(វ៉ាស៊ីនតោន)៖ តុលាការជាន់ខ្ពស់របស់សហរដ្ឋអាមេរិក បានរារាំងផែនការសកម្មភាពគ្រប់គ្រងជន អន្តោប្រវេសន៍របស់ប្រធានាធិបតីលោក បារ៉ាក់ អូបាម៉ា ដែលការសម្រេចចិត្តនេះមានន័យរដ្ឋមួយចំនួនដែលជំទាស់ទៅនឹងផែនការរបស់លោកពីមុនមក ដូចជារដ្ឋតិចសាស់ជាដើម បានទទួលជោគជ័យ ចំពោះការរារាំងការនិរទេសជនអន្តោប្រវេសន៍ខុសច្បាប់រាប់លាននាក់ត្រឡប់ទៅវិញ នេះបើតាមការចេញផ្សាយដោយ Fox News នាយប់ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមិថុនា ឆ្នាំ២០១៦។

ចំពោះសេចក្តីសម្រេចរបស់តុលាការកំពូល តែមួយប្រយោគនៅថ្ងៃព្រហស្បតិ៍នេះ វាមិនខុសអ្វីទៅនឹងការបំផ្លាញចោលនូវផែនការរបស់លោក បារ៉ាក់ អូបាម៉ា ដែលខិតខំរៀបចំយ៉ាងស្អាតបាត នៅអំឡុងអាណត្តិនៃការកាន់អំណាចរបស់លោកនោះទេ។ នៅក្នុងសេចក្តីសម្រេចរបស់តុលាការកំពូល ដែលបានធ្វើឡើងនៅទីក្រុង New Orleans នោះបានសរសេរថា រដ្ឋបាលលោក អូបាម៉ា មានភាពខ្វះខាតក្នុងការការពារជនអន្តោប្រវេសន៍ជាង៤លាននាក់ ពីការនិរទេសនិងមិនអាចធ្វើឲ្យពួកគេមាន សិទ្ធិបម្រើការងារ ដោយគ្មានការទទួលយល់ព្រមពីសភា។

គួរបញ្ជាក់ថា រដ្ឋតិចសាស់គឺរដ្ឋនាំមុខគេក្នុងចំណោមរដ្ឋដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ ទាំង២៦ នៅទូទាំងសហរដ្ឋអាមេរិក ដែលមានការជំទាស់យ៉ាងខ្លាំងទៅនឹងផែនការរបស់លោក បារ៉ាក់ អូបាម៉ា ដែលបានប្រកាសចេញកាលពីខែវិច្ឆិកា ឆ្នាំ២០១៤ កន្លងទៅនេះ។ បន្ថែមពីនេះ សមាជិករដ្ឋសភាទាំងអស់របស់គណបក្សសាធារណរដ្ឋ ក៏បានគាំទ្រនូវបណ្តឹងរបស់បណ្តារដ្ឋទាំងនោះ ប្រឆាំងនឹងផែនការរបស់លោកប្រធានាធិបតីផងដែរ៕