(វៀតណាម)៖ លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំទ្វេភាគីប្រចាំឆ្នាំ ជាមួយធនាគាររដ្ឋវៀតណាម នៅទីក្រុងដាណាង ប្រទេសវៀតណាម ក្រោមការរៀបចំទទួលស្វាគមន៍ពីលោកស្រី Nguyen Thi Hong ទេសាភិបាលធនាគាររដ្ឋវៀតណាម។
កិច្ចប្រជុំទ្វេភាគីបានពិភាក្សាផ្លាស់ប្តូរយោបល់ លើស្ថានភាពសេដ្ឋកិច្ចប្រព័ន្ធធនាគារ ក៏ដូចជាវឌ្ឍនភាពនៃ កិច្ចសហប្រតិបត្តិការ រវាងធនាគារកណ្តាលដែលសម្រេចបាន។ កិច្ចប្រជុំបានកំណត់នូវការងារអាទិភាព ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការល្អ រវាងធនាគារកណ្តាលទាំងពីរឱ្យកាន់តែរឹងមាំ និងជាប្រយោជន៍ សម្រាប់ធនាគារកណ្តាល ក៏ដូចជាប្រទេសទាំងពីរ។
លោកទេសាភិបាលបានថ្លែងអំណរគុណ ចំពោះធនាគាររដ្ឋវៀតណាម ជាពិសេសលោកស្រី Nguyen Thi Hong ដែលបានផ្តល់កិច្ចសហប្រតិបត្តិការល្អ និងបានរួមចំណែកអភិវឌ្ឍធនធានមនុស្សនៅធនាគារជាតិនៃកម្ពុជា និងគាំទ្រដល់ការតភ្ជាប់ប្រព័ន្ធទូទាត់ នៃប្រទេសទាំងពីរ ដើម្បីសម្រួលការទូទាត់ ដែលគាំទ្រដល់ពាណិជ្ជកម្ម ការវិនិយោគ និងទេសចរក្នុងប្រទេសទាំងពីរ។
ចំពោះកិច្ចប្រជុំនៅឆ្នាំ២០២៣ ជាប្រចាំលោកទេសាភិបាល បានអញ្ជើញលោកស្រីទេសាភិបាល និងគណៈប្រតិភូធនាគាររដ្ឋវៀតណាម ចូលរួមកិច្ចប្រជុំទ្វេភាគី នៅប្រទេសកម្ពុជា៕