(ភ្នំពេញ)៖ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង ព្រមទាំងពលទាហាននៃបញ្ជាការដ្ឋានទ័ពពិសេសទាំងអស់ សូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះបុគ្គល ឡុង សុគន្ធារៈ ដែលក្លែងបន្លំឯកសណ្ឋានយោធា និងឋានន្តរស័ក្តិនាយទាហានជាន់ខ្ពស់កម្ពុជា ហើយចេញវីដេអូប្រមាថនាយទាហានជាន់ខ្ពស់កម្ពុជា និងប្រមុខរាជរដ្ឋាភិបាល។

ការប្រើប្រាស់ឯកសណ្ឋានយោធាដោយខុសច្បាប់ និងអំពើញុះញង់ដ៏គឃ្លើននេះ គឺជាអំពើល្មើស ធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ និងសេចក្តីថ្លៃថ្នូររបស់កងយោធពលខេមរភូមិន្ទ ព្រមទាំងសណ្តាប់ធ្នាប់សាធារណៈ ស្ថិរភាពសង្គម និងសន្តិសុខជាតិទាំងមូល ដែលមិនអាចអត់ឱនឱ្យបានឡើយ។

មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង ព្រមទាំងពលទាហាននៃបញ្ជាការដ្ឋានទ័ពពិសេសទាំងអស់ សូមគាំទ្រចំណាត់ការរបស់ អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ក្នុងការសម្រេចចិត្តដាក់ពាក្យប្តឹង ទៅតុលាការមានសមត្ថកិច្ច ដើម្បីផ្តន្ទាទោសជននេះតាមច្បាប់ជាធរមាន។

យើងសូមប្រឆាំងដាច់ខាតរាល់អំពើខុសឆ្គងទាំងឡាយណា ដែលធ្វើឱ្យប៉ះពាល់ដល់ស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ និងសូមប្តេជ្ញាការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ គ្រប់កាលៈទេសៈ ទោះក្នុងតម្លៃណាក៏ដោយ ដើម្បីធានាការពារនិរន្តរភាព និងផលប្រយោជន៍ដ៏ខ្ពង់ខ្ពស់របស់ជាតិ៕