(ភ្នំពេញ)៖ រយៈពេល ៦ខែឆ្នាំ២០១៦នេះ គ្រោះធម្មជាតិរន្ទះបាញ់ បានបាញ់សម្លាប់ប្រជាពលរដ្ឋ ៧០នាក់ និង ២១៨នាក់ បានរងរបួស ក្នុងនោះផ្ទះ ៧ពាន់ខ្នងផងដែរ បានរងការខូចខាត​ដោយសារ​ឥទ្ធិពលខ្យល់កន្ត្រាក់។ នេះបើយោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រង់គ្រោះមហន្ដរាយ ដែលបានបង្ហាញនៅក្នុងកិច្ចប្រជុំបូកសរុបការងារនាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦នេះ។

យោងតាមរបាយការណ៍ បានឲ្យដឹងថា ផ្ទះ ដែលរងការខូចខាតនេះ មាន ១៣០០ខ្នង បានដួលរលំ និង ៥៧០០ខ្នងទៀតរបើកដំបូល ហើយសាលារៀន ៤០ខ្នង ក៏បានរងការខូចខាតផងដែរ។

ក្នុងកិច្ចប្រជុំបូកសរុបការងារនោះ លោកទេសរដ្ឋមន្រ្តី ញឹម វណ្ណដា អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក៏បានបង្ហាញនូវក្តីព្រួយ​បារម្ភទៅ​បញ្ហាប​ម្រែបម្រួលអាកាសធាតុ ដែលកំពុងធ្វើឲ្យប៉ះពាល់ដល់ការបង្កបង្កើនផលរបស់ប្រជាពលរដ្ឋ។

បើតាមលោក ញឹម វណ្ណដា ស្ថានភាពអាកាសធាតុមានការខុសប្លែកជាងបណ្តាឆ្នាំកន្លងទៅ ដោយមានគ្រោះរាំងស្ងួត​អូសបន្លាយពេលយូរ។ លោកទេសរដ្ឋមន្រ្ដី បានបញ្ជាក់ថា រហូតមកដល់ពេលនេះ ទូទាំងប្រទេសកម្ពុជា ការសាបព្រោះដំណាំស្រូវបានប្រមាណ ៤៥ភាគរយ ហើយកន្លែងខ្លះ ក៏នៅមិនទាន់មានភ្លៀងគ្រប់គ្រាន់នៅឡើយ ដែលធ្វើឱ្យការងារភ្ជួររាស់​សាបព្រោះរបស់ប្រជាកសិករ​មាន​ភាពយឺតយ៉ាវ។

លោកទេសរដ្ឋមន្ដ្រី ក៏បានថ្លែងឲ្យដឹងពីយុទ្ធនាការក្នុងការជួយដោះស្រាយគ្រោះរាំងស្ងួតជូនប្រជាពលរដ្ឋផងដែរ។ លោកទេសរដ្ឋមន្រ្តីបានឲ្យ បន្ដថា ក្នុងយុទ្ធនាការដោះស្រាយគ្រោះរាំងស្ងួតនេះ មាន​អណ្តូងប្រមាណ ១០០០អណ្តូងត្រូវបានស្តារ និងជីកថ្មី ហើយស្រះខ្នាតធំៗ ដែលមានទំហំ ១០០ម៉ែត្រ គុណ៥០ម៉ែត្រ ប្រមាណ ៣០០ស្រះត្រូវបានជីកថ្មី។ លោកទេសរដ្ឋមន្រ្តី បានឲ្យដឹងថា ស្រះប្រឡាយមិនទាន់មានទឹកនៅឡើយទេ ដោយសារទឹកភ្លៀងដើមឆ្នាំនេះ ធ្លាក់មិនទាន់បានល្អ។

លោកទេសរដ្ឋមន្ដ្រី ញឹម វណ្ណដា បានលើកឡើងថា ការប្រែប្រួលអាកាសធាតុ បានក្លាយទៅជាក្តីព្រួយបារម្ភមួយសម្រាប់កម្ពុជា ក៏ដូចជាពិភពលោក។ បច្ចុប្បន្នលោក បានណែនាំដល់មន្រ្ដី​ជំនាញពាក់ព័ន្ធ​ទាំងអស់ យកចិត្តទុកដាក់លើការងារតាមដានសភាពការណ៍គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ការងារបង្កបង្កើនផល ហើយត្រូវសហការជាមួយក្រសួងជំនាញ ចុះជួយប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ជាពិសេសត្រៀមលក្ខណៈសម្បត្តិឲ្យបានល្អ ទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ពេលមានបញ្ហាអីកើតឡើងជួយដោះស្រាយឲ្យទាន់ពេលវេលា៕