(ភ្នំពេញ)៖ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣នេះ ក្រុមមេធាវីរាជរដ្ឋាភិបាល ចេញសេចក្តីថ្លែងការណ៍ និងថ្កោលទោសគណបក្សភ្លើងទៀន ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរបំផុត ដល់សេចក្តីថ្លៃថ្នូរចំពោះរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា។

នៅក្នុងសេចក្តីការថ្លែងការណ៍របស់ក្រុមមេធាវីរាជរដ្ឋាភិបាល បានបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ និង នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ គណបក្សភ្លើងទៀន បានចេញនូវសេចក្តីថ្លែងការណ៍ពីរផ្សេងគ្នា។ ក្រុមមេធាវីរាជរដ្ឋាភិបាល សូមបញ្ជាក់ និងថ្កោលទោស ដូចខាងក្រោម៖

១- សេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀន មានចរិតបំផ្លើសផ្ទុយពីការពិត មានចេតនាទុច្ចរិតទម្លាក់កំហុសដោយអសុទ្ធចិត្ត មួលបង្កាច់ផ្ទុយពីសច្ចភាព ចំពោះរាជរដ្ឋាភិបាលកម្ពុជា និងចំពោះគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកំពុងកាន់អំណាច និងដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ។

២- សូមបញ្ជាក់ជូនសាធារណជនជ្រាបថា ការប្រតិបត្តិតាមច្បាប់ និងនីតិវិធីជាធរមាន និងការអនុវត្តវិធានការផ្លូវច្បាប់ចំពោះបទល្មើសព្រហ្មទណ្ឌ គឺជាសមត្ថកិច្ចផ្តាច់មុខរបស់តុលាការ និងអាជ្ញាធរមានសមត្ថកិច្ច ពោលគឺពុំមានពាក់ព័ន្ធអ្វីឡើយ ជាមួយរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ។ បុគ្គលណាក៏ដោយ ឬក្រុមណាមួយក៏ដោយ បើបានប្រព្រឹត្តបទល្មើស ត្រូវតែទទួលរងនូវទណ្ឌកម្មផ្លូវច្បាប់ ។

៣- ក្រុមមេធាវីរាជរដ្ឋាភិបាល សូមគាំទ្រពេញទំហឹងចំពោះរាល់ចំណាត់ការរបស់តុលាការ និងអាជ្ញាធរមានសមត្ថកិច្ចដែលបានពុះពារអនុវត្តច្បាប់ ទៅលើថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ជា « អ្នកនយោបាយ ប្រព្រឹត្តល្មើសព្រហ្មទណ្ឌ» និងបុគ្គលល្មើសដទៃទៀត ដើម្បីរក្សាការពារបានយុត្តិធម៌សង្គម លើកកម្ពស់នីតិរដ្ឋ និងដើម្បីរក្សាការពារ សុខសន្តិភាព ស្ថិរភាពសង្គម និងភាពសុខដុមរមនា ជូនប្រជាពលរដ្ឋកម្ពុជា។

៤- ក្រុមមេធាវីរាជរដ្ឋាភិបាល ប្រកាសពេញទំហឹង ថ្កោលទោសគណបក្សភ្លើងទៀន ដែលបានថ្លែងចោទប្រកាន់ទាំងបំពាន ចំពោះរាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជា បង្កប់ដោយអំពើទុច្ចរិត ចេតនាញុះញង់ឱ្យមានការបែកបាក់សាមគ្គីភាពជាតិ បង្កភាពវឹកវរដល់សន្តិសុខនៃរដ្ឋ និងបំផ្លាញនូវសេចក្តីសុខសាន្ត និងវឌ្ឍនភាពនៅក្នុងសង្គមកម្ពុជា នាពេលបច្ចុប្បន្ន ។

៥- ក្រុមមេធាវីរាជរដ្ឋាភិបាល សូមធ្វើការអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ តុលាការគ្រប់ជាន់ថ្នាក់ បន្តចាត់វិធានការច្បាប់ ដោយគ្មានការយោគយល់ លើបុគ្គលល្មើស ដើម្បីរួមចំណែកលើកកម្ពស់វិស័យយុត្តិធម៌ តាមការចង់បានរបស់ថ្នាក់ដឹកនាំជាតិ និងប្រជាជនកម្ពុជា៕