(ឡុងដ៍)៖ គិតត្រឹមម៉ោង ៣៖៤៥នាទីទៀបភ្លឺម៉ោងនៅទីក្រុងឡុងដ៍ សំឡេងឆ្នោតសម្រាប់អ្នកដែលគាំទ្រឲ្យអង់គ្លេស ចាកចេញពីសហភាពអឺរ៉ុបនោះ បាននាំមុខសំឡេងឆ្នោតអ្នកដែលចង់នៅ ចំនួនជាង ៥០០,០០០សំឡេង ដែលនេះ​ បានបង្ហាញថា អ្នកចង់ចាកចេញកំពុងនាំមុខជាបណ្តោះអាសន្ន។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយ សារព័ត៌មាន BBC នាព្រឹកថ្ងៃសុក្រ ទី២៤ ខែមិថុនា ឆ្នាំ២០១៦។

យ៉ាងណាក៏ដោយការរាប់សន្លឹកឆ្នោត នឹងត្រូវបន្តរហូតដល់ម៉ោងញុំាអាហារពេលព្រឹកថ្ងៃសុក្រនេះ ទើបបញ្ចប់ ជាស្ថាពរ។ ងាកមកតាមដានស្ថានភាពសេដ្ឋកិច្ចវិញ វាហាក់កំពុងតែមានការរង្គោះរង្គើផងដែរ ខណៈលុយផោនបាន ធ្លាក់តម្លៃ ១,៤៥ ដុល្លារ ទៅ ១,៣៦ ដុល្លារប៉ុណ្ណោះ នាព្រឹកថ្ងៃសុក្រនេះ ដែលវាបានកើតឡើងនៅពេលដែល លទ្ធផលបឋមបានបង្ហាញថា ចក្រភពអង់គ្លេសទាំងមូល ទំនងជានឹងអាចចាកចេញពីសហភាពអឺរ៉ុប។

តាមពិតទៅ វាមិនដូចនឹងការបោះឆ្នោតសកលដែល មានការជ្រើសរើសបេក្ខភាពដែលខ្លួនស្រឡាញ់ ដែលមិនតម្រូវ ឲ្យមានការសម្រេចចិត្តពីតំបន់នីមួយៗ ប៉ុន្តែការបោះឆ្នោតធ្វើប្រជាមតិនេះ គឺតំរូវឲ្យមានការជ្រើសរើសយកសំឡេងឆ្នោត ម្នាក់ៗតែម្តងពីគ្រប់តំបន់ មកបូកសរុបគ្នា ទើបដឹងពីចម្លើយច្បាស់លាស់នឹងភ្នែក ថាតើអង់គ្លេសត្រូវស្ថិតនៅ ឬក៏ចាកចេញ ពីសហភាពអឺរ៉ុប។ លទ្ធផលនឹងត្រូវប្រកាសនៅពេលព្រឹកថ្ងៃសុក្រនៅអង់គ្លេស ត្រូវនឹងពេលរសៀលថ្ងៃសុក្រ ពេលវេលានៅកម្ពុជា៕