(ភ្នំពេញ)៖ លោក ថងលូន ស៊ីសូលីត នាយករដ្ឋមន្រ្តីនៃប្រទេសឡាវ បានអញ្ជើញដល់កម្ពុជាហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ រយៈពេល២ថ្ងៃនៅកម្ពុជាពោលគឺ នៅថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦នេះ។ ជាដំណើរទស្សនកិច្ច ដើម្បីពង្រឹង និងពង្រីកបន្ថែមទៀត នូវទំនាក់ទំនង មិត្តភាពជាប្រពៃណី ដែលមានស្រាប់ ទំនាក់ទំនងអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ។

សេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ថា នៅក្នុងដំណើរទស្សនកិច្ចនេះ លោក ថងលូន ស៊ីសូលីត នាយករដ្ឋមន្រ្តីឡាវ នឹងចូលបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅព្រះបរមរាជវាំង។

ក្រៅពីនោះ លោក ថងលូន ស៊ីសូលីត ក៏នឹងជួបសំដែងការគួរសមជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជួបចរចាផ្លូវការជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាផងដែរ៕