(ពោធិ៍សាត់)៖ អភិបាលរងនៃគណៈអភិបាលស្រុកកណ្តៀង នៃខេត្តពោធិ៍សាត់ ចំនួន0៤រូប ត្រូវបានផ្ទេរភារកិច្ច និងប្រកាសតែងតាំងឱ្យចូលកាន់មុខតំណែងជាផ្លូវការ នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣នេះ ដើម្បីសម្រួលដល់ការផ្ដល់សេវានៅមូល​ដ្ឋាន ឱ្យ​កាន់​តែ​លឿនមានភាពជឿជាក់ និងមានតម្លាភាព។

ពិធីនេះត្រូវបានធ្វើឡើង នៅបរិវេណសាលាស្រុកកណ្តៀង ក្រោមអធិបតីភាព លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ដោយបានការចូលរួមពី លោក លោកស្រី អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ សមាជិក សមាជិកា ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ក្រុមប្រឹក្សាឃុំ និងមន្ត្រីអ្នកមុខអ្នកការផ្សេងទៀត។

យោងតាមប្រកាសលេខ ៤៩១ប្រក, ២៩១០ប្រក និង៧៣៩៤ប្រក របស់ក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរភារកិច្ច និងតែងតាំង៖ ទី១-លោក ប៊ុង តាំងឡាយ ឋានន្តរស័ក្តិនាយក្រមការ ថ្នាក់លេខ១ ពីអភិបាលរងនៃគណៈអភិបាលក្រុងពោធិ៍សាត់ ឱ្យទៅកាន់មុខតំណែងជាអភិបាលរងនៃគណៈអភិបាលស្រុកកណ្តៀង, ទី២-លោក អ៊ន សុផល្លា ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លខ៤ ឱ្យកាន់មុខតំណែងជាអភិបាលរងនៃគណៈអភិបាលស្រុកកណ្តៀង, ទី៣-លោក គិន កឹមតូ ឋានន្តរស័ក្តិគ្រូបង្រៀនកម្រិតមូលដ្ឋានដើមខ្សែពិសេស ថ្នាក់លេខ៦ នៃក្រមខ័ណ្ឌគ្រូបង្រៀនកម្រិតមូលដ្ឋាន ជាអភិបាលរងនៃគណៈអភិបាលស្រុកកណ្តៀង និងទី៤-លោក ថៃ ប៊ុនថេត ឋានន្តរស័ក្តិគ្រូបង្រៀនកម្រិតមូលដ្ឋានដើមខ្សែពិសេស ថ្នាក់លេខ៦ នៃក្រមខ័ណ្ឌគ្រូបង្រៀនកម្រិតមូលដ្ឋាន ជាអភិបាលរងនៃគណៈអភិបាលស្រុកកណ្តៀង។

