(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឲ្យគណៈប្រតិភូ កាកបាទក្រហមកម្ពុជា ដឹកនាំដោយ លោក ពិត ចំណាន សមាជិកគណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា ចូលរួមគោរពវិញ្ញាណក្ខន្ធ និងនាំយកនូវលិខិតរំលែក ទុក្ខដ៏សែនក្រៀមក្រំជាទីបំផុត របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ជូនដល់ក្រុមគ្រួសារសព លោក អ៊ិច សេង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យមេគង្គកម្ពុជា និងជាប្រធានកិត្តិយស ក្លឹបយុវជនកាកបាទក្រហមកម្ពុជា ប្រចាំសាកលវិទ្យាល័យមេគង្គកម្ពុជា ដែលបានទទួលមរណភាព កាលពីវេលាម៉ោង ៥៖៤០នាទី ល្ងាច ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅនេះ ក្នុងជន្មាយុ ៤៣ឆ្នាំ ដោយរោគាពាធ។

នៅក្នុងលិខិតចូលរួមរំលែកមរណទុក្ខនោះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានចូលរួមសម្ដែងនូវការអាឡោះអាល័យជាទីបំផុត ជាមួយលោកស្រី បុត្រា បុត្រី ព្រមទាំងក្រុម គ្រួសារទាំងអស់ ចំពោះការបាត់បង់លោក អ៊ិច សេង ជាទីគោរពស្រឡាញ់ ដែលនេះ គឺជាការបាត់បង់ ឧត្ដមស្វាមី បិតា ប្រកបដោយព្រហ្មវិហារធម៌ មានទឹកចិត្តសន្ដោស ប្រណីដ៏ថ្លៃថ្លា បូជាសព្វបែបយ៉ាងទាំង កម្លាំងកាយ ចិត្ត ដើម្បីគ្រួសារមានអនាគតរុងរឿង និងជាបញ្ញាវ័ន្តដ៏ឆ្នើមមួយរូប ដែលបាន រួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្ស នៅកម្ពុជា រួមទាំងការអភិវឌ្ឍយុវជនកាកបាទក្រហមកម្ពុជា និងបណ្ដុះបណ្ដាលឧត្ដមគតិក្នុងជួរនិសិ្សតរាប់ម៉ឺននាក់ បំផុសឲ្យមានសកម្មភាពមនុស្សធម៌ កិច្ចការសង្គមផ្សេងៗ ជាច្រើនទៀត ដើម្បីជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតរបស់យើង។  

នៅចុងបញ្ចប់ នៃលិខិតរំលែកទុក្ខនោះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោកទាំងអស់ សូមឲ្យវិញ្ញាណក្ខន្ធ ឯកឧត្ដម អ៊ិច សេង បានទៅកាន់ក្នុងសុគតិភពជានិច្ចនិរន្ត កុំបីឃ្លៀងឃ្លាតឡើយ។

ក្នុងពិធីបុណ្យសពនេះដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចូលបច្ច័យជាថវិកា និងគ្រឿងឧបភោគ-បរិភោគមួយចំនួនដល់ក្រុមគ្រួសារផងដែរ៕⁠⁠⁠⁠⁠⁠⁠