(បាត់ដំបង)៖ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣នេះ មន្ត្រីជំនាញបោសសម្អាតមីនអ៊ុយក្រែន បានចុះទស្សនកិច្ចនៅការដ្ឋានដោះមីនតំបន់ប្រតិបត្តិការគ្រឿងចក្រ ស្ថិតនៅឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

ក្នុងដំណើរទស្សនកិច្ចនេះដែរ ក៏មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រី CMAC និងអាជ្ញធរមូលដ្ឋានជាច្រើននាក់ចូលរួមផងដែរ។

មន្ត្រីជំនាញ CMAC បានធ្វើបទបង្ហាញពីការងារ ដែលបានធ្វើនាពេលកន្លងមកដល់មន្ត្រីជំនាញបោសសម្អាតមីនអ៊ុយក្រែន ដែលបានមកទស្សនកិច្ច។ បន្ទាប់ពីធ្វើបទបង្ហាញមន្ត្រី CMAC បានពាក់អាវការពារដល់មន្ត្រីជំនាញបោសសម្អាតមីនអ៊ុយក្រែន និងអ្នកចូលរួមមុននឹងអនុញ្ញាតិឲ្យចូលក្នុងចំការមីន។

សូមបញ្ជាក់ផងដែរ ក្នុងដំណើរទស្សនកិច្ចនេះ មន្ត្រីជំនាញ CMAC បានអនុញ្ញាតឲ្យមន្ត្រីជំនាញបោសសម្អាតមីនអ៊ុយក្រែន ចុចបន្ទុះយុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ០២គ្រាន់ផងដែរ។ តំបន់ប្រតិបត្តិការគ្រឿងចក្រ DM08 មានផ្ទៃដីចំនួន២០ហិចតា និងបែងចែកជា០៣តំបន់។

ក្នុងឱកាសនោះ មន្ត្រីជំនាញបោសសម្អាតមីនអ៊ុយក្រែន និងមន្ត្រីជំនាញ CMAC ក៏បានចែកអំណោយមួយចំនួន ដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រាប់មីនចំនួន ៣០គ្រួសារផងដែរ៕