(បន្ទាយមានជ័យ)៖ ក្នុងជំនួបពិភាក្សាជាមួយមេបញ្ជាការកងទ័ពភូមិភាគទី១ និងអភិបាលខេត្តស្រះកែវ របស់ថៃ និងអភិបាលខេត្តស្រះកែវ, លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ បានស្នើសុំភាគីថៃជួយទប់ស្កាត់កុំឱ្យមានអ្នកនយោបាយប្រទេសទាំង២ យកព្រំដែនធ្វើជាបញ្ហានយោបាយ ព្រោះថាបញ្ហាព្រំដែនជាភារកិច្ចនៃកងកម្លាំងនៃប្រទេសទាំងពី។
ជំនួបនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣នេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក អ៊ុំ រាត្រី អភិបាលខេត្តខេត្តបន្ទាយមានជ័យ, លោកឧត្តមសេនីយ៍ទោ សេង ធារិន តំណាងឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ ដោយឡែកភាគីថៃ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ផាក់ណា ខ្លែវផ្លតធុក មេបញ្ជាការកងទ័ពភូមិភាគទី១ ថៃ និងអភិបាលខេត្តស្រះកែវ នៅក្នងបរិវេណស្ពានមិត្តភាពកម្ពុជា-ថៃ ច្រកអន្តរជាតិ «ប៉ោយប៉ែត-ខ្លងលឹក»។
គោលបំណងនៃកិច្ចជំនួបនេះ គឺដើម្បីសំណេះសំណាលពិភាក្សាការងារ ក្នុងន័យរឹតចំណងសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរយោធភូមិភាគទី៥ កម្ពុជា និងកងទ័ពភូមិភាគទី១ ថៃ។
ជំនួបនេះលើកឡើងរួមមាន៖
ទី១៖ ការដោះស្រាយបញ្ហា តាមតំបន់ព្រំដែនបានកាន់តែល្អប្រសើរឡើង។
ទី២៖ បន្តអនុវត្តន៍យន្តការនៃជំនួបពិភាក្សា រវាងមេបញ្ជាការ កងទ័ពជើងគោកនៃប្រទេសទាំងពីរ
ទី៣៖ គាំទ្រសកម្មភាពការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ រវាងប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។
និងទី៤៖ បន្តកិច្ចសហប្រតិបត្តការទប់ស្កាត់ បញ្ហាគ្រឿងញៀន ចោរកម្មឆ្លងដែន ការកាប់បំផ្លាញព្រៃឈើ បទល្មើសផ្សេងៗ និងទប់ស្កាត់អំពើរភេរវកម្ម ឧក្រិដកម្មតាមបណ្តោយព្រំដែន។
មេបញ្ជាការកងទ័ពភូមិភាគទី១ថៃ ក៏បានថ្លែងអរគុណដល់ប្រទេសកម្ពុជា ដែលបានជួយជនជាតិថៃ ក្នុងហេតុការអគ្គីភ័យឆាបឆេះសណ្ឋាគារហ្គ្រែនដាយមេន នៅក្នុងក្រុងប៉ោយប៉ែតកន្លងមក៕