(ភ្នំពេញ)៖ រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយលុបបំបាត់ជំងឺរបេងនៅកម្ពុជាត្រឹមឆ្នាំ២០៣០ ខណៈមន្ត្រីជំនាញកត់សម្គាល់ពីភាពចាំបាច់ក្នុងការអនុវត្តវិធានការនានា ដើម្បីទប់ស្កាត់ការរីករាលដាលចាប់ពីថ្នាក់មូលដ្ឋាន ហើយទាមទារឱ្យមានការចូលរួមពីគ្រប់វិស័យ គ្រប់ភាគី រួមទាំងអ្នកជំងឺខ្លួនឯង និងអ្នកពាក់ព័ន្ធជាមួយអ្នកជំងឺផង។

ដើម្បីកៀរគរការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ កម្មវិធីជាតិកម្ចាត់ជំងឺរបេងបានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពីក្របខណ្ឌគណនេយ្យភាពពហុវិស័យសម្រាប់ឆ្លើយតបជំងឺរបេង ក្នុងចំណោមអន្តរក្រសួង ភា្នក់ងារអង្គការសហប្រជាជាតិ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន សង្គមស៉ីវិល និងសហគមន៍ នាថ្ងៃទី១៧-១៨ ខែមករា ឆ្នាំ២០២៣ នៅសណ្ឋាគារភ្នំពេញ។

លោកវេជ្ជបណ្ឌិត ហួត ចាន់យុដា ប្រធានមជ្ឈមណ្ឌលជាតិកម្ចាត់ជំងឺរបេង បានឱ្យដឹងថា សមាសភាពនៃការចូលរួមនេះគឺសុទ្ធតែមានឥទ្ធិផលខ្លាំងក្នុងការទប់ស្កាត់ជំងឺរបេង ពិសេសស្ថាប័ននិតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ដែលរួមមានក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងយុត្តិធម៌ ក្រសួងកិច្ចការនារី ក្រសួងព័ត៌មាន ក្រសួងធម្មការនិងសាសនា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សហជីពកម្មករ អាជ្ញាធរមូលដ្ឋាន អង្គការសង្គមស៉ីវិល វិស័យឯកជន សហគមន៍ជាដើម។

លោកវេជ្ជបណ្ឌិតបានបន្តថា ដៃគូអន្តរក្រសួង-ស្ថាប័នខាងលើកំពុងរួមគ្នារៀបចំឱ្យមានសេចក្ដីព្រាងច្បាប់មួយ ដើម្បីយកទៅផ្សព្វផ្សាយ​ ណែនាំ អប់រំបណ្ដុះបណ្ដាល និងបញ្ចូលទៅផ្នែកវិស័យនីមួយៗឱ្យជួយជំរុញការផ្សព្វផ្សាយបន្ត ដើម្បីឱ្យមានការយល់ដឹងជាសកលពីជំងឺរបេង សំដៅលើកទឹកចិត្តឱ្យប្រជាជនមកទទួលសេវាពិនិត្យរកមេរោគរបេង និងព្យាបាលដោយឥតគិតថ្លៃ។

លោកបានថ្លែងថា «ការចាប់ផ្ដើមអនុវត្តនូវផែនការសកម្មភាពនេះ គឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តគោលនយោបាយបញ្ចប់ជំងឺរបេងនៅឆ្នាំ២០៣០ របស់រាជរដ្ឋាភិបាលកម្ពុជា»

លោកបានបន្ថែមថា គ្រប់វិស័យដែលពាក់ព័ន្ធនេះគឺសុទ្ធតែជាមុខសញ្ញាដែលអាចទប់ស្កាត់បញ្ចប់ការរីករាលដាលជំងឺរបេងបាន ហើយប្រសិនបើគ្រប់វិស័យដែលពាក់ព័ន្ធនឹងចូលរួមសស្រះសស្រាំបានល្អ គឺរួមចំណែកបង្ការការពារទប់ស្កាត់កុំឱ្យមានការរីករាលដាលទៅក្នុងសហគមន៍ នោះប្រទេសកម្ពុជានឹងទទួលបានលទ្ធផលល្អប្រសើរនៅឆ្នាំ២០៣០នោះជាក់ជាមិនខាន។

លោក ជួប សុខចំរើន នាយកអង្គការ Khana បានឱ្យដឹងថា ការចាប់ផ្ដើមអនុវត្តនូវផែនការសកម្មភាពនេះ គឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តគោលនយោបាយបញ្ចប់ជំងឺរបេងនៅឆ្នាំ២០៣០ របស់រាជរដ្ឋាភិបាលកម្ពុជា។

លោកថា គ្រប់វិស័យដែលពាក់ព័ន្ធនេះគឺសុទ្ធតែជាមុខសញ្ញាដែលអាចទប់ស្កាត់បញ្ចប់ការរីករាលដាលជំងឺរបេងបាន ហើយប្រសិនបើគ្រប់វិស័យដែលពាក់ព័ន្ធនឹងចូលរួមសស្រះសស្រាំបានល្អ នោះប្រទេសកម្ពុជានឹងទទួលបានលទ្ធផលល្អប្រសើរនៅឆ្នាំ២០៣០នោះជាក់ជាមិនខាន។

គួរជម្រាបថា យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថា នៅឆ្នាំ២០២១ មានករណីស្លាប់ដោយសារជំងឺរបេងរហូតដល់១,៦០០,០០០នាក់ គឺចំនួនច្រើនជាងឆ្នាំ២០១៩ និងឆ្នាំ២០២០ ដែលនេះគឺជាសញ្ញាណមិនល្អនោះឡើយសម្រាប់សុខមាលភាពពិភពលោក។ នៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២០ បានរកឃើញអ្នកឆ្លងជំងឺរបេងចំនួន១,៦០០នាក់។ នៅឆ្នាំ២០២១ រកឃើញអ្នកឆ្លងជំងឺរបេងមានប្រមាណ២ម៉ឺននាក់។ នៅឆ្នាំ២០២២ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺរបេងប្រមាណ៣១០០០-៣២០០០នាក់៕