(រតនគិរី)៖ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ សមាគមក្រុមប្រឹក្សាក្រុងស្រុកឃុំសង្កាត់ ខេត្តរតនគិរី បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ និងសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ខេត្តរតនគិរី។

កិច្ចប្រជុំនេះប្រារព្ធធ្វើឡើងនៅសាលមហោស្រពរតនៈ ក្រោមអធិបតីភាពលោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត, លោក ជា ថាវរិទ្ធ អភិបាលស្តីទីខេត្តរតនគិរី និងលោកស្រី ខាញ់ សូវី អនុប្រធានសម្ព័ន្ធភាពជាតិក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងមានការអញ្ជើញពីលោក លោកស្រី សមាជិក សមាជិកាសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់សរុប៧៥នាក់។

បន្ទាប់ពី លោក ទុន ពៅ ប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន និងលោក ស្រី ខាញ់ សូវី អនុប្រធានសម្ព័នភាពជាតិក្រុមប្រឹក្សាមូលដ្ឋានបានអានរបាយការណ៍លទ្ធផលការងាររបស់សមាគមនក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់រួចមកលោក ណាប់ ប៊ុនហេង បានលើកឡើងថា កិច្ចប្រជុំពេលនេះគឺជាឱកាស ដែលសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ បង្ហាញនូវសមិទ្ធផលដែលសម្រេចបានកន្លងមកក្នុងការលើកកម្ពស់សមត្ថភាព និងការពារផលប្រយោជន៍ស្របច្បាប់របស់ក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ខេត្តរតនគិរី។

លោកប្រធានក្រុមប្រឹក្សាខេត្តបានស្នើឲ្យសមាជិក សមាជិកានៃអង្គប្រជុំទាំងមូលយកចិត្តទុកដាក់ចូលរួមជាមតិយោបល់ឲ្យបានផុសផុល ដើម្បីឲ្យដំណើរការនៃកិច្ចប្រជុំទទួលបានលទ្ធផលល្អក្នុងការជំរុញដំណើរការ កំណែទម្រង់អភិបាលកិច្ចមូលដ្ឋាន និងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិមានភាពរលូន មានគណនេយ្យភាព និងតម្លាភាពចំពោះប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត។

ថ្លែងក្នុងឱកាសនោះ លោក ជា ថាវរិទ្ធ បានសម្តែងនូវការគាំទ្រ និងសហការជាមួយក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់នៅក្នុងការអភិវឌ្ឍសមត្ថភាពរបស់សមាជិករបស់ខ្លួន។

លោកអភិបាលខេត្តស្តីទី បានផ្តាំផ្ញើដល់សមាគមត្រូវបន្ត អនុវត្តតាមបទបញ្ជាផ្ទៃក្នុងនិងលក្ខន្តិកៈរបស់សមាគមដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ ស្របតាមច្បាប់ស្ដីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល។ រដ្ឋបាលក្រុង ស្រុកឃុំ សង្កាត់ត្រូវយកចិត្តទុកដាក់បង់ប្រាក់សមាជិកជាប្រចាំ និងស្នើដល់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរតនាគារខេត្តសូមសហការ និងជួយសម្រួលដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ផ្ទេរសាច់ប្រាក់ សមាជិកភាពមកសមាគម ឲ្យបានទាន់ពេលវេលា ដើម្បីសមាគមមានលទ្ធភាពផ្ទេរបន្តទៅសម្ព័ន្ធភាពជាតិ និងអនុវត្ដសកម្មភាពទៅតាមផែនការដែលបានគ្រោងទុកព្រោះថាសមាគមមិនមានប្រភពចំណូលក្រៅពីប្រាក់សមាជិក ដែលបង់មកពីក្រុង ស្រុកឃុំសង្កាត់នោះឡើយ។

សមាគមត្រូវបន្តផ្សព្វផ្សាយនិងពង្រឹងការអនុវត្តក្រមសីលធម៌សម្រាប់សមាជិកក្រុមប្រឹក្សាក្រុង ស្រុកឃុំសង្កាត់ដែលសម្ព័ន្ធភាពជាតិថ្នាក់មូលដ្ឋានបានដាក់ឲ្យប្រើប្រាស់ឲ្យមានប្រសិទ្ធភាព ដើម្បីលើកកម្ពស់គុណតម្លៃរបស់សមាជិក ក្រុមប្រឹក្សា។ សមាគមត្រូវយកចិត្តទុកដាក់ផ្តល់សេវាដល់សមាជិកស្របតាមគោលបំណង និងទិសដៅផែនការយុទ្ធសាស្ត្ររបស់ខ្លួន។ រដ្ឋបាលក្រុង ស្រុកមន្ទីរអង្គភាពពាក់ព័ន្ធអង្គការសង្គមស៊ីវិលសូមបន្តជួយគាំទ្រ និងសហការជាមួយសមាគម ប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ដើម្បីសមាគមបានអនុវត្តតួនាទីរបស់ខ្លួនស្របតាមគោលដៅដែលបានដាក់ចេញឲ្យមានប្រសិទ្ធភាព៕