(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជូនណារ៉ុន បានក្រើនរំលឹកទៅដល់សិស្ស ដែលត្រូវប្រឡងមធ្យម​សិក្សាទុតិយ​ភូមិ (បាក់ឌុប) នៅឆ្នាំនេះ គឺនៅតែត្រូវរឹតបន្តឹង និងតឹងរឹងដូចបណ្តាឆ្នាំកន្លងទៅដដែល។

ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការគម្រោងសាលារៀនជំនាន់ថ្មី សាលប្រជុំ និងសមិទ្ធផលនៅក្នុងវិទ្យា​ល័យព្រះស៊ីសុវត្ថិ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ លោក ហង់ ជូនណារ៉ុន បានឲ្យដឹងថា ក្រសួងនឹងបន្តរឹតបន្តឹង​វិន័យប្រឡង​ឱ្យដូចការប្រឡងក្នុង​ឆ្នាំ២០១៥ ដោយសហការជាមួយ​អង្គភាពប្រឆាំងអំពើពុករលួយ សមត្ថកិច្ចក្រសួងមហាផ្ទៃ ដើម្បីរក្សាសន្តិសុខ និង សណ្ដាប់ធ្នាប់ ព្រមទាំងបើកឱកាសឱ្យអង្គការ សង្គមស៊ីវិល និងស្ថាប័នពាក់ព័ន្ធចូលរួមសង្កេតការណ៍។

ការប្រឡងនៅតែឈរលើជំហរបន្តរឹតបន្តឹងដូចឆ្នាំមុនដដែល ដោយឈរលើគោលការណ៍ ៤ចំណុច។ គោលការណ៍ ៤ចំណុច ដែលបន្តរក្សាដើម្បីពង្រឹងវិស័យអប់រំនៅកម្ពុជា សម្រាប់ការប្រឡងបាក់ឌុប គឺការឈរលើការគោរពច្បាប់ តម្លាភាព យុត្តិធម៌ និង សុចរិតភាព។

លោករដ្ឋមន្ត្រី បានឲ្យដឹងផងដែរថា ដើម្បីឱ្យសិស្សបានត្រៀមខ្លួនជា​មុនសម្រាប់ការប្រឡងនេះ ក្រសួងបានបញ្ចូលមេរៀនសង្ខេប ទាំងទ្រឹស្ដី ទាំងលំហាត់ ក្នុងគេហទំព័ររបស់ក្រសួង ដើម្បីឱ្យសិស្ស​សិក្សា​ស្វែងយល់ដោយខ្លួនឯង។ លោករដ្ឋមន្រ្តី ក៏បានអំពាវនាវដល់សិស្សត្រៀមប្រឡងបាក់ឌុបទាំងអស់ ខិតខំរៀនសូត្រ ព្រោះក្រសួងនឹងឱ្យធ្លាក់ជាស្វ័យប្រវត្តិ ចំពោះបេក្ខជនមិនគោរពច្បាប់ និងនីតិវិធីប្រឡង។

ក្រសួងអប់រំយុវជន និងកីឡា បានឲ្យដឹងថា មណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ខាងមុខនេះ មានចំនួន ១៨០មណ្ឌល ស្មើនឹង ៣,៧៨១បន្ទប់ នៅទូទាំងប្រទេស។ ក្រសួងបានឲ្យដឹងថា មណ្ឌលប្រឡងនៅឆ្នាំនេះ មានការកើនឡើង ៣០មណ្ឌល បើធៀបនិងឆ្នាំ២០១៥៕