(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣នេះ បានរំលឹកដល់អ្នកដែលឈរឈ្មោះបើកគ្លីនិកឯកជន កុំភ្លេចការទទួលខុសត្រូវរួមដូចគ្នាជាមួយម្ចាស់គ្លីនិក ឬម្ចាស់ទុន។

ក្នុងឱកាសអញ្ជើញពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្តជាផ្លូវការនូវស្ដង់ដារអប្បបរមា សម្រាប់មូលដ្ឋានសុខាភិបាលឯកជននៅកម្ពុជា លោកស្រី ឱ វណ្ណឌីន បានគូសបញ្ជាក់ថា អ្នកដែលមានសិទ្ធិឈរឈ្មោះបើកគ្លីនិកឯកជន មិនត្រូវភ្លេចខ្លួនថា ពេលមានបញ្ហាកើតឡើយ ឆ្លើយយករួចខ្លួនមិនទទួលខុសត្រូវនោះទេ។

លោកស្រី ឱ វណ្ណឌីន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមរំលឹកដល់អ្នកដែលមានសិទ្ធិឈរឈ្មោះស្នើសុំបើកអាជ្ញាប័ណ្ណ កុំភ្លេចខ្លួនឲ្យសោះ យើងក៏ត្រូវទទួលខុសត្រូវដូចម្ចាស់គ្លីនិកដែរ ក្នុងករណីមានបញ្ហាអ្វីកើតឡើយ មិនមែនឆ្លើយថាមិនដឹង ឬគ្មានសិទ្ធិគ្រាន់តែឈរឈ្មោះនោះ។ ទាំងអ្នកឈរឈ្មោះ និងម្ចាស់ទុន ត្រូវតែរួមគ្នាទទួលខុសត្រូវ»

ការរំលឹករបស់លោកស្រី ឱ វណ្ណឌីន ដោយសារខ្លាចក្រែងអ្នកដែលឈរឈ្មោះស្នើសុំអាជ្ញាប័ណ្ណបើកគ្លីនិកឯកជន ភ្លេចខ្លួនពីការទទួលខុសត្រូវ ហើយតែលើកឡើងថា ខ្លួនគ្រាន់តែឈរឈ្មោះប៉ុណ្ណោះមិនមានសិទ្ធិបញ្ជា ឬសម្រេចអ្វីនៅគ្លីនិកនោះទេ។ ប៉ុន្ដែការលើកឡើងនេះ លោកស្រីគូសបញ្ជាក់ថា មិនត្រឹមត្រូវឡើយ។

លោកស្រីបានគូសបញ្ជាក់ថា ក្នុងករណីមានការស្នើសុំអាជ្ញាប័ណ្ណបើកគ្លីនិកឯកជន តាមច្បាប់ត្រូវតែមានអ្នកមានសញ្ញាបត្រឯកទេស ដើម្បីឈរឈ្មោះ ពោលមិនមែនគ្រាន់តែឈរឈ្មោះទទេនោះទេ គឺឈរឈ្មោះទៅជាមួយការទទួលខុសត្រូវ ដោយទទួលខុសត្រូវទៅលើលក្ខខណ្ឌបច្ចេកទេសសុខាភិបាល បច្ចេកទេសវិជ្ជសាស្ដ្រ ដូច្នេះនៅពេលមានបញ្ហាណាមួយកើតឡើង អ្នកដែលឈរឈ្មោះនេះ ក៏ត្រូវទទួលខុសត្រូវ។

មន្ដ្រីជាន់ខ្ពស់ក្រសួងសុខាភិបាលរូបនេះ បានបន្ថែមទៀតថា អ្នកដែលឈរឈ្មោះត្រូវមើលការងារបច្ចេកទេសឲ្យបានម្មត់ចត់ ហើយត្រូវហ៊ានស្នើសុំទៅម្ចាស់គ្លីនិក ប្រសិនបើមានចំណុចណាមួយខ្វះបច្ចេកទេស ត្រូវកែតម្រូវ ហើយបំពេញបន្ថែម ដើម្បីឲ្យដំណើរការស្របទៅតាមលក្ខខណ្ឌបច្ចេកទេស។ ដូច្នេះលោកស្រីរំពឹងថា ប្រសិនមានការរួមគ្នាបែបនេះ សេវាឯកជននឹងកាន់តែល្អប្រសើរបន្ថែមទៀត៕