(ភ្នំពេញ)៖ ​មន្ត្រីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបញ្ជាក់ប្រាប់ Fresh News នៅព្រឹកព្រលឹមថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦នេះថា ការជួសជុលទុយោទឹកទំហំ២៥០មីល្លីម៉ែត្រ ដែលបែកធ្លាយកាលពីម្សិលមិញ ក្នុងទីតាំងដីទំនេរ ស្ថិតខាងត្បូងស្តាតអូរឡាំពិក ជាប់ស្ថានីយប្រេងឥន្ធនៈ Total មន្ត្រីរដ្ឋាករទឹក បានបញ្ចប់ការជួសជុលរួចរាល់ហើយ នៅម៉ោង៤ព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦នេះ អាចឲ្យបងប្អូនប្រើប្រាស់ទឹកបានដូចធម្មតាវិញ។

ជាមួយគ្នានេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក៏បានសូមការអធ្យាស្រ័យ ចំពោះបងប្អូនប្រជាពលរដ្ឋ ប្រសិនបើការបើកឲ្យមានទឹកប្រើប្រាស់វិញនេះ ទឹកមានភាពល្អក់ ឬទឹកខ្សោយនោះ។

សូមជម្រាបថា បន្ទាប់ពីមានការបែកធ្លាយទុយោទឹក នៅតំបន់ខាងលើនេះ មន្ត្រីរដ្ឋាករទឹក បានជួលជុលឡើងវិញ នៅម៉ោងប្រមាណ១០យប់ថ្ងៃទី២២ ខែមិថុនា រហូតបញ្ចប់នៅម៉ោង៤ព្រឹកថ្ងៃទី២៣ ខែមិថុនានេះ៕