(ភ្នំពេញ)៖ នេះជាលើកទីមួយហើយដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានល្មើសច្បាប់ចរាចរណ៍ផ្លូវគោក ពីបទបើកបរម៉ូតូ មិនពាក់មួកសុវត្ថិភាព។ ទន្ទឹមនឹងការល្មើសច្បាប់នេះដែរ សម្តេចតេជោ ហ៊ុន សែន បានចេញមុខទទួលខុសត្រូវ ដោយបានអញ្ជើញទៅបង់ប្រាក់ពិន័យ ចំពោះការជិះម៉ូតូ ដោយមិនពាក់មួកសុវត្ថិភាព នៅប៉ុស្តិ៍នគរបាលសង្កាត់ចតុមុខ ខណ្ឌដូនពេញ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦នេះ។

ទោះបីជាការល្មើសច្បាប់នេះ មិនស្ថិតនៅក្នុងកំរិតមួយធ្ងន់ធ្ងរ តែអាចចាត់ទុកថា សម្តេចតេជោ ហ៊ុន សែន បានល្មើសច្បាប់ចរាចរណ៍ផ្លូវគោក ដែលបានចែងថា រាល់អ្នកបើកបរម៉ូតូ​នៅលើដងផ្លូវទាំងអស់ ត្រូវពាក់មួកសុវត្ថិភាពឲ្យបានគ្រប់ៗគ្នា។ ប៉ុន្តែជាភាពទទួលខុសត្រូវសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអញ្ជើញទៅបង់ប្រាក់ពិន័យ តាមការកំណត់ក្នុងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី។

ភាពទទួលខុសត្រូវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជានាពេលនេះ «ជាគំរូដ៏ល្អមួយសម្រាប់អ្នកមានអំណាចដទៃទៀត ដែលមិនគោរព ច្បាប់ចរាចរណ៍»។ កន្លងមកសាធារណជន បានរិះគន់យ៉ាងចាស់ដៃ ចំពោះអ្នកមានអំណាចមួយចំនួន នៅកម្ពុជា ដែលតែងល្មើសច្បាប់ជាអន្លើ ហើយមិនបានចេញមុខទទួលខុសត្រូវតាមផ្លូវច្បាប់។

សាធារណជនទូទៅតែងរិះគន់ថា អ្នកមានអំណាច មិនថា អ្នកនយោបាយ មន្រ្តីជាន់ខ្ពស់ មន្រ្តីមានស័ក្តធំ គឺយកអំណាចរបស់ខ្លួន ជិះជាន់លើប្រជាពលរដ្ឋខ្មែរ ដោយមិនគោរពច្បាប់បានចែង។ ការរិះគន់នេះបានកើតឡើង ក្រោយពីសង្កេតឃើញថា អ្នកមានអំណាចទាំងនោះ តែងល្មើសច្បាប់ ពេលបើកបរនៅលើដងផ្លូវ តាមរូបភាព បើកបរលើសល្បឿនកំណត់ បើកបរក្នុងស្ថានភាពស្រវឹងជាដើម តែបែរជាអាងអំណាច ហើយមិនព្រមទទួលខុសត្រូវតាមការ ផាកពិន័យពីសំណាក់សមត្ថកិច្ច។

ក្រោយបញ្ចប់ការបង់ប្រាក់ពិន័យរួចរាល់ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យបងប្អូនទាំងអស់ គោរពច្បាប់ចរាចរណ៍ ទោះបីថ្នាក់ណាក៏ដោយ ក៏ត្រូវគោរពច្បាប់ទាំងអស់ ដើម្បីជីវិតខ្លួនឯង និងជីវិតអ្នកដទៃ៕