(សៀមរាប)៖ នាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងអាកាស បានក្រើនរំលឹកដល់កងការពារអាកាស ត្រូវតែជឿជាក់ និងគាំទ្រការពារដាច់ខាតចំពោះរាជរដ្ឋាភិបាលស្របច្បាប់។

នាយឧត្តមសេនីយ៍ សឹង សំណាង បានក្រើនរំលឹកបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាលនាយទាហាន រងជំនាញការពារអាកាសជំនាន់ទី៦ ឆ្នាំ២០២១-២០២២ និងបើកវគ្គបណ្តុះបណ្តាលជំនាញការពារអាកាសជំនាន់ទី៧ ឆ្នាំ ២០២២-២០២៣ នៅសាលាការពាអាកាសបញ្ជាការដ្ឋានការពារអាកាស អគ្គបញ្ជាការស្រែណូយ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣នេះ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ អឿ សំអុល មេបញ្ជាការកងការ ពារអាកាស អគ្គបញ្ជាការ បានអានរបាយការណ៍ ស្តីពីការកសាងកម្លាំង និងហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន និងផ្លូវថ្នល់នៅជុំវិញមូលដ្នាន ដើម្បីភាពងាយស្រួល ដល់ការចល័តកម្លាំងការពារអាកាស។

លោកឧត្តមសេនីយ៍ទោ អឿ សំអុល បានបញ្ជាក់ថា កងការពារអាកាស បានបំពេញតួនាទីយ៉ាងសំខាន់ក្នុងការការពារសន្តិសុខមូលដ្ឋានកងទ័ពអាកាស និងតាមដានការហោះហើររំលោភបំពាននៅតាមចំណុចដែនអាកាស ជាមួយគ្នានេះអង្គភាពបានសហការជាមួយភាគីមិត្តលើការងារបណ្តុះបណ្តាលនាយទាហានបន្តវេនដើម្បីពង្រឹងសមត្ថភាពកងការពារអាកាស។

យោងតាមរបាយការណ៍សាលាការពារអាកាស បានឱ្យដឹងថា វគ្គទី៦ មានសិក្ខាកាមចំនួន ៩០នាក់ ក្នុងនោះមានគ្រូយោធាចារ្យចំនួន ២០នាក់ និងប្រើរយៈពេល ១៧៤ថ្ងៃ។ ដោយឡែកវគ្គទី៧ ដែលទបតែបើកវគ្គមាន សិក្ខាកាមមកពីបណ្តាអង្គភាពនានាមានចំនួន ៦៥នាក់ ក្នុងនោះយោធាចារ្យ មានចំនួន ៥នាក់ និងប្រើរយៈពេលសិក្សា ២៧០ថ្ងៃ។

សិក្ខាកាមជំនាញការពារអាកាសត្រូវសិក្សាទ្រឹស្តី និងការអនុវត្តជាក់ស្តែងលើយុទ្ធវិធីជាច្រើន ដែលធានាដល់ការពង្រឹងសមត្ថភាពការពាតអាកាស ។

នាយឧត្តមសេនីយ៍ សឹង សំណាង បានក្រើនរំលឹកដល់សិក្ខាកាមទាំងពីរវគ្គ ត្រូវជឿជាក់ដាច់ខាត និងគាំទ្រការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ គាំទ្រឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនាពេលអនាគត ។

នាយឧត្តមសេនីយ៍មេទ័ពជើងអាកាស បានបន្ថែមថា សិក្ខាកាមត្រូវគោរពវិន័យយកចិត្តទុកដាក់រៀនសូត្រប្រកបដោយភាពឈ្លៀសវៃ កុំប្រព្រឹត្តអបាយមុខគ្រឿងញៀន ត្រូវសាមគ្គីផ្ទៃក្នុងឱ្យបានរឹងមាំ និងត្រូវថែទាំសុខភាពគោរពគោលការសុខាភិបាលជៀសផុតពីការឆ្លងរាលដាលពីជម្ងឺកូវីដ១៩។ បញ្ហាមួយទៀតសិក្ខាកាមត្រូវអនុវត្ត និងគោរពច្បាប់ចរាចរណ៍ឱ្យបានម៉ឺងម៉ាត់ ដើម្បីកាត់បន្ថយ និងជាគំរូនាយទាហានរងល្អនៅចំពោះមុខមហាជន។

នាយឧត្តមសេនីយ៍ ក៏បានថ្លែងកោតសរសើរការរៀបចំវគ្គទី៦ និងវគ្គទី៧ ប្រកបដោយជោគជ័យ។ ក្នុងពិធីនោះ នាយឧត្តមសេនីយ៍ បានអញ្ជើញបំពាក់ឋានន្តរស័ក្តិជូនសិក្ខាកាមជំនាញការពារអាកាសវគ្គទី៦ ចំនួន ២១នាក់ និងផ្តល់លិខិតសរសើរ ព្រមទាំងបានឧបត្ថម្ភថវិកាជូនវគ្គសិក្សា ដើម្បីចូលរួមលើកទឹកចិត្តដល់សិក្ខាកាមទាំងពីរវគ្គផងដែរ៕