(ភ្នំពេញ)៖ លោក ឈាង វុន អ្នកនាំពាក្យរដ្ឋសភាមកពីគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ប្រាប់ Fresh News សារជាថ្មីនៅមុននេះថា រដ្ឋសភាពុំទាន់មានគម្រោងកាត់ប្រាក់ខែ និងដកហូតរថយន្តរបស់តំណាងរាស្រ្តបក្សប្រឆាំងនៅឡើយទេ ប៉ុន្តែពេលនេះគណៈកម្មាធិការអចិន្រ្តៃយ៍ ដែលដឹកនាំ ដោយសម្តេច ហេង សំរិន គ្រាន់តែបានសម្រេចឱ្យ គណៈកម្មការទី២នៃរដ្ឋសភា ដែលទទួលបន្ទុកផ្នែកហិរញវត្ថុ សិក្សាលើបញ្ហាសមាជិករដ្ឋសភា មកពីគណបក្សសង្រ្គោះជាតិ ដែលទទួលប្រាក់ខែ ទាំងមិនបានចូលធ្វើការអ្វីទាំងអស់។

លោក ឈាង វុន បានអះអាងថា ការយកបញ្ហានេះទៅពិភាក្សា នៅក្នុងគណៈកម្មាធិការអចិន្រ្តៃយ៍ នៃរដ្ឋសភា បានធ្វើឡើងបន្ទាប់ពី មានប្រជាពលរដ្ឋ មួយចំនួននាំគ្នាប្តឹងទៅកាន់គណៈកម្មការទី២ ដែលដឹកនាំដោយ លោកបណ្ឌិត ជាម យៀប ជុំវិញរឿងសមាជិកសភា របស់គណបក្សប្រឆាំងទទួលបានប្រាក់ខែ ដោយមិនធ្វើការនៅរដ្ឋសភា និងរឿងប្រធានគណៈកម្មការធិការទាំង៥ របស់គណបក្សសង្រ្គោះជាតិ ប្រើប្រាស់រថយន្តរដ្ឋសភាដែលជាទ្រព្យសម្បត្តិរដ្ឋ ទៅហែញត្តិដើម្បីបម្រើកិច្ចការបក្សជាដើម។

លោក ឈៀង វុន បានលើកឡើងថា «រដ្ឋសភាមិនទាន់សម្រេចថាយ៉ាងម៉េចទេ គ្រាន់តែឱ្យសិក្សា ដោយលើកពីរឿងប្រាក់ម៉ោងប្រជុំ ប្រធានគណៈកម្មការយកឡានទៅហែញត្តិទាំងអស់ហ្នឹង ដែលគេយកទៅជជែកគ្នា និងប្រាក់បៀវត្ស ពួកគាត់អត់ធ្វើការផង មន្រ្តីរាជការមានប្រាក់ខែតិចជាង ប៉ុន្តែគេខំធ្វើការចង់ងាប់ចង់រស់ បែរជាយើងតំណាងរាស្រ្តមានប្រាក់ខែ មួយគំនរអត់មកធ្វើការ តើម្តេចនឹងកើត»

សូមបញ្ជាក់ថា ការធ្វើពហិកាមិនចូលប្រជុំ របស់សមាជិកសភាមកពីគណកប្សសង្រ្គោះជាតិ បានធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចស្វែងរកការចាប់ខ្លួន លោក កឹម សុខា បន្ទាប់ពីប្រធានស្តីទីគណបក្សប្រឆាំងមួយនេះ អវត្តមានជាលើកទី២ ក្នុងការចូលបំភ្លឺជូនតុលាការ ក្នុងនាមជាសាក្សីក្នុងរឿងសញ្ជារកម្ម កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅ៕