(ឡុងដ៍)៖ គ្រាន់តែលទ្ធផលជាផ្លូវការចេញមក គឺប្រជាជន ៥១,៩ភាគរយស្មើនឹង ១៧,៤១០,៧៤២នាក់ គាំទ្រ ចក្រភពអង់គ្លេសចាកចេញ និង ៤៨,១ ស្មើនឹង ១៦,១៤១,២៤១ ភាគរយគាំទ្រចក្រភពអង់គ្លេសឲ្យនៅបន្តនោះ វាបានបង្ហាញចេញពីតួលេខប្រកៀកប្រកិតគ្នាខ្លាំងទៅហើយ ប៉ុន្តែតំបន់ធំៗទាំង ៤ ត្រូវបានគេមើលឃើញថា ប្រជាជនភាគច្រើននៅតែមិនចង់ចាកចេញពីអឺរ៉ុប។ នេះបើយោងតាមលទ្ធផលរបស់ BBC ចុងក្រោយបំផុត នៅរសៀលថ្ងៃសុក្រ ទី២៤ ខែមិថុនា ឆ្នាំ២០១៦។

ជាក់់ស្តែងការបោះឆ្នោតនេះ ត្រូវបានចូលរួមពីប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោតចំនួន ៧១,៨ភាគរយ ស្មើនឹងជាង ៣០លាននាក់ ដែលវាអត្រាអ្នកចូលរួមបោះឆ្នោតច្រើនបំផុតមិនធ្លាប់មាន ចាប់តាំងពីឆ្នាំ ១៩៩២។

ងាកមកមើលតួលេខរបស់អ្នកបោះឆ្នោតនៅតាមប្រទេសវិញ គឺប្រទេស អង់គ្លេស (England) គាំទ្រឲ្យចាកចេញ ៥៣,៤ភាគរយ ខណៈប្រទេស វែល (Wales) វិញប្រជាជន ៥២,៥ភាគរយ ក៏បានគាំទ្រឲ្យចាកចេញពីសហភាពអឺរ៉ុបដូចគ្នា។ ប៉ុន្តែបើយើងសំឡឹងទៅមើលលទ្ធផលនៅប្រទេសពីរទៀតគឺ ស្កុតឡេន (Scotland) ប្រជាជន ៦២ភាគរយ ចង់នៅបន្តជាអឺរ៉ុប ខណៈនៅប្រទេស អៀរឡង់ខាងជើង (Northern Ireland) ប្រជាជន ៥៥,៨ភាគរយ ក៏ចង់នៅបន្តជាមួយអឺរ៉ុបដូចគ្នា ដែលកម្រិតភាគរយខ្ពស់ជាងប្រទេស អង់គ្លេស និង វែល។

បើគិតពីចំនួនប្រទេសវិញគឺស្មើគ្នា២ ទល់នឹង ២ក៏ពិតមែនក៏ ប៉ុន្តែបើគេបូកថែមទីក្រុងឡុងដ៍ ដែលជាទីក្រុងរដ្ឋបាល និងសេដ្ឋកិច្ចស្នូលរបស់ចក្រភពអង់គ្លេសទាំងមូលទៀតនោះ ប្រជាជនភាគច្រើនចង់ឲ្យចក្រភពអង់គ្លេស ស្ថិតនៅសហភាពអឺរ៉ុបបន្តទៀត ដោយអ្នកនៅទីក្រុងឡុងដ៍ ៦០ភាគរយចង់នៅ និង៤០ភាគរយប៉ុណ្ណោះដែលចង់ចាកចេញ៕