(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាល្ងាចថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២នេះ បានលិខិតអបអរសាទរ ជូនចំពោះសិស្សានុសិស្សដែលទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២១-២០២២ និងបានអំពាវនាវដល់សិស្សានុសិស្សទាំងអស់ពិចារណាជ្រើសរើសសិក្សាជំនាញពាក់ព័ន្ធនឹងបច្ចេកវិទ្យាឌីជីថល។
ក្នុងសាលិខិតនេះលោក ជា វ៉ាន់ដេត បានឱ្យដឹងដូចនេះថា «សូមអំពាវនាវដល់ក្មួយៗទាំងអស់ ពិចារណាជ្រើសរើសសិក្សាជំនាញពាក់ព័ន្ធនឹងបច្ចេកវិទ្យាឌីជីថលដូចជា វិទ្យាសាស្ត្រកុំព្យូទ័រ (Computer Science) ទូរគមនាគមន៍និងបណ្តាញ (Telecoms and Networking) បច្ចេកវិទ្យាក្លោដ (Cloud Computing) ការអភិវឌ្ឍសុសវែរ (Software Development) វិទ្យាសាស្ត្រទិន្នន័យ (Data Science) សន្តិសុខសាយប័រ (Cybersecurity) បច្ចេកវិទ្យាប្លុកឆេន (Blockchain) បច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) បច្ចេកវិទ្យាបញ្ញាសប្បនិមិត្ត (AI) និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce)ជាដើម»។
លោក ជា វ៉ាន់ដេត បានឱ្យដឹងទៀតថា ការជ្រើសរើសជំនាញទាំងនេះនឹងជួយឱ្យក្មួយៗអាចទទួលបានប្រាក់បៀវត្សខ្ពស់ មានទីផ្សារការងារ មានឱកាសបើកអាជីវកម្មដោយខ្លួនឯង និងអាចចូលរួមចំណែកលើកស្ទួយនិងអភិវឌ្ឍប្រទេសជាតិ ជាពិសេសមុខជំនាញទាំងនេះមានការផ្តល់អាហារូបករណ៍ជាច្រើន រួមទាំងកម្មវិធីអាហារូបករណ៍អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ។
លោកបានបន្តថា កន្លងមកអាហារូបករណ៍នេះបានប្រព្រឹត្តទៅយ៉ាងល្អប្រសើរ ដោយទទួលបានសិស្សចំនួន ២៥០នាក់ ជ្រើសរើសចេញពីសិស្សឆ្នើមទូទាំងប្រទេស។ ក្នុងឆ្នាំសិក្សាថ្មីនេះ អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ បានបន្តផ្តល់អាហារូបករណ៍សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល ដោយបង្កើនចំនួនរហូតដល់ ៥០០កន្លែង នៅគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជនចំនួន៤ រួមមាន៖ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) និងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ជាដើម ដែលប្អូនៗអាចដាក់ពាក្យស្នើសុំអាហារូបករណ៍តាមរយៈតំណភ្ជាប់ www.cadt.edu.kh/scholarship។
លោក ជា វ៉ាន់ដេត ក៏បានបង្ហាញក្តីសង្ឃឹមជឿជាក់យ៉ាងមុតមាំថា សិស្សានុសិស្ស នឹងជ្រើសរើសជំនាញខាងលើ ហើយខិតខំប្រឹងប្រែងរៀនសូត្រ អភិវឌ្ឍចំណេះដឹងរបស់ខ្លួន ដើម្បីចូលរួមចំណែកអភិវឌ្ឍកម្ពុជាឆ្ពោះទៅសម្រេចបានចក្ខុវិស័យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