(កំពត)៖ ក្រុមមន្ត្រីជំនាញនៃអង្គភាពអនុវត្តគម្រោង (PIU) របស់ក្រសួងសាធារណការ និងដឹកជញ្ចូន ដឹកនាំដោយ លោក សង់ ស៊ីណាវ៉េត អគ្គនាយករងនៃអគ្គនាយកដ្ឋានសាធារណការ និងជាប្រធានអង្គភាព នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣នេះ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យបច្ចេកទេសសាងសង់ និងវឌ្ឍនភាពការងារ គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ ពីទីរួមខេត្តកំពត ដល់ច្រកលក ដោយមានការចូលរួមពី អង្គភាពពាក់ព័ន្ធ និងក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ផងដែរ។

ការអញ្ជើញចុះត្រួតពិនិត្យដោយផ្ទាល់នាពេលនេះធ្វើឡើងក្នុងគោលបំណងត្រួតពិនិត្យលើការងារបច្ចេកទេស ដើម្បីធានាឱ្យបានថាការសាងសង់ ត្រូវបានអនុវត្តទៅតាមលក្ខណៈបទដ្ឋានបច្ចេកទេស ប្រកបដោយគុណភាព ក៏ដូចជាវឌ្ឍនភាពការងារ របស់គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ នេះផងដែរ។

លោក សង់ ស៊ីណាវ៉េត ក៏បានពាំនាំអនុសាសន៍ផ្តាំផ្ញើរពីលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ណែនាំឱ្យក្រុមហ៊ុន CRBC ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ក្នុងការអនុវត្តការងារឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ជៀសវាងការធ្វើខុសហើយត្រូវធ្វើឡើងវិញដដែលៗ។ លើសពីនេះទៅទៀត ក្រុមហ៊ុនត្រូវគិតគូរឱ្យបានម៉ត់ចត់ពីសុវត្ថិភាពនៅតាមការដ្ឋាន ដោយដាក់ផ្លាកសញ្ញាផ្តល់ដំណឹង ផ្លាកសញ្ញាបញ្ជៀសចរាចរណ៍ និងការស្រោចទឹកកាត់បន្ថយដីហុយជាដើម ជៀសវាងការរំខានប្រជាពលរដ្ឋ។

សូមជម្រាបជូនដែរថា គិតចាប់ពីថ្ងៃប្រកាសបើកការដ្ឋានជាផ្លូវការ មកទល់បច្ចុប្បន្ននេះ ការអនុវត្តគម្រោងការងារខាងលើ សម្រេចលទ្ធផលបាន ៥,៨០% នៃទំហំការងារសរុបដោយរួមមាន ការកៀរកាយពង្រីកតួផ្លូវ និងការកិនបង្ហាប់ដោយកន្លែង។

គួររម្លឹកដែរថា គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ ត្រូវបានប្រកាសបើកការដ្ឋានជាផ្លូវការ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ គម្រោងនេះមានប្រវែងប្រមាណ ៥២,៥៧ គីឡូម៉ែត្រ តភ្ជាប់ពីខេត្តកំពត (បំបែកពីផ្លូវជាតិលេខ៣ ត្រង់ចំណុចគ.ម១៤៨+១០០) ទៅកាន់ច្រកលក (ព្រំដែនកម្ពុជា-វៀតណាម) ឆ្លងកាត់ភូមិសាស្រ្ត ស្រុកទឹកឈូ និងស្រុកកំពង់ត្រាច នៃខេត្តកំពត ហើយឆ្លងកាត់ភូមិសាស្រ្ត ក្រុងកែប និងស្រុកដំណាក់ចង្អើរ នៃខេត្តកែប គ្រប់គ្រងដោយ ក្រសួងសាធារណការ និងដឹកជញ្ចូន ក្រោមឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនិងថវិការបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធអាការផ្សេងៗ៕