(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹង អំពីការដោះលែង លោក គ្រី ម៉ះផល ប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះនៃរដ្ឋបាលព្រៃឈើ ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន ពីសំណាក់តុលាការសហរដ្ឋអាមេរិក។
ក្រសួងកសិកម្មបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២នេះ ត្រូវនឹងល្ងាចថ្ងៃទី២៧ ខែធ្នូ ម៉ោងនៅសហរដ្ឋអាមេរិក លោក គ្រី ម៉ះផល ត្រូវបានដោះលែងឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន បន្ទាប់ពីបានឆ្លងកាត់ការតស៊ូតាមផ្លូវច្បាប់ដ៏ស្វិតស្វាញ ដោយមានមេធាវីអាមេរិកចំនួន២រូបជួយការពារក្តី នៅតុលាការអាមេរិក តាមរយៈការផ្តល់ការជួយជ្រោមជ្រែងចាំបាច់ និងទាន់ពេលវេលា ពីស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងរាជរដ្ឋាភិបាលកម្ពុជា។
ក្រសួងកសិកម្មបញ្ជាក់ថា «ការធានាបាននូវយុត្តិធម៌សម្រាប់មន្ត្រីកម្ពុជាទាំងអស់ រួមទាំងលោក គ្រី ម៉ះផល ផងដែរ ដែលជួបបញ្ហាក្នុងពេលបំពេញបេសកកម្មនៅបរទេស ដើម្បីផលប្រយោជន៍ជាតិ គឺជាកាតព្វកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា។ នេះគឺជាជំហានដ៏វិជ្ជមានមួយដែលទើបសម្រេចបាន និងជាដំណឹងដ៏រីករាយ សម្រាប់លោក ម៉ះ ផល និងក្រុមគ្រួសារ ជាពិសេសកូនៗរបស់លោក ក្រោយពីបែកគ្នា និងខកខានមិនបានទាក់ទងគ្នា អស់រយ:ពេលជាងមួយខែកន្លងមក»។
ក្រសួងបញ្ជាក់ថា «ករណីលោក ម៉ះ ផល នឹងត្រូវឆ្លងកាត់នីតិវិធីតាមផ្លូវតុលាការ ជាបន្តបន្ទាប់ទៀតនៅសហរដ្ឋអាមេរិក។ រាជរដ្ឋាភិបាលកម្ពុជានឹងបន្តផ្តល់ជំនួយផ្លូវច្បាប់ និងការគាំទ្រចាំបាច់ដល់លោក ម៉ះ ផល រហូតសំណុំរឿងនេះឈានដល់ទីបញ្ចប់ ដើម្បីស្វែងរកយុត្តិធម៌ជូនលោក»។
សូមជម្រាបថា កាលពីពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២២ លោក គ្រី ម៉ះផល ប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះនៃរដ្ឋបាលព្រៃឈើ ត្រូវបានអាជ្ញាធរអាមេរិកចាប់ខ្លួន ក្នុងពេលដែលលោកធ្វើដំណើរឆ្លងកាត់សហរដ្ឋអាមេរិក ទៅចូលរួមកិច្ចប្រជុំអនុសញ្ញាសាយតេស ( CITES) នៅប្រទេសប៉ាណាម៉ា។
លោក គ្រី ម៉ះផល ត្រូវបានចោទប្រកាន់ពីបទសមគំនិត ក្នុងការរត់ពន្ធសត្វស្វាក្តាម ទៅសហរដ្ឋអាមេរិក។
បើតាមក្រសួងកសិកម្ម សត្វស្វាក្តាម ត្រូវបានចិញ្ចឹមនៅកម្ពុជា តាំងពីឆ្នាំ២០០៥ ហើយត្រូវបាននាំចេញសម្រាប់គោលដៅវេជ្ជសាស្រ្ត ជាពិសេសសម្រាប់ដំណាក់ការធ្វើពិសោធន៍ ដើម្បីផលិតឱសថ វ៉ាក់សាំង ឬគ្រឿងសំអាង។ សត្វស្វាក្តាមដែលត្រូវបាននាំចេញទាំងនេះ មិនមែនត្រូវបានចាប់ពីព្រៃ ហើយបញ្ជូនចេញទៅក្រៅប្រទេសនោះទេ។ ចំណែកកសិដ្ឋានដែលចិញ្ចឹមសត្វស្វាក្តាមទាំងនេះទៀតសោត ទម្រាំទទួលបានការទទួលស្គាល់ផ្លូវច្បាប់ គឺសុទ្ធតែតម្រូវឱ្យគោរពតាមបទដ្ឋានអនាម័យ និងវិធីសាស្រ្តចិញ្ចឹមត្រឹមត្រូវ ដើម្បីរក្សាឱ្យបាននូវហ្សេនេទិក របស់វាមិនឱ្យផុតពូជនោះឡើយ។
ការនាំចេញសត្វស្វាក្តាម ត្រូវអនុញ្ញាតឱ្យនាំចេញ ដោយផ្អែកលើច្បាប់ និងបទបញ្ញត្តិជាតិ និងអន្តរជាតិ។ ចំពោះការនាំចូលទៅសហរដ្ឋអាមេរិក គឺត្រូវបានអនុវត្តទៅតាមនីតិវិធីរបស់សហរដ្ឋអាមេរិកផងដែរ៕