(ស្វាយរៀង)៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីចិន-វៀតណាម រយៈពេល៤ថ្ងៃ ខេត្តស្វាយរៀង ទទួលភ្ញៀវទេសចរដើរលេងកម្សាន្តជាង៣ម៉ឺននាក់ នៅតាមទីប្រជុំជន នៃក្រុងស្វាយរៀង និងតាមស្រុកក្រុងនានា។

លោក វ៉ាន់ សារ៉ាត ប្រធានមន្ទីរទេសចរណ៍ខេត្តស្វាយរៀង បានឲ្យដឹងនៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ថា កត្តាសុខសន្តិភាព និងដោយសារការរៀបចំសន្តិសុខសណ្ដាប់ធ្នាប់ របៀបរៀបរយនៅក្នុងសង្គមបានល្អ ធ្វើឲ្យប្រជាពលរដ្ឋនៅខេត្តស្វាយរៀងដើរលេងកម្សាន្តក្នុងរយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីចិន-វៀតណាម ចាប់ពីថ្ងៃចាប់ថ្ងៃទី២១-២៤ ខែមករា ឆ្នាំ២០២៣ មានភ្ញៀវទេសចរដើរលេងកម្សាន្តសរុបចំនួនប្រមាណ ៣១២២០នាក់ ស្រី១៤៩៣១នាក់ ក្នុងនោះ មានភ្ញៀវអន្តរជាតិចំនួន៨ នាក់ ស្រី២នាក់ (មានជនជាតិ ចិន វៀតណាម ប៉ាគីស្ថាន)។

លោកបានបន្តថា ចំពោះការគ្រប់គ្រងសន្តិសុខ សណ្តាប់ សុវត្ថិភាព អនាម័យ បរិស្ថាន បានល្អប្រសើរ ហើយពលរដ្ឋ និងភ្ញៀវទេសចរមានការយល់ដឹងច្រើន និងចូលរួមអនុវត្តការពារខ្លួនពីជំងឺកូវីដ១៩។

លោកបានបញ្ជាក់ថា ខេត្តស្វាយរៀង ក្រោមការដឹកនាំពីសំណាក់លោក ម៉ែន វិបុល បានធ្វើឲ្យទូទាំងខេត្តមានការអភិវឌ្ឍរីកចម្រើនគួរឱ្យកត់សម្គាល់នាពេលបច្ចុប្បន្ននេះ ដែលមានរោងចក្រសហគ្រាសជាច្រើនកន្លែងស្រូប យកកម្មកររាប់ម៉ឺននាក់ កំពុងបម្រើការងារ ដែលធ្វើឱ្យប្រជាពលរដ្ឋមានលទ្ធភាពក្នុងការដើរលេងកម្សាន្ត ជាពិសេសបាននាំគ្នាជួបជុំនៅមាត់ច្រាំងទន្លេវ៉ៃគោ ច្រាំងតាបុល ដែលអាជ្ញាធរខេត្តបានស្ថាបនាឡើង មានទាំងកន្លែងហាត់ប្រាណបង្កភាពសប្បាយរីករាយដល់ប្រជាពលរដ្ឋផងដែរ៕