(ភ្នំពេញ)៖ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា តំបន់អាស៊ាន ត្រូវបង្កើតគោលនយោបាយស្បៀងអាហារតែមួយ ដើម្បីទប់ទល់នឹងវិបត្តិស្បៀងសកល ជាពិសេសកុំឱ្យមហាអំណាចលូកដៃឱ្យសមាជិកអាស៊ានឈ្លោះគ្នា។
បណ្តាប្រទេសជាសមាជិកអាស៊ានទាំង១០ តែងតែមានការខ្វែងគំនិតគ្នា ឬមិនស្រុះស្រួលគ្នាលើបញ្ហាជាច្រើនរួមមានទាំងបញ្ហាទីផ្សារស្បៀងអាហារជាដើម។
ក្នុងពិធីបិទសន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី១៧ ស្តីពី «សណ្តាប់ធ្នាប់ពិភពលោកថ្មី៖ ការប្រជែងសមាហរណកម្ម និងពហុប៉ូល» នៅព្រលប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ លោកបណ្ឌិត សុខ ទូច បានលើកគំនិតយ៉ាងដូច្នេះថា៖ «អាស៊ាន គួរតែមានទីផ្សារស្បៀងមួយសម្រាប់អាស៊ាន ខណៈនយោបាយអត់រួមគ្នា វប្បធម៌ក៏អត់រួមគ្នា ភាសាក៏អត់រួមគ្នា អញ្ចឹងគួរតែរួមស្អីមួយ គឺស្បៀងនេះឯង ដើរតួនាទីសំខាន់ណាស់ព្រោះអាស៊ានគួរតែមានស្បៀងមួយសម្រាប់អួតគេ ដើម្បីឱ្យគេមក»។
បន្ថែមពីនេះ លោកបណ្ឌិតបានគូសបញ្ជាក់ថា បញ្ហាបច្ចុប្បន្ននេះ មហាអំណាចប្រកួតគ្នា គឺពួកមហាអំណាចបានយកតំបន់អាស៊ាន ធ្វើជាកូនក្រមុំ ប៉ុន្តែផលប្រយោជន៍អាស៊ានផ្សេងគ្នា។ ត្រង់ចំណុចនេះ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ថា សូមតែប្រទេសសមាជិកអាស៊ានទាំង១០ប្រទេស គឺមានទីផ្សារលក់អង្ករតម្លៃផ្សេងគ្នា ឬតម្លៃកសិផលដទៃទៀត គឺមានតែងតែមានតម្លៃផ្សេងៗគ្នាទាំងអស់។
«អាស៊ាន គួរតែមានអ្វីមួយដែលដូចគ្នា ដើម្បីកុំឱ្យពួកមហាអំណាចយកលុយ ឬដាក់យីហោ ធ្វើឱ្យយើងឈ្លោះគ្នាក្នុងអាស៊ាន»។ នេះជាការលើកឡើងបន្ថែមរបស់បណ្ឌិត សុខ ទូច។
ទន្ទឹមនឹងនេះដែរ លោកបណ្ឌិត សុខ ទូច ក៏បានផ្តល់យោបល់ថា ប្រទេសកម្ពុជា, ថៃ និងវៀតណាម រួមគ្នាបង្កើតទីផ្សាររួមជាមួយគ្នាដើម្បីនាំចេញផ្លែតាង៉ែន ដំឡូវ ស្រូវ ដើម្បីឱ្យមានកម្លាំងខាងនយោបាយស្បៀងអាស៊ាន ខណៈស្បៀងគឺដើរតួរនាទីសំខាន់ខ្លាំងណាស់ សម្រាប់មនុស្សជាតិ៕