(សៀមរាប)៖ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ក្រសួងកំពុងសិក្សាសាងសង់ផ្លូវ មួយខ្សែភ្ជាប់ពីខេត្តសៀមរាប ទៅខេត្តបាត់ដំបង ដើម្បីសម្រួលការធ្វើដំណើរប្រជាពលរដ្ឋ ក៏ដូចជាជំរុញការភ្ជាប់វិស័យទេសចរណ៍រវាងខេត្ត សៀមរាប និងខេត្តបាត់ដំបងផងដែរ។

ក្នុងបទសម្ភាសន៍ក្រោមដំណក់ភ្លៀង បន្ទាប់ពីដើរពិនិត្យការអ៊ុតគំនូសតាមដងវិថី ក្នុងក្រុងសៀមរាប នៅយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦នេះលោក ស៊ុន ចាន់ថុល បានឲ្យដឹងថា បច្ចុប្បន្នសម្រាប់ប្រជាពលរដ្ឋ ដែលចង់ធ្វើដំណើរពីខេត្តសៀមរាប ទៅខេត្តបាត់ដំបង ត្រូវធ្វើដំណើរវាងតាមខេត្តបន្ទាយមានជ័យ ដែលនាំឲ្យចំណាយពេលច្រើន។ ដូច្នេះក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងសិក្សាសាងសង់ផ្លូវមួយខ្សែទៀត ពីខេត្តសៀមរាប ទៅបាត់ដំបង ដែលមានចម្ងាយប្រមាន ៨០គីឡូម៉ែត្រ។

លោកទេសរដ្ឋមន្រ្តី បានឲ្យដឹងថា បើផ្លូវនេះលេចចេញជារូបរាង នឹងធ្វើឲ្យការធ្វើដំណើរចំណេញជិត ១០០គីឡូម៉ែត្រ។ មិនតែប៉ុណ្ណោះ ការសាងសង់ផ្លូវនេះ ក៏ជួយតភ្ជាប់តំបន់ទេសចរណ៍ក្នុងខេត្តសៀមរាប ទៅតំបន់ទេសចរណ៍ក្នុងខេត្តបាត់ដំបងផងដែរ។

លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា លោកកំពុងសិក្សាលើគម្រោងសាងសង់ផ្លូវនេះ ហើយពេលសិក្សាចប់ក្រសួង នឹងស្នើទៅរាជរដ្ឋាភិបាល រកថវិកាសាងសង់៕