(ភ្នំពេញ)៖ នៅសាលប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែធ្នូ ឆ្នាំ២០២២ មានបើកកិច្ចប្រជុំក្រោមអធិបតីភាពលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យសម្រេចលើយោបល់ របស់ភាគីពាក់ព័ន្ធទាក់ទងនឹងសេចក្ដីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ឯកសារពាក់ព័ន្ធសម្រាប់ការប្រឡងជ្រើសរើសសមាសភាពគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ និងការដាក់ឱ្យអ្នករាជការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (អ.គ.ជ.ប) ចូលនិវត្តន៍នៅឆ្នាំ២០២៣។
ពាក់ព័ន្ធនឹងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ គ.ជ.ប បានពិនិត្យគ្រប់អនុសាសន៍របស់ភាគីពាក់ព័ន្ធ ដែលបានផ្តល់យោបល់មកឱ្យ គ.ជ.ប។
បន្ទាប់ពីបានពិភាក្សាគ្នាយ៉ាងល្អិតល្អន់ ដោយឈរលើគោលការណ៍ច្បាប់ជាធរមាន រួមនឹងបទពិសោធន៍ក្នុងការបោះឆ្នោតកន្លងមក អនុសាសន៍មួយចំនួនត្រូវបាន គ.ជ.ប សម្រេចទទួលយក និងមួយចំនួនទៀតមិនទទួលយក។ អង្គប្រជុំ គ.ជ.ប សម្រេចឱ្យ លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប កែសម្រួលតាមស្មារតីនៃអង្គប្រជុំ និងឆ្លើយតបជាលាយលក្ខណ៍អក្សរទៅភាគីទាំងនោះវិញ ដោយត្រូវបញ្ជាក់ហេតុផលច្បាស់លាស់ ទាំងអនុសាសន៍ទទួលយក និងមិនទទួលយក។
អង្គប្រជុំ គ.ជ.ប ក៏បានពិនិត្យ និងឯកភាពលើឯកសារដែលត្រូវប្រើប្រាស់ក្នុងការជ្រើសរើសសមាសភាពគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ចំនួន ១៧៥ រូប ដែលជាមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី សម្រាប់ ២៥ រាជធានី ខេត្ត។
សមាសភាពគណៈកម្មការរៀបចំការបោះឆ្នោត ដែលត្រូវជ្រើសរើសសម្រាប់រាជធានី ខេត្តនីមួយៗ មានចំនួន ៧ រូប ដែលមានមុខតំណែងដូចខាងក្រោម៖
១៖ ប្រធានគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត ០១ រូប
២៖ អនុប្រធានគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត ០១ រូប
៣៖ សមាជិកទទួលបន្ទុកផ្នែករដ្ឋបាល ០១ រូប
៤៖ សមាជិកទទួលបន្ទុកផ្នែកហិរញ្ញវត្ថុ ០១ រូប
៥៖ សមាជិកទទួលបន្ទុកផ្នែកប្រតិបត្តិការបោះឆ្នោត និងបច្ចេកទេស ០១ រូប
៦៖ សមាជិកទទួលបន្ទុកផ្នែកសេវាកម្មច្បាប់ វិវាទកម្ម និងសន្តិសុខបោះឆ្នោត ០១ រូប
៧៖ សមាជិកទទួលបន្ទុកផ្នែកអប់រំ ព័ត៌មាន និងទំនាក់ទំនងសាធារណៈ ០១ រូប។
តាមប្រតិទិននៃការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លីខាងលើនេះ នឹងត្រូវធ្វើការផ្សព្វផ្សាយជ្រើសរើសនៅដើមខែមករា ឆ្នាំ២០២៣ ខាងមុខនេះ។
អង្គប្រជុំ គ.ជ.ប ក៏បានសម្រេចដាក់អ្នករាជការ គ.ជ.ប ចំនួន ៤៣ (សែសិបបី) នាក់ ចូលនិវត្តន៍នៅដើមខែកុម្ភៈ ឆ្នាំ២០២៣។
ជាចុងក្រោយ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានណែនាំដល់អង្គភាពជំនាញឱ្យយកចិត្តទុកដាក់ដល់ការបណ្តុះបណ្តាល និងអប់រំដល់មន្ត្រីបោះឆ្នោត ក្នុងការអនុវត្តបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព ជាពិសេសមន្ត្រីការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត៕