណ្ឌា ដែលនាំមកនូវភាពសមរម្យ និងដំណោះស្រាយពិសេសសម្រាប់បញ្ហាជីវិតប្រចាំថ្ងៃ ធ្វើឱ្យជីវិតប្រចាំថ្ងៃរបស់ប្រជាជនក្នុងតំបន់កាន់តែងាយស្រួល»។
លោកបណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបង្ហាញពីភាពទាន់ពេលវេលា និងភាពពាក់ព័ន្ធនៃវេទិកានេះ ភ្ជាប់ទៅនឹងការកោតសរសើរ និងអបអរសាទរយ៉ាងជ្រាលជ្រៅ ចំពោះការប្រារព្ធឡើងនៃវេទិកាឫសគល់នវានុវត្តន៍អាស៊ាន-ឥណ្ឌានេះ។
លើសពីនោះ ដោយមើលឃើញពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៃជំងឺរាតត្បាតកូវីដ១៩ និងបញ្ហាសកលដទៃទៀត ដែលកំពុងកើតមានឡើង លោកបានចង្អុលបង្ហាញពីតម្រូវការនៃទេពកោសល្យ និងជំនាញបច្ចេកវិទ្យា ប្រព័ន្ធអេកូឡូស៊ីគាំទ្រ ក៏ដូចជាកិច្ចសហការក្នុងតំបន់ ដើម្បីលើកកម្ពស់នវានុវត្តន៍ក្នុងតំបន់ ឈានឆ្ពោះទៅកាន់ការងើបឡើងវិញនៃសង្គមសេដ្ឋកិច្ចជាតិ។ កម្ពុជាទើបតែធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន ហើយបច្ចុប្បន្នកំពុងឆ្លងកាត់ការផ្លាស់ប្តូររចនាសម្ព័ន្ធ ដើម្បីក្លាយជាសេដ្ឋកិច្ចឌីជីថលមួយដែលពេញលេញ ដោយមាន ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាអ្នកដឹកនាំលើការអភិវឌ្ឍនវានុវត្តន៍។
លោកបណ្ឌិត ហ៊ុល សៀងហេង អគ្គនាយកនៃអគ្គនាយកដ្ឋានវិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការអាស៊ានផ្នែកវិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ ប្រចាំកម្ពុជា បានថ្លែងថា «ក្នុងនាមក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍នៃកម្ពុជា យើងពិតជាមានមោទនភាពក្នុងការរៀបចំវេទិកានវានុវត្តន៍នេះ ដើម្បីពង្រឹងសហប្រតិបត្តិការសេដ្ឋកិច្ច-សង្គមរវាងរដ្ឋសមាជិកអាស៊ាន និងឥណ្ឌា។ ព្រឹត្តិការណ៍នេះនឹងជំរុញការអភិវឌ្ឍ ជាពិសេសការអភិវឌ្ឍនវានុវត្តន៍នៅកម្ពុជា អាស៊ាន និងឥណ្ឌា»។
ព្រឹត្តិការណ៍រយៈពេលបីថ្ងៃនេះ នឹងផ្តល់នូវវេទិកាសម្រាប់អ្នកចូលរួមចែករំលែកបទពិសោធន៍ និងឧត្តមានុវត្តន៍ នៃឫសគល់នវានុវត្តន៍ក្នុងចំណោមសហគមន៍អាស៊ាន និងឥណ្ឌា។ ព្រឹត្តិការណ៍នេះ មានវគ្គសិក្ខាសាលាស្តីពីឫសគល់នវានុវត្តន៍ ការប្រកួតប្រជែងឫសគល់នវានុវត្តន៍ ការប្រកួតប្រជែងនវានុវត្តន៍របស់សិស្ស និងការតាំងពិពណ៌នវានុវត្តន៍ ដោយមានការចូលរួមពីប្រទេសឥណ្ឌា និងរដ្ឋសមាជិកអាស៊ាន។ តាមរយៈការប្រមូលផ្តុំតួអង្គសំខាន់ៗដូចជា មន្ត្រីរដ្ឋាភិបាល ឫសគល់នវានុវត្តជន នវានុវត្តជនជាសិស្ស អ្នកសិក្សា អ្នកធ្វើអាជីវកម្ម និងសហគមន៍ទូទៅ ព្រឹត្តិការណ៍នេះនឹងផ្តល់វេទិកាមួយដើម្បីលើកកម្ពស់ និងពង្រឹងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីឫសគល់នវានុវត្តន៍។
លោកស្រីបណ្ឌិត Devyani Khobragade ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជាបានលើកឡើងថា «សព្វថ្ងៃនេះ ទំនាក់ទំនងរបស់យើងជាមួយប្រទេសកម្ពុជា បានលាតសន្ធឹងលើវិស័យជាច្រើន រួមមានការកសាងសមត្ថភាព ការផ្លាស់ប្តូរវប្បធម៌ កម្ចីសម្បទានសម្រាប់គម្រោងអភិវឌ្ឍន៍ ជំនួយដល់កិច្ចខិតខំប្រឹងប្រែងដោះមីន ការជួសជុល និងអភិរក្សបូជនីយដ្ឋានវប្បធម៌ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ពាណិជ្ជកម្ម និងការវិនិយោគ។ វាគឺជាការខិតខំប្រឹងប្រែងរបស់យើងក្នុងការធ្វើឱ្យទំនាក់ទំនងរបស់យើងឈានដល់កម្រិតខ្ពស់មួយ»។
លោកស្រីបានឱ្យដឹងទៀតថា កិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍មានសារៈសំខាន់ខ្លាំងក្នុងសម័យកាលបច្ចុប្បន្ន ក្នុងការពន្លឿនការដើរឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍។ វាមានសក្តានុពលក្នុងការរួបរួមបុគ្គល និងប្រទេស ជាក់ស្តែងដូចប្រទេសឥណ្ឌា និងរដ្ឋសមាជិកអាស៊ាន៕