(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា នឹងដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមក្នុងកិច្ចពិគ្រោះយោបល់ក្រៅផ្លូវការ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងបាងកក ប្រទេសថៃ។
ការចូលរួមកិច្ចប្រជុំក្រៅផ្លូវការនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ លោក ដន ប្រាម៉ាត់វីណៃ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសថៃ។ នេះបើតាមការប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ក្រសួងការបរទេស បានបញ្ជាក់ថា៖ «ក្នុងអំឡុងពេលនៃកិច្ចពិគ្រោះយោបល់ក្រៅផ្លូវការនេះ អ្នកចូលរួមរំពឹងថានឹងមានការពិភាក្សាដោយត្រង់ទៅត្រង់មក និងប្រកបដោយភាពស្មោះត្រង់ លើមធ្យោបាយដើម្បីពន្លឿនវឌ្ឍនភាពក្នុងការអនុវត្ត ការព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចស្តីពីមីយ៉ាន់ម៉ា»។
បើតាម លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា ដែលតាមដានរាល់ព្រឹត្តិការណ៍អាស៊ាន បានបង្ហើបថា រឿងរ៉ាវភូមានៅវិលវល់មិនទាន់ទៅណានៅឡើយ ធ្វើឱ្យប្រទេសថៃរួមគ្នាជាមួយកម្ពុជា រៀបចំកិច្ចប្រជុំបន្ទាន់ថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ានដើម្បីស្តាប់ការពន្យល់ដោយផ្ទាល់ពីរដ្ឋមន្រ្តីការបរទេសភូមា ដែលត្រូវធ្វើឡើងនៅទីក្រុងបាងកកលើកនេះ។ ប្រទេសដែនកោះចំនួន៥ បានពហិការមិនចូលរួមទេ ក្នុងនោះរួមទាំងប្រទេសឥណ្ឌូនេស៊ី ដែលជាប្រធានអាស៊ានថ្មីសម្រាប់ឆ្នាំ២០២៣ ផង។
មីយ៉ាន់ម៉ា បានធ្វើឱ្យមានវឌ្ឍនភាពតិចតួចប៉ុណ្ណោះ សម្រាប់កិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច ដែលដាក់ចេញកាលពីឆ្នាំ២០២១។ ការអនុវត្តតិចតួចនេះ បានធ្វើឱ្យមេដឹកនាំនយោបាយមីយ៉ាន់ម៉ា មិនត្រូវបានអញ្ជើញឱ្យចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងកិច្ចប្រជុំកំពូលអាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះឡើយ៕