(ស្ទឹងត្រែង)៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្ដាំផ្ញើដល់ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្តស្ទឹងត្រែង និងមន្ត្រីក្រោមឱវាទត្រូវរួមអនុវត្តនីតិវិធីក្នុងការចេញវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ជាប្រព័ន្ធជូនប្រជាពលរដ្ឋ ធ្វើយ៉ាងណាសម្រេចតាមផែនការដែលបានដាក់ចុះ។

ការផ្ដាំផ្ញើបែបនេះ ធ្វើឡើងក្នុងពិធីប្រកាសចូលកាន់តំណែងលោក គឹម ពិសិដ្ឋ ជាប្រធានមន្ទីររៀបចំដែនដីខេត