(ក្រចេះ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៣នេះ បានបង្ហាញនូវក្តីរីករាយក្នុងឱកាសឆ្នាំថ្មី ឆ្នាំ២០២៣ ដោយប្រកាសពីការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់កម្ពុជាថា សម្រេចបានអត្រារហូតដល់ ៥.៥ភាគរយ នៅឆ្នាំ២០២២ ជាមួយនឹងប្រាក់ចំណូលជាតិ បានពីចំណូលសារពើពន្ធ ដែលមានពន្ធដារ និងគយ ប្រមូលបាន ១២៧ភាគរយ (លើសផែនការ ២៧%) ស្មើនឹងទឹកប្រាក់សរុបចំនួន ៦១៤៥លានដុល្លារ។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ចំណូលដែលរកបានជាង៦ពាន់លានដុល្លារនេះ គ្រាន់តែជាចំណូលសារពើពន្ធប៉ុណ្ណោះ មិនទាន់គិតដល់ចំណូលមិនមែនសារពើពន្ធផ្សេងទៀតនោះទេ ដូចជាចំណូលបានពីទិដ្ឋាការភ្ញៀវទេសចរ ចំណូលវិស័យរ៉ែ ជាដើម។
សម្តេចបានបន្ថែមថា លទ្ធផលប្រមូលចំណូលនេះ បានធ្វើឲ្យកម្ពុជាសម្រេចបានអតិរេកថវិកាចរន្ត [ចំណូលច្រើនជាងចំណាយ] ត្រឡប់មកវិញ បន្ទាប់ពីវិបត្តិកូវីដ១៩ ដែលធ្វើឲ្យរាជរដ្ឋាភិបាលត្រូវចំណាយច្រើន។
ការថ្លែងរបស់សម្តេចតេជោ ធ្វើឡើងក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ នាព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «សប្បាយរីករាយនៅក្នុងឆ្នាំថ្មី ! ឥឡូវសេដ្ឋកិច្ចកំពុងងើបជាមួយនឹងអត្រា ៥.៥% នៅឆ្នាំ២០២២ នឹងជាមួយថវិកាជាតិដែលប្រមូលបាន រហូតទៅដល់១២៧% ជាមួយនឹងប្រាក់ចំណូលផ្នែកគយ ២៦៩០លានដុល្លារ ស្មើនឹង១០៤.៩៤% ឯផ្នែកពន្ធដារ ៣៤៥៥លានដុល្លារ ស្មើនឹង១២២.៥៤% បូកសរុបយើងប្រមូលបានចំណូលសារពើពន្ធទាំងគយ និងពន្ធដារ ៦១៤៥លានដុល្លារ ដោយមិនទាន់គិតចំណូលមិនមែនសារពើពន្ធ អាចនិយាយបានថាកម្ពុជាបានត្រឡប់មកមាន អតិរេកថវិកាចរន្តសារជាថ្មី បន្ទាប់ពីកូវីដ»។
សម្រាប់ឆ្នាំថ្មី ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានរំពឹងទុកថា កម្ពុជានឹងមានអតិរេកថវិកាចរន្តបន្តទៀត ក្នុងនោះប្រសិនបើភ្ញៀទេសចរចិន ដែលគ្រោងបើករបស់ខ្លួនឡើងវិញ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ខាងមុខ ហើយពួកគេមកកាន់កម្ពុជា នឹងធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា មានការរីកលូតលាស់កាន់តែខ្លាំង។
សូមជម្រាបថា នៅឆ្នាំ២០២៣ រាជរដ្ឋាភិបាលរំពឹងថាសេដ្ឋកិច្ចកម្ពុជា នឹងមានកំណើន ៦.៦% ហើយផលិតផលក្នុងស្រុកសរុប (ផសស) សម្រាប់មនុស្សម្នាក់ ត្រូវបានរំពឹងថានឹងពីឡើងដល់ ១ ៩២៤ដុល្លារ ធៀបនឹង ១ ឮ៧៨៥ដុល្លារ ក្នុងឆ្នាំ២០២២។
ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន កម្ពុជាទទួលបានជោគជ័យដ៏ត្រចះត្រចង់ ក្នុងការប្រយុទ្ធនឹងការរីករាលដាល់នៃជំងឺកូវីដ១៩ និងការគ្រប់គ្រងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ១៩ ទាំងការការពារសុខភាពសាធារណៈ ការរក្សាលំនឹងសង្គម សេដ្ឋកិច្ច និងការធានាទ្រទ្រង់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ដែលអនុញ្ញាតឲ្យកម្ពុជា បើកប្រទេសឡើងវិញ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២១ និងបានធ្វើឲ្យសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ចាប់ផ្តើមវិលត្រឡប់មកប្រកតីភាពវិញ៕