(ភ្នំពេញ)៖ លោក វីកទ័រ ម៉ាឌ្រីហ្គាល់ ប័រឡូស (Victor Madrigal-Borloz) អ្នកជំនាញឯករាជ្យរបស់អង្គការសហប្រជាជាតិស្តីពីការការពារប្រឆាំងនឹងអំពើហិង្សា និងការរើសអើងផ្អែកលើនិន្នាការភេទ និងអត្តសញ្ញាណយេនឌ័រ (IE SOGI) បានបញ្ជាក់ថា លោកនឹងដាក់បញ្ចូលទៅក្នុងរបាយការណ៍របស់លោក ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា អំពីភាពជាវិជ្ជមានដែលក្នុងច្បាប់ គោលនយោបាយ និង យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធានាមិនឱ្យមានការរើសអើងដោយផ្អែកលើនិន្នាការភេទ។
ការបញ្ជាក់បែបនេះរបស់ លោក វីកទ័រ ម៉ាឌ្រីហ្គាល់ ប័រឡូស បានធ្វើឡើងក្នុងឱកាសលោកបានជួបពិភាក្សាការងារជាមួយលោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះ។
ត្រង់ចំណុចនេះ លោក វីកទ័រ ម៉ាឌ្រីហ្គាល់ ប័រឡូស បានបន្ថែមថា ចំពោះលោកផ្ទាល់សូមគោរពនូវការប្ដេជ្ញាចិត្តរបស់កម្ពុជាដែលបានទទួលយកអនុសាសន៍ក្នុងការធ្វើឱ្យស្របច្បាប់ចំពោះអាពាហ៍ពិពាហ៍ភេទដូចគ្នា ការធ្វើច្បាប់ប្រឆាំងការរើងអើង។
ត្រង់ចំណុចនេះ អ្នកជំនាញរបស់អង្គការសហប្រជាជាតិរូបនេះ បានបានបង្ហាញនូវការកោតសរសើរចំពោះប្រទេសកម្ពុជា ដែលបានយកចិត្តទុកដាក់ក្នុងការលើកកម្ពស់សិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា។ ទាំងនៅក្នុងរដ្ឋធម្មនុញ្ញច្បាប់ គោលនយោបាយ និងយុទ្ធសាស្រ្តរបស់រដ្ឋាភិបាល គឺបានការពារមិនឱ្យមានការរើសអើង ហើយទាំងនៅក្នុងការអនុវត្តសមត្ថកិច្ចក៏មិនឃើញមានការរើសអើងជាប្រព័ន្ធនោះទេ។
លោក វីកទ័រ ម៉ាឌ្រីហ្គាល់ ប័រឡូស បានឱ្យដឹងថា ក្នុងដំណើរទស្សនកិច្ចរបស់លោកនៅកម្ពុជា លោកបានជួបជាមួយក្រុមអ្នកស្រឡាញ់ភេទដូចគ្នា ដោយពួកគាត់បានបង្ហាញនូវទស្សនវិជ្ជមាន ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងការគោរពនិងលើកកម្ពស់សិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា។
លោក កែវ រ៉េមី បានលើកឡើងថា ប្រទេសកម្ពុជា មានចំណុចខ្លាំង ក្នុងការការពារ និងលើកកម្ពស់សិទ្ធិមនុស្ស ដែលអាចមើលឃើញតាមរយៈការចែងយ៉ាងច្បាស់នៅពេញមួយជំពូកទី៣ នៃរដ្ឋធម្មនុញ្ញអំពីការទទួលស្គាល់ និងការគោរពសិទ្ធិមនុស្ស ហើយជាពិសេសនៅកម្ពុជាគ្មានទោសប្រហារជីវិតទេ។ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យមានការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ទទួលយកអ្នករាយការណ៍ពិសេសលើស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងបានផ្ដល់សច្ចាប័នលើ អនុសញ្ញាសិទ្ធិមនុស្សសំខាន់ៗចំនួន៨ ក្នុងចំណោមអនុសញ្ញាទាំង៩ ទាំងនេះ គឺជាការបង្ហាញនូវប្ដេជា្ញចិត្តយ៉ាងច្បាស់លាស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារ និងលើកកម្ពស់សិទ្ធិមនុស្ស។
លោក កែវ រ៉េមី បានបញ្ជាក់ថា កម្ពុជាមិនមានការរើសអើង ឬអំពើហិង្សាទៅលើបុគ្គលដោយផ្អែកលើនិន្នាការភេទទេ។ នៅក្នុងក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីមាត្រា ២៦៥ ដល់មាត្រា ២៧៣ បានចែងកំណត់ពីការដាក់ទោសទណ្ឌចំពោះការរើសអើងដែលក្នុងនោះការរើងអើងភេទ ក៏ត្រូវបានកំណត់ជាបទល្មើសផងដែរ។ លើសពីនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្រ្ត និងគោលនយោបាយនានា ដើម្បីធានាមិនឱ្យមានការរើសអើង ឬអំពើហិង្សាដោយផ្អែកលើនិន្នាការភេទនោះទេ ហើយក្រសួងស្ថាប័នមួយចំនួនបាននិងកំពុងធ្វើការយ៉ាងសកម្មភាពក្នុងការលើកកម្ពស់សិទ្ធិស្ត្រី និងសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា។
បន្ថែមពីនេះ លោក កែវ រ៉េមី បានបញ្ជាក់បន្ថែមថាប្រមុខរាជរដ្ឋាភិបាលតែងតែផ្ដល់ការគាំទ្រ និងលើកទឹកចិត្តចំពោះបងប្អូនអ្នកស្រឡាញ់ភេទដូចគ្នា ហើយបានណែនាំមិនឱ្យមានការរើងអើងណាមួយទៅលើក្រុមពួកគាត់ទេ។ ការរើសអើងអាចត្រូវបានកាត់បន្ថយទៅបានក៏អាស្រ័យទៅលើកត្តាសំខាន់មួយ គឺការអប់រំហេតុនេះទើបរាជរដ្ឋាភិបាលយកចិត្តទុកដាក់ចំពោះការអប់រំសម្រាប់ទាំងអស់គ្នា ហើយបើពិនិត្យមើលលើតួលេខនៃការចុះឈ្មោះចូលរៀន និងតួលេខនៃការបញ្ចប់ការសិក្សានៅកម្រិតមធ្យមសិក្សា និងនៅឧត្តមសិក្សឃើញថាមានភាគរយប្រហាក់ប្រហែលគ្នារវាងសិស្សស្រី និងសិស្សប្រុស។ ដោយឡែកនៅក្នុងបរិបទកម្ពុជា មិនមានការដាក់ទោសទណ្ឌចំពោះអាពាហ៍ពិពាហ៍អ្នកដែលស្រឡាញ់ភេទដូចគ្នានោះទេ ហើយកម្ពុជា ត្រូវការពេលវេលាក្នុងការផ្សព្វផ្សាយឱ្យមានការយល់ដឹងទូលំទូលាយ និងអាចទទួលយកបានពីប្រពៃណី ក្រុមគ្រួសារ និងសង្គមទាំងមូលអំពីភាពចម្រុះនៃភេទនោះ ទើបអាចឈានទៅដល់ការធ្វើច្បាប់បាន។