បន្ទាប់ពីលោក ពេជ្រ សុវណ្ណ នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស សាលាខេត្តពោធិ៍សាត់ បានអានប្រកាសតែងមន្ត្រីរាជការនោះរួចមក លោក អ៊ន សុផល្លា ដែលទើបតែងតាំងជាអភិបាលរងនៃគណៈអភិបាលស្រុកកណ្តៀង បានប្តេជ្ញាចិត្តដូចតទៅ៖ ទី១-រក្សាឱ្យបាននូវសមិទ្ធិផល ដែលបានកសាងកន្លង ព្រមទាំងខិតខំប្រឹងប្រែងអភិវឌ្ឍបន្ថែមទៀត តាមផែនការ និងការចង្អុលបង្ហាញ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាអាជ្ញាធរខេត្ត ក្នុងការអនុវត្តនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ នីតិកាលទី៦ នៃរដ្ឋសភា និងកំណែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាលកម្ពុជា។ ទី២- ចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ប្រកបដោយប្រសិទ្ធភាពខ្ពស់ជូនពលរដ្ឋ ប្រើជំនាញ ចំណេះដឹង បទពិសោធន៍ឱ្យអស់សមត្ថភាព និងលទ្ធភាព ក្នុងការបំរើររាជរដ្ឋាភិបាល។ ទី៣-កសាងទំនាក់ទំនងល្អ ជាមួយប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ធ្វើអំពើល្អ ដើម្បីបម្រើប្រជាពលរដ្ឋ និងបំពេញភារៈកិច្ចជូនរាជរដ្ឋាភិបាល។ ទី៤-ថែរក្សាធ្លុងសាមគ្គីឯកភាពផ្ទៃក្នុង រក្សាការសម្ងាត់ ជួយ និងផ្តល់មតិគ្នាទៅវិញទៅមក ឱ្យមានការរីកចម្រើនដល់អង្គភាព។ ទី៥-ខិតខំស្វ័យសិក្សារៀនសូត បង្កើនសមត្ថភាព និងគុណធម៌បន្ថែមទៀត ដើម្បីសម្រេចភារកិច្ច ជូនជាតិមាតុភូមិ និងជាគំរូដ៏ល្អ ក្នុងនាមជាមន្ត្រីសកម្ម ជាពលរដ្ឋល្អ ជាស្វាមីល្អ។ ទី៦-អនុវត្តជានិច្ច តាមការណែនាំរបស់រាជរដ្ឋាភូបាល ថ្នាក់ដឹកនាំខេត្ត និងលោកអភិបាលនៃគណៈអភិបាលស្រុក ក្នុងនាមជាជំនួយការដ៏ល្អ និងសកម្ម ដើម្បីបំរើរសេវា ជូនប្រជាពលរដ្ឋ និងជូនជាតិមាតុភូមិ។

លោក ខូយ រីដា បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ជុំវិញការខិតខំប្រឹងប្រែងរបស់អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ដែលខិតខំប្រឹងប្រែង លះបង់អស់កម្លាំងកាយចិត្ត ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ទទួលបានលទ្ធផលល្អប្រសើរ។ លោកបានណែនាំដល់អភិបាលរងស្រុកថ្មីទាំង៤រូប ត្រូវមានភាពស្មោះត្រង់ជាមួយមន្ត្រីក្រោមឱវាទ និងថ្នាក់លើ ជាពិសេសជាមួយរាជរដ្ឋាភិបាល និងត្រូវគោរពតាមការប្តេជ្ញាចិត្ត ដូចក្នុងពេលប្រកាសឡើងកាន់តំណែងថ្មីនេះ ព្រមទាំងបានស្នើឱ្យលោកទាំង៤ ខិតខំធ្វើការងារ ដោយសហការ និងពង្រឹង​សាមគ្គីភាពផ្ទៃក្នុងឱ្យ​បានល្អជាមួយនឹងសហការី អង្គភាពពាក់ព័ន្ធ និងកងកម្លាំងទាំងបី​។

លោក​សូមលើកទឹកចិត្ត ដល់​លោកអភិបាលរងស្រុកថ្មី​ ត្រូវខិតខំប្រឹងប្រែងលះបង់ពេលវេលា​ កម្លាំងកាយចិត្ត​ និងស្មារតី​ ដោយត្រូវអនុវត្តការងារ ឈរលើជំហរច្បាប់ជាកត្តាចំបង​ ​ជាពិសេសធ្វើយ៉ាងណាឱ្យការងាររដ្ឋបាលទូទៅ​ ការងារផ្ដល់សេវាសាធារណៈ​ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ឱ្យដំណើរការបានយ៉ាងល្អប្រសើរ​ ដើម្បីឆ្លើយតបនូវសំណូមពររបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ​ប្រកបដោយគុណភាព​ និងប្រសិទ្ធភាពខ្ពស់ ដើម្បីឱ្យស្រុកកណ្តៀង មានការរីកចម្រើនលូតលាស់ បានយ៉ាងល្អប្រសើរបន្ថែមទៀត៕