(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបន្តសេចក្តីជូនដំណឹង ស្តីពីលទ្ធផលនៃការទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមរបប០២ឆាំ្ន សម្រាប់ឆ្នាំ២០២៣ ដោយបញ្ជាក់ថា នៅថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០២៣ម្សិលមិញ នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានទទួលឯកសារប្រកាស ទ្រព្យសម្បត្តិ និងបំណុល សរុបចំនួន ២៣០ច្បាប់ទៀត។

សេចក្តីជូនដំណឹង ដែលបណ្តាញ Fresh News ទទួលបាន បញ្ជាក់ទៀតថា គិតត្រឹមថ្ងៃពុធដដែល នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល សរុបចំនួន ២១,០៨៧ច្បាប់។

សូមបញ្ជាក់ថា ក្រុមការងារនៃនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល រង់ចាំទទួលឯកសារប្រកាស ០៧ថ្ងៃក្នុងមួយសប្ដាហ៍ គិតចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ដោយមិនឈប់សម្រាកថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃបុណ្យឡើយពីម៉ោង០៨៖០០ព្រឹក ដល់ម៉ោង០៥៖០០ល្ងាច៕