(កំពង់ស្ពឺ)៖ បុរសម្នាក់ជាអ្នកបេីកបររថយន្តកុងតឺន័រ ឲ្យក្រុមហ៊ុនតេងឡាយ ដែលមានស្លាកលេខ ព្រះសីហនុ 3A-0673 ដោយសារមានការធ្វេសប្រហែស មិនបានត្រួតពិនិត្យបច្ចេកទេសនៅពេលដែលរថយន្តជាប់ហ្វ្រាំងកង់ កណ្តាលហេីយអ្នកបេីកស្រវឹងផងនោះ ចេះតែបន្តបេីករហូត បណ្តាលរថយន្តដាច់កង់របូតចេញពីតួ រត់ទៅបុកចូលហាងលក់បាយ របស់ប្រជាពលរដ្ឋ នៅតាមផ្លូវ។

មន្រ្តីនគរបាលមូលដ្ឋានបានឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៥ល្ងាចថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅភូមិត្រែងត្រយឹង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

មន្រ្តីនគរបាលបានបញ្ជាក់ថា «ក្រោយពេលដាច់ចេញពីតួរថយន្ត កង់ដែលដាច់នោះ បន្តរត់ទៅចូលក្នុងហាងលក់បាយ ប​ណ្តាលឲ្យបុកទូដាក់ម្ហូបអាហា ចាន ឆ្នាំង បាក់បែកអស់គ្មានសល់»

ក្រោយពីកេីតហេតុរថយន្តទៅមុខលែងកេីត ស្រាប់តែអ្នកបេីកបរចុះពីលេីរថយន្ត ក្នុងស្ថានភាពស្រវឹងខ្លាំង បំណងចូលទៅលេីកកង់ឡាន តែម្ចាស់ហាងមិនឲ្យលេីក ទុកដេីម្បីដោះស្រាយ ស្រាប់តែពេលនោះ អ្នកបេីករថយន្ត ធំក្លិនស្រា ក៏ដោះអាវក្រវាត់ចោលហេីយ រករឿងវាយម្ចាស់ហាងថែមទៀត។

សម្រាប់ហេតុការណ៍ខាងលេីនេះ ត្រូវបានសមត្ថកិច្ច បានបញ្ជាក់ផងដែរថា «សំណាងល្អអ្នកលក់ និងភ្ញៀវបានរត់ចេញទាន់ ដែលមិនបណ្តាលអ្នកណាម្នាក់រងរបួសទេ គ្រាន់តែខូចខាតសម្ភារអស់ជាច្រេីន និងកំពុបម្អូបអាហារដែលដាក់លក់អស់គ្មានសល់»