(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីនថ្មី ដែលនឹងឡើងកាន់តំណែងជាផ្លូវការក្នុងពេលឆាប់ៗខាងមុខនេះ បានទាត់ចោល យុទ្ធនាការ របស់ក្រុមសកម្មជនសិទ្ធិមនុស្សឆ្លួតឡប់មួយចំនួនដែលរិះគន់លោក រឿងច្បាប់កាត់ទោសប្រហារជីវិត និងការហាមកុមារដើរលេងយប់ជ្រៅ ថាជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនោះ។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃចន្ទ ទី២៧ ខែមិថុនា ឆ្នាំ២០១៦។

អនាគតប្រធានាធិបតីលោក រ៉ូឌ្រីហ្គោ ឌូធើត (Rodrigo Duterte) បានផ្តល់បទសម្ភាសន៍ពីលំនៅដ្ឋានរបស់លោក នៅទីក្រុង Davao ថា រដ្ឋបាលរបស់លោក ដែលនឹងឡើងកាន់អំណាចជាផ្លូវការនាពេលឆាប់ៗខាងមុខនេះ នឹងផ្តោត សំខាន់បំផុតលើការកាត់បន្ថយបទឧក្រិដ្ឋកម្ម តាមរយៈការប្រយុទ្ធប្រឆាំងឲ្យខ្លាំងក្លា ក្នុងនោះការអនុញ្ញាតឲ្យមានច្បាប់ កាត់ទោសប្រហារជីវិតឡើងវិញ គ្រាន់តែជាការចាប់ផ្តើមជំហានដំបូងប៉ុណ្ណោះ។

លោក ឌូធើត ថ្លែងដូច្នេះថា «ក្រុមសិទ្ធិមនុស្ស និង សមាជិករដ្ឋសភា ទាំងនោះ, ពួកអ្នកឯងពិតជាភ្លីភ្លើណាស់។ ខ្ញុំជឿជាក់ ចំពោះរបៀបនៃការផ្តន្ទាទោសនេះ។ ហេតុអ្វី? អ្នកត្រូវតែតបស្នង បន្ទាប់ពីពេលដែលអ្នកបាន សម្លាប់ ឬ រំលោភអ្នកដទៃ នោះអ្នកគួរតែស្លាប់»។ លោក ឌូធើត រំពឹងថាមនុស្សអាក្រក់ រាប់ម៉ឺននាក់នឹងត្រូវស្លាប់ ប្រសិនបើ កងកម្លាំងមានសមត្ថកិច្ច ចាប់ផ្តើមអនុវត្តន៍ច្បាប់តឹងរ៉ឹង ដើម្បីកសាងរបៀបរៀបរយឡើងវិញក្នុងសង្គម។

គួរបញ្ជាក់ថា ក្រៅពីការគ្រោងបង្កើតច្បាប់ប្រហារជីវិតឡើងវិញ លោក ឌូធើត ក៏បានរៀបចំច្បាប់រឹតបន្តឹងសេរីភាព ដើរហើររបស់កុមារ និង ក្មេងមិនទាន់គ្រប់អាយុ ដោយពួកគេនឹងមិនត្រូវបានអនុញ្ញាតឲ្យ ធ្វើដំណើរតាមផ្លូវ ពេលយប់ ជ្រៅពេកនោះឡើយ។ បន្ថែមពីនេះទៀត លោកក៏នឹងផ្តល់ដាវអាជ្ញាសឹកដល់ប៉ូលិស បាញ់សម្លាប់ក្រុមអ្នករត់ពន្ធគ្រឿង ញៀន និង លើកទឹកចិត្តឲ្យប្រជាជនធម្មតា អាចចាប់ខ្លួន ឬ សម្លាប់ជនសង្ស័យដែលប្រព្រឹត្តបទឧក្រិដ្ឋនានាទៀតផង៕