(កំពង់ឆ្នាំង)៖ ជនទំនើងដែលមានសារជាតិញៀន បានដេញកាប់ប្រជាពលរដ្ឋនៅពេលយប់៤ករណី ត្រូវបានសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបាន និងបានបង្ហាញមុខនៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ នៅស្នងការដ្ឋាននគរបាលខេត្ត។

លោកវរសេនីយ៍ឯក ពេជ រ៉ី ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង ក្នុងពេលបង្ហាញមុខជនទំនើងជាជនសង្ស័យទាំង៦នាក់ខាងលើនេះ បាននិយាយឲ្យដឹងថា ជនទំនើងទាំង៦នាក់នេះ បានដេញកាប់អ្នកជិះម៉ូតូនៅ ពេលយប់ចំនួន៤ករណី ដែលបានកើតឡើងចាប់តាំងពីថ្ងៃទី៦-២២ ខែមករា ឆ្នាំ២០២៣ នៅក្នុងក្រុងកំពង់ឆ្នាំង និងស្រុករលាប្អៀរ។

លោកបានបន្តថា ពួកជនទំនើងទាំង៦នាក់នេះ សុទ្ធតែមានសារជាតិញៀនក្នុងខ្លួន ហើយសកម្មភាពរបស់ពួកវិញនោះមិនបាច់មានទំនាស់អ្វីទេ គឺគ្រាន់តែមើលមុខក៏ពួកគេដេញវាយ និងកាប់គេដែរ។ ចាប់តាំងពីថ្ងៃទី៦ ខែមករា ដល់ថ្ងៃទី២០ ខែមករា ពួកគេបានធ្វើសកម្មភាព ដេញកាប់បង្ករបួសស្នាមចំនួន៤លើក បណ្តាលឲ្យរងរបួសប្រជាពលរដ្ឋចំនួន៥នាក់ស្រាល និងខូចខាតម៉ូតូចំនួន ៤គ្រឿងស្រាលនៅ ក្នុងក្រុងកំពង់ឆ្នាំង និងនៅក្នុងស្រុករលាប្អៀរ។

ជនទំនើងទាំង៦នាក់ខាងលើនេះ ត្រូវបានសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង និងនគរបាលស្រុករលាប្អៀរ សហការគ្នាស្រាវជ្រាវចាប់ខ្លួនបាននៅអំឡុងថ្ងៃទី២២-២៤ ខែមករា រួមមាន៖

*ទី១៖ ឈ្មោះ លន វុទ្ធី អាយុ២៣ឆ្នាំ
*ទី២៖ ឈ្មោះ ភោគ លីហៀង អាយុ១៩ឆ្នាំ
*ទី៣៖ ឈ្មោះ រីម វិរះ អាយុ១៨ឆ្នាំ
*ទី៤៖ ឈ្មោះ មាស ណារី អាយុ១៨ឆ្នាំ
*ទី៥៖ ឈ្មោះ ឈន វិសាល អាយុ១៦ឆ្នាំ
*ទី៦៖ ឈ្មោះ ឌី ចាន់រាត្រី អាយុ២២ឆ្នាំ។ ពួកគេរស់នៅក្នុងស្រុករលាប្អៀរ។ ជនទំនើងទាំង៦នាក់នេះ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងនិងបញ្ជូនខ្លួនទៅតុលាការខេត្តនៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ដើម្បីចំណាត់ការតាមផ្លូវច្បាប់។

លោកសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ពេលធ្វើដំណើរពេលយប់សូមប្រុងប្រយ័ត្នខ្ពស់ និងបើជួបក្មេងទំនើងដូចខាងនេះ ត្រូវប្ដឹងទៅនគរបាលប៉ុស្តិ៍រដ្ឋបាលដែលនៅជិត ដើម្បីជួយអន្តរាគមន៍បានទាន់ពេលវេលា៕