(ភ្នំពេញ)៖ សាលាបញ្ញាសាស្ត្រអន្តរជាតិ សហការជាមួយ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានរៀបចំពិធី​ពិព័រណ៍ ប្រកួតប្រជែងរូបភាពស្នាដៃសិស្ស ស្តីពីផលប៉ះពាល់នៃការប្រើ​ប្រាស់គ្រឿង​ញៀន ក្រោមប្រធានបទ «គិតពីអនាគត ចៀសឲ្យផុតពីគ្រឿងញៀន និង​បារី» ដែលមានសិស្ស​ចូលរួមប្រកួតប្រជែង ចាប់ពីថ្នាក់ទី៧-១១ សរុប៦៦៨​នាក់ បានបិទបញ្ចប់នៅថ្ងៃទី២៤ ខែមិថុនា នេះ ដែលជាលទ្ធផល ថ្នាក់ទី ៩C ទទួលបានជ័យលាភីលេខ១ ដែលទទួលបាននូវ​ប័ណ្ណសសើរ០១ និងថវិកាឧបត្ថម្ភ៥០០,០០០រៀល។

សម្រាប់ជ័យលាភីលេខ​២ បានលើថ្នាក់ទី ១១C ទទួលបាននូវប័ណ្ណសសើរ០១ ថវិកាឧបត្ថម្ភ៣០០,០០០រៀល និងលេខ៣ បានទៅលើថ្នាក់ទី ១០A ទទួលបាននូវប័ណ្ណសសើរ០១ និងថវិកា២០០,០០០រៀល ផងដែរ។

កម្មវិធីនេះក៏មានការចូលរួមដោយផ្ទាល់ ពីនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងសាស្ដ្រចារ្យ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅ​សាលាបញ្ញា​សាស្ដ្រអន្ដរជាតិ ជាច្រើនរយនាក់ទៀត។

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានសម្តែងនូវការសប្បាយរីករាយ ចំពោះស្នាដៃទាំងអស់ដែលក្រុម​សិស្សទាំងអស់ បានខិតខំសាមគ្គីគ្នា ប្រើគំនិតរួមគ្នា ដើម្បីបង្កើតជាផ្ទាំងគំនូរ មកធ្វើការប្រកួត​ប្រជែងក្នុង​ពេលនេះ តាមរយៈផ្ទាំងគំនូរទាំងអស់បានបង្ហាញ អោយឃើញថា យុវជនមានការយល់ដឹងខ្ពស់ពីបញ្ហាគ្រឿងញៀន​និងបារី ដែលសុទ្ធតែបាន ធ្វើឲ្យខ្លួនឯងគ្រួសារនិងសង្គមជាតិ ជួបគ្រោះថ្នាក់ជាពិសេស ជាងនេះទៅទៀត បង្ហាញទឹកចិត្តចង់ជួយសង្គម និងសហគមន៍​ឱ្យមានសុវត្ថិភាពជៀស​ផុតពីគ្រឿងញៀន ។

លោក នូ រ៉េត នាយកសាលានៅក្នុងឱកាសនោះ បានថ្លែងឱ្យដឹងពី គោលបំណងនៃការប្រកួត​ប្រជែងនេះថា កម្មវិធីនេះ ប្រារព្ធធ្វើឡើងដើម្បីឱ្យ​សិស្សានុសិស្ស យល់ដឹងពីផលប៉ះពាល់ និងគ្រោះថ្នាក់​នៃគ្រឿងញៀន និងបារី ពង្រឹងសាមគ្គីនិងការងារជាក្រុម ការប្រកួតចាប់ផ្តើមកាល​ពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ ដែលមានចែកជា​២៥ក្រុម មានផ្ទាំងគំនូរស្នាដៃចំនួន២៥ ហើយកម្មវិធីនេះ រៀបចំឱ្យ​មានការស្មូតកំណាព្យបញ្ហាគ្រឿងញៀន ច្រៀងបទបញ្ហាគ្រឿងញៀនផងដែរ ។

គួរបញ្ជាក់ថា កម្មវិធីពិព័រណ៍ប្រកួតប្រជែងរូបភាពស្នាដៃសិស្សនេះ បានចាប់ផ្ដើមពីថ្ងៃទី ២០-២៤ ខែមិថុនា ឆ្នាំ២០១៦ ដោយរាល់សា្នដៃរូបភាពរបស់សិស្សទាំងអស់ ត្រូវបាន បង្ហោះក្នុងទំព័រ Facebook របស់សាលាផ្ទាល់តែម្ដង ដើម្បីឲ្យមានការចូលរួម​បោះឆ្នោតជាសារណៈ (ការបោះឆ្នោតបានចាប់ផ្តើម នៅម៉ោង ៨៖០០​ព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ នឹងបានបញ្ចប់នៅថ្ងៃទី២៤ ខែមិថុនា នេះ នៅម៉ោង ៨៖០០ព្រឹក)។

សូមបញ្ជាក់ថា សាលាបញ្ញាសាស្ត្រអន្តរជាតិ បានបង្កើតសាខាថ្មី ដែលមានទីតាំងស្ថិត​នៅក្នុងបុរីពិភពថ្មី (សែនសុខ) ផ្លូវឧកញ៉ា ម៉ុងឫទ្ធី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលមាន​កម្មវិធីសិក្សា ចំណេះដឹងទូទៅ ចាប់ពីកម្រិតមត្តេយ្យសិក្សា រហូតដល់មធ្យមសិក្សាទុតិយភូមិ។

​ក្នុងឪកាសបើសាខាថ្មីនេះ សាលាបញ្ញាសាស្ត្រអន្ររជាតិ ផ្ដល់អាហារូបករណ៍​ចំនួន១៨០កន្លែង រហូតដល់ ៨០% សម្រាប់សិស្សទូទៅ ដែលបានចុះឈ្មោះចូលរៀនពី​ថ្នាក់ទី​១ ដល់ទី១០ នាឆ្នាំសិក្សា ២០១៦-២០១៧ ខាងមុខនេះ។

សូមអញ្ជើញមកទទួលយក ពាក្យប្រឡងអាហារូបករណ៍​នៅសាលាបញ្ញាសាស្ត្រអន្តរជាតិ សាខា សែន សុខ ចាប់ពីថ្ងៃនេះតទៅ រហូតដល់ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង​ផ្ទាល់តាមអាសយដ្ឋាន​ស្ថិតក្នុងបុរីពិភពថ្មី (ឡាសែនសុខ) ផ្លូវឧកញ៉ា ម៉ុងឫទ្ធី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទលេខៈ 077-959-222 / 097 456-4568