(ភ្នំពេញ)៖ មន្ត្រីរាជការ និងសមាជិក សមាជិកា កាកបាទក្រហមកម្ពុជាខណ្ឌច្បារអំពៅ រួមទាំងកម្លាំងប្រជាការពារ និងពលរដ្ឋស្ម័គ្រចិត្ត សរុបជិត១០០នាក់  នាវេលាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦នេះ បានរួបរួមគ្នាបរិច្ចាគឈាមដោយស័្មគ្រចិត្តជូនដល់មជ្ឈមណ្ឌលជាតិ ផ្តល់ឈាមកម្ពុជា ដើម្បីចូលរួមជួយដល់ជនរងគ្រោះដោយសារជម្ងឺនានា ដែលកំពុងត្រូវការឈាមដើម្បីសង្គ្រោះអាយុជីវិត ។

ពិធីបរិច្ចាគឈាមខាងលើនេះ ប្រារព្ធធ្វើឡើង ក្រោមវត្តមានលោក អ៊ាង សុីផាន អភិបាលខណ្ឌច្បារអំពៅ និងប្រធានគណៈកម្មាធិការ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ មន្ត្រីរាជការសាលាខណ្ឌ និងសមាជិកសមាជិកា អនុសាខាកាកកបាទក្រហមទាំងសង្កាត់និងខណ្ឌ ជាច្រើននាក់ផងដែរ រួមទាំង សមាជិកជិត ១០០នាក់ដែលស្ម័គ្រចិត្ត ។

នេះគឺជាលើកទី១ ដែលសាលាខណ្ឌច្បារអំពៅ បានរៀបចំកម្មវិធីបរិច្ចាគឈាម ដោយស្ម័គ្រចិត្ត ដែលមានមន្ត្រីរាជការ ចូល​រួមជិត ១០០នាក់ ហើយក៏រំពឹងថា នឹងទទួលបានប្លោកឈាម យ៉ាងតិច ណាស់​៦៥ប្លោក ។

 លោក អ៊ាង ស៊ីផាន បានថ្លែងអោយដឹងថា ការបរិច្ចាគឈាមរបស់បងប្អូននៅពេលនេះ គឺជា ការរួមចំណែក ក៏ដូចជាការចែករំលែក នូវសន្តានចិត្តដ៏ធំធេងបំផុត ក្នុងការចូលរួមបំពេញ នូវកង្វះខាតឈាមនាពេលបច្ចុប្បន្ន ដែលអ្នករងគ្រោះជាច្រើននាក់ក្នុងប្រទេសកម្ពុជា បច្ចុប្បន្ននេះ កំពុងប្រឈមយ៉ាងធ្ងន់ធ្ងរនូវកង្វះខាតឈាម ដែលជាតម្រូវការចាំបាច់ជាដាច់ខាតក្នុងការព្យាបាលនិងសង្គ្រោះដល់អាយុជីវិត របស់ពួកគាត់អោយរួចផុតពីក្តីស្លាប់ ។

លោកអភិបាលខណ្ឌ បានបន្តទៀតថា ប្រទេសកម្ពុជាយើងនាពេលបច្ចុប្បន្ន ប្រឈាមយ៉ាងខ្លាំងនូវកង្វះខាតឈាម ទៅតាមប្រភេទនៃឈាម នីមួយៗ ដោយក្នុងថ្ងៃៗ កម្ពុជាត្រូវឈាមមិនក្រោមពី ២០០ផ្លោកជាអតិប្បរិមា ដោយក្នុងនោះ សម្រាប់តែរាជធានីភ្នំពេញ គឺត្រូវការឈាម ចំនួន១៦០ផ្លោក ដើម្បីយកមកសង្គ្រោះដល់អាយុជីវិតរបស់ជនរងគ្រោះដែល ជួបប្រទះនូវគ្រោះថ្នាក់ផ្សេងៗ ហើយបណ្តាលអោយបាត់បង់ ឈាម ដូចជា គ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុណាមួយ ឬ ជម្ងឺលើសឈាម ឈាមសស៊ីឈាមក្រហម និងជម្ងឺរុំារៃផ្សេងៗជាច្រើនទៀត ដែលអាចបណ្តាលអោយជនរងគ្រោះបាត់បង់ឈាម ឬ ត្រូវការផ្លាស់ប្តូរឈាមចេញ ជាដើម ។

លោកអភិបាលខណ្ឌបន្តថា ទង្វើនេះបានបង្ហាញយ៉ាងច្បាស់ នូវឆន្ទៈសាមគ្គីភាពរបស់យុវជនខ្មែរជំនាន់ថ្មី ដើម្បីលើកកម្ពស់នូវសកម្មភាព មនុស្សធម៌ ក្នុងសង្គមតាម ការបរិច្ចាគឈាម ក៏ជាការគាំទ្រផងដែរ ដល់យុទ្ធនាការរបស់មជ្ឈមណ្ឌលជាតិផ្តល់ឈាមដែលតែងតែយកចិត្ត ទុកដាក់ក្នុង​ការលប់បំបាត់ ការស្លាប់ របស់ប្រជាជនកម្ពុជា ដោយសារកង្វះឈាម ។ ជាមួយគ្នានេះ លោក អភិបាល ក៏បានថ្លែងអំណរគុណ ដល់មន្ត្រីរាជការសាលាខណ្ឌ យុវជនខណ្ឌ និងក្រុមសន្តិសុខសាលាខណ្ឌទាំងអស់ ដែលបានចូលរួមបរិច្ចាគឈាមនេះគឺពិតជាប្រសើរ ណាស់ ព្រោះស្តុកឈាមរបស់យើង ក៏កំពុងតែត្រូវការប្លោកឈាម ដើម្បីបំពេញបន្ថែមសម្រាប់ការផ្គត់ផ្គង់ ដល់តម្រូវការដែលមានការកើន ឡើងជារៀងរាល់ថ្ងៃ។ ទង្វើនេះមិនត្រឹមតែអាចបង្កើនចំនួនស្តុកឈាម ដើម្បីជួយសង្គ្រោះជីវិតប៉ុណ្ណោះទេ ក៏ជាយុទ្ធនាការផ្សព្វផ្សាយ ដើម្បីជាការយល់ដឹងយ៉ាងប្រសើរ ពីការបរិច្ចាគឈាមដោយសុវត្ថិភាព ដល់ពលរដ្ឋខ្មែរទូទៅផងដែរ។

មន្ត្រីបច្ចេកទេសក្រសួងសុខាភិបាល បានថ្លែងប្រាប់ទៅកាន់បងប្អូនដែលស្ម័គ្រចិត្តផ្តល់ឈាមនៅពេលនេះថា ការបរិច្ចាគឈាមនេះគឺវា មិនមានប៉ះពាល់អ្វីធ្ងន់ធ្ងរដល់សុខភាពរបស់បងប្អូននោះទេ ព្រោះមុនពេលគ្រូពេទ្យធ្វើការបូមឈាមរបស់បងប្អូនគឺក្រុមគ្រូពេទ្យបានពិនិត្យ មើលយ៉ាងច្បាស់លាស់ពីសុខភាពរបស់បងប្អូន ថាតើអាចធ្វើការបូមបាន ឬមិនបាន ដូច្នេះហើយ ក្រោយពេលបរិច្ចាគឈាមហើយនោះ សូមបងប្អូនញុំាទឹកអោយបានច្រើន បន្ថែមចំណីអាហារបន្តិចបន្តួច និងសម្រាកក្នុងរយៈពេលគួរសម នោះសុខភាពនឹងវិលត្រឡប់មករក សភាពដើមវិញ មិនមានអ្វីខុសប្រក្រីតីនោះទេ ៕