(ត្បូងឃ្មុំ)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ឲ្យដឹងថា ក្រសួងកំពុងពិសោធន៍ នូវពូជកៅស៊ូថ្មីមួយទៀត ដែលនឹងផ្ដល់ទិន្នផល បានច្រើនជាងទិន្នផល នៃពូជកៅស៊ូធម្មតា លើស៥០ភាគរយ។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ឌិត ទីណា ដឹកនាំសហការី ចុះទស្សនកិច្ច នៅវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា ស្ថិតនៅក្នុងឃុំជីរោរិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣។

ការចុះទស្សនកិច្ច នៅវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា ខាងលើនេះ ដើម្បីស្វែងយល់ពីស្ថានភាពមូលដ្ឋាន និងការកាត់បន្ថយថ្លៃដើម តាមរយៈការបង្កើតពូជថ្មី មានទិន្នផលខ្ពស់ ធន់នឹងជំងឺ ការរក្សានូវគុណភាពដី និងកាត់បន្ថយនូវការចំណាយផ្សេងៗ ក្នុងផលិតកម្ម ដោយវិធីសាស្ត្រ No till planter។

លោក ឌិត ទីណា បានបញ្ជាក់យ៉ាងដូច្នេះថា «យើងបានអភិវឌ្ឍន៍ពូជថ្មីមួយទៀត ដែលកំពុងពិសោធន៍ ហើយនៅពេលដែលបានលទ្ធផលច្បាស់លាស់ ពូជថ្មីនេះ នឹងផ្តល់ទិន្នផល បានច្រើនជាងទិន្នផល នៃពូជធម្មតា លើស៥០ភាគរយ ជាពិសេសធន់នឹងជំងឺ»

លោក ឌិត ទីណា បានលើកឡើងថា ការងារកៅស៊ូ ឃើញថាល្អ ហើយប្រទេសកម្ពុជា ជាប្រទេសផលិតកៅស៊ូច្រើន ទាំងកៅស៊ូគ្រួសារ និងកៅស៊ូឧស្សាហកម្ម ហើយលោកគិតថា លទ្ធផលនៃការសិក្សាទាំងអស់នេះ នឹងបង្កើនផលិតផល និងបង្កើនប្រាក់ចំណេញថែមទៀត។

បន្ថែមពីនោះទៀត លោក ឌិត ទីណា បានណែនាំឲ្យធ្វើការសិក្សាពីផលិតកម្ម និងដំណើរការដាំដុះកៅស៊ូ ការរំញោចនៃប្រភេទពូជនីមួយៗ ជាពិសេសឥទ្ធិពល នៃដំណាំគម្របដី និងជីនៅចន្លោះដើមកៅស៊ូ។ ម្យ៉ាងទៀត ត្រូវពិនិត្យមើលលើ លទ្ធផលចៀរជ័រប្រចាំឆ្នាំ តម្លៃទីផ្សារ និងគិតគូរពីកំលាំងពលកម្មផងដែរ។

ជាមួយគ្នានេះ លោក ឌិត ទីណា ក៏បានចុះពិនិត្យមើល ស្ថានីយ៍ស្រាវជ្រាវកសិកម្មអភិរក្សបុរសខ្នុរ នៅឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម នូវវិធីសាស្ត្រក្នុងការដាំដុះមួយចំនួន មិនចាំបាច់ភ្ជួររាស់ ដោយមាន ការកាត់បន្ថយចំណាយមួយចំនួន ហើយជាពិសេសថែរក្សាដី ដើម្បីឲ្យមានគុណភាពបានយូរ។

លោក ឌិត ទីណា បានឲ្យដឹងថា ការពិសោធន៍សម្រាប់ការដាំដុះ ដោយមិនចាំបាច់ភ្ជួររាស់នេះ ក៏កំពុងតែធ្វើ និងកំពុងតែពង្រីកផងដែរ ហើយលោកនឹងតាមដានបន្ដទៀត នៅពេលដែលទទួលបានលទ្ធផល ជាក់ស្ដែង ដោយលោកថា យើងមិនមើលតែផលិតភាព ពាក់ព័ន្ធជាមួយនឹងបច្ចេកទេសនោះទេ គឺត្រូវមើលប្រសិទ្ធភាព ផ្នែកសេដ្ឋកិច្ចថែមទៀត តើធ្វើទៅពិតជាចំណេញមែន ឬមួយក៏យ៉ាងណា។

ទន្ទឹមគ្នានេះ លោក ឌិត ទីណា ក៏បានផ្តល់ការចាប់អារម្មណ៍ លើសមត្ថភាពកាបូនក្នុងដី ដែលពាក់ព័ន្ធនឹងបម្រែបម្រួលអាកាសធាតុ។ យ៉ាងណាមិញ លោកបានស្នើឲ្យពិនិត្យមើលបន្ថែមទៀត លើវិធីសាស្ត្រទាំងនៅទីវាល និងក្នុងបទបង្ហាញ។

លោក ឌិត ទីណា ក៏បានផ្តល់នូវមតិផ្តាំផ្ញើដល់មជ្ឈមណ្ឌល ឲ្យធ្វើតាមបែបវិទ្យាសាស្ត្រពិតប្រាកដ និងមានមូលដ្ឋាន ឯកសារយោងច្បាស់លាស់ ហើយត្រូវហ៊ានប្រឈមមុខ ដើម្បីអភិវឌ្ឍខ្លួនបន្ថែមទៀត។ លើសពីនេះទៀត មជ្ឈមណ្ឌលត្រូវធ្វើការដកពិសោធន៍ផ្ទាល់រាល់វិធីសាស្ត្រ ឲ្យមានភាពជឿជាក់ ដោយប្រើប្រាស់ប្រភេទដីផ្សេងៗ ឬដីហិរ ឲ្យមានប្រសិទ្ធភាព និងអាចគៀងគរគម្រោងដើម្បីជួយគាំទ្រការដាំដុះ៕