(សេអ៊ូល)៖ មេដឹកនាំកំពូលផុតលេខរបស់កូរ៉េខាងជើងលោក គីម ជុងអ៊ុន បានបង្ហាញចំណាប់អារម្មណ៍ ក្រោយពីប្រទេសរបស់លោក ធ្វើតេស្តសាកល្បងបាញ់គ្រាប់មីស៊ីល រយៈចម្ងាយមធ្យមប្រកប​ដោយជោគជ័យនោះថា «គ្រាប់មីស៊ីលផ្លោងរយៈចម្ងាយមធ្យម ដែលប្រទេសយើងបានផលិត» បង្ហាញច្បាស់ថាឥឡូវនេះយើងមាន សមត្ថភាពអាចវាយប្រហារទឹកដីនានារបស់អាមេរិក នៅតំបន់ប៉ាស៊ីហ្វិកបាន។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយ Channel News Asia នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមិថុនា ឆ្នាំ២០១៦។

មន្ត្រីយោធាកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានថ្លែងបន្ទាប់ពីការបាញ់សាកល្បងគ្រាប់មីស៊ីល របស់កូរ៉េខាងជើង នោះថា តាមពិតទៅមីស៊ីលទាំងពីរគ្រាប់ ដែលកូរ៉េខាងជើងបានបាញ់ ដែលទីមួយបានទទួលបរាជ័យ និងលើកទីពីរ ទទួលបានជោគជ័យនោះ គឺជាប្រភេទរយៈចម្ងាយជិត តែដាក់ឈ្មោះថា Musudan ដ៏មានឥទ្ធិពល។ ទោះបីជាកូរ៉េខាងជើងអះអាងថា លើកចុងក្រោយ បានទទួលជោគជ័យក្តី ក៏យោធាអាមេរិក និងកូរ៉េ​ខាងត្បូង បានបកអាក្រាតថា កូរ៉េខាងជើងបានទទួលបរាជ័យទៅវិញទេក្នុងការបាញ់ ទាំងពីរលើកកាលពីថ្ងៃពុធ ម្សិលមិញ។

គួរបញ្ជាក់តាម របាយការណ៍ពីក្រសួងការពារជាតិកូរ៉េខាងត្បូងថា ការបាញ់មីស៊ីលលើកទីពីរក្នុងថ្ងៃតែមួយ ដែលកូរ៉េខាង ជើង អះអាងថាបានទទួលជោគជ័យនោះ គឺហោះបានរយៈចម្ងាយ ៤០០ គីឡូម៉ែត្រ រួចក៏ធ្លាក់ចូលទៅក្នុងទឹកសមុទ្រ។ យ៉ាងណាក៏ដោយ សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានចេញផ្សាយថា ខ្លួនបានធ្វើតេស្តសាកល្បងនេះ ដោយទទួលបានជោគជ័យធំធេង ហើយថែមទាំងមិនបានបង្កការគំរាមកំហែងណាមួយ ដល់ប្រទេសជិតខាងនោះឡើយ៕