(ភ្នំពេញ)៖ លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា ការបើកសេដ្ឋកិច្ចឡើងវិញរបស់ប្រទេសចិនរំពឹងថានឹងជួយរុញច្រានសេដ្ឋកិច្ចកម្ពុជា តាមរយៈការត្រឡប់មកវិញ នូវលំហូរវិនិយោគចិន និងភ្ញៀវទេសចរចិន។

ការលើកឡើងរបស់លោក វង្សី វិស្សុត ធ្វើឡើងក្នុងវេទិកាសាធារណៈ ស្តីពី គ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣នេះ។

លោក វង្សី វិស្សុត បានថ្លែងថា ការបើកឡើងវិញនៃប្រទេសចិន នឹងរុញច្រានកំណើនសេដ្ឋកិច្ចកម្ពុជា ព្រោះចិនជាដៃគូធំមួយ ក្នុងចំណោមដៃគូធំៗទាំង៤របស់កម្ពុជា ដែលមានចិន សហរដ្ឋអាមេរិក អឺរ៉ុប និងអាស៊ាន។

លោកបន្តថា ចិនជាប្រទេស ដែលវិនិយោគនៅកម្ពុជាច្រើនជាងគេ នៅឆ្នាំ២០២២កន្លងទៅចិនវិនិយោគនៅកម្ពុជា ជាង១៦០០លានដុល្លារ ស្មើ៤២ភាគរយនៃការវិនិយោគសរុប។ ចិននៅតែដើរតួសំខាន់ ក្នុងការរុញច្រានកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ដោយមិនត្រឹមតែវិនិយោគមកលើវិស័យឧស្សាហកម្មប៉ុណ្ណោះទេ តែបានវិនិយោគទៅលើវិស័យកសិកម្ម, ទេចរណ៍ អចលនទ្រព្យ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធទៀតផង។

លោកបញ្ជាក់ថា ចំពោះវិស័យពាណិជ្ជកម្មវិញក៏ដូចគ្នា ទីផ្សារធំនៃការនាំចេញរបស់កម្ពុជា គឺទៅអឺរ៉ុប និងអាមេរិក ប៉ុន្ដែប្រភពវត្ថុធាតុដើម ដែលផលិតនិងនាំចេញ គឺនាំមកពីប្រទេសចិន។ ថ្វីត្បិតតែថ្ងៃអនាគតកម្ពុជា អាចទិញវត្ថុធាតុដើមពីវៀតណាម តែបច្ចុប្បន្ន ត្រូវការការផ្គត់ផ្គង់វត្ថុធាតុដើមមកកាន់កម្ពុជា ដើម្បីកែច្នៃនឹងនាំចេញទៅវិញ ជាក់ស្ដែងក្ដាបន្ទះ, សូឡា ក៏ត្រូវការនាំចូលពីប្រទេសចិន និងនាំចេញបន្ដ។

លោកបញ្ជាក់ថា ចំពោះទេសចរណ៍ចិន ជាប្រភពមួយយ៉ាងធំ ជាក់ស្ដែងក្នុងអំឡុងពេលនៃជំងឺកូវីដ១៩ បានរីករាលដាលខ្លាំង វិស័យទេសចរណ៍កម្ពុជាត្រូវដាំក្បាលចុះ ដោយសារតែមិនមានភ្ញៀវទេសចរចូលមក ពិសេសភ្ញៀវទេសចរចិន។ ដូច្នេះការបើកសេដ្ឋកិច្ចរបស់ចិន ជាឱកាសទាញភ្ញៀវទេសចរចិនមកកាន់កម្ពុជា។ ចិនជាកម្លាំងមួយ ដែលអាចអូសទាញទេសចរណ៍ នៅកម្ពុជាឲ្យងើបឡើង ដូច្នេះការព្យាករណ៍ក្នុងឆ្នាំ២០២៣ ទេសចរណ៍អន្ដរជាតិនឹងមានជាង៤.៣លាននាក់ ក្នុងនោះភ្ញៀវទេសចរចិនរំពឹងថា មានចំនួន២លាននាក់។

សូមជម្រាបថា នៅឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរចំនួនជិត ២.៣លាននាក់ ក្នុងនោះភ្ញៀវចិនមានជាង១០ម៉ឺននាក់ប៉ុណ្ណោះ ដោយសារតែគោលនយោបាយសូន្យកូវីដ របស់ចិន៕