(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍​ មាស​ វិរិទ្ធ​ អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន​ បានសម្តែងការគាំទ្រឲ្យមាន សកម្មភាពអប់រំទាក់ទងនឹង ការប្រើប្រាស់គ្រឿងញៀន​ និងការជក់បារី កើតមាននៅតាមសាលាជាបន្តទៀត។

 នាយឧត្តមសេនីយ៍​ មាស​ វិរិទ្ធ​ បានលើកឡើងបែបនេះ ខណៈលោកបានចូលរួមជាអធិបតីបិទបញ្ចប់ការ តាំងពិព័រណ៍ការប្រកួត​ប្រជែង ស្នាដៃសិស្ស​ ស្តីពីផលប៉ះពាល់​នៃការប្រើប្រាស់គ្រឿងញៀន​ និងការជក់បារី​ ក្រោមប្រធានបទ​ «​ គិតពីអនាគតចៀសឲ្យផុតពីគ្រឿងញៀន​ និងបារី​» នៅថ្ងៃទី២៤​ ខែមិថុនា​ ឆ្នាំ២០១៦នេះ​។

លោក នូ​ រ៉េត​ នាយកសាលានៅក្នុងឱកាសនោះ បានប្រាប់ឱ្យដឹងពី គោលបំណងនៃការប្រកួតប្រជែងនេះថា ដើម្បីឱ្យសិស្សានុសិស្ស យល់ដឹងពីផលប៉ះពាល់​ និងគ្រោះថ្នាក​នៃគ្រឿងញៀន​ និងបារី​ ពង្រឹងសាមគ្គីនិងការងារជាក្រុម​ ការប្រកួតចាប់ផ្តើមកាលពីថ្ងៃទី១៤​ ខែមិថុនា​ ឆ្នាំ២០១៦​ ដែលមានចែកជា២៥ក្រុម​ មានផ្ទាំងគំនូរស្នាដៃចំនួន២៥​ ​ ។

កម្មវិធីនេះ រៀបចំឱ្យមាន​ការស្មូតកំណាព្យបញ្ហាគ្រឿងញៀន​ ច្រៀងបទបញ្ហាគ្រឿងញៀន​ ។

​នាយឧត្តមសេនីយ៍​ មាស​ វិរិទ្ធ ​បានសម្តែងនូវការសប្បាយរីករាយ ចំពោះស្នាដៃទាំងអស់ដែលក្រុមសិស្សទាំងអស់ បានខិតខំសាមគ្គីគ្នា ប្រើគំនិតរួមគ្នា ដើម្បីបង្កើតជាផ្ទាំងគំនូរ មកធ្វើការប្រកួតប្រជែងក្នុងពេលនេះ​ តាមរយៈផ្ទាំងគំនូរទាំងអស់បានបង្ហាញ អោយឃើញថា យុវជនមានការយល់ដឹងខ្ពស់ពីបញ្ហាគ្រឿងញៀន​និងបារី​ ដែលសុទ្ធតែបាន ធ្វើឲ្យខ្លួនឯង​គ្រួសារ​និងសង្គមជាតិ ជួបគ្រោះថ្នាក់​ជាពិសេស ជាងនេះទៅទៀត បង្ហាញទឹកចិត្តចង់ជួយសង្គម​ និងសហគមន៍ឱ្យមានសុវត្ថិភាពជៀសផុតពីគ្រឿងញៀន​ ។

ក្នុងឱកាសនោះ​ នាយឧត្តមសេនីយ៍​ មាស​ វិរិទ្ធ​ បានផ្តល់ជូននូវ បណ្ណ័សសើរ​និងថវិកា ឧបត្ថម្ភរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ​រួមមាន​៖

១.ថ្នាក់ដឹកនាំ​ និងបុគ្គលិកសាលា​ នូវប័ណ្ណសសើរ​០១
២.ថ្នាក់ទទួលបានជ័យលាភីលេខ១​ នូវប័ណ្ណសសើរ០១​ ថវិកាឧបត្ថម្ភ៥០០.០០០រៀល
៣.ថ្នាក់ទទួលបានជ័យលាភីលេខ២​ នូវប័ណ្ណសសើរ០១​ ថវិកាឧបត្ថម្ភ​៣០០.០០០រៀល
៤.ថ្នាក់ទទួលបានជ័យលាភីលេខ៣​ នូវប័ណ្ណសសើរ០១​ និងថវិកា២០០.០០០រៀល​ ៕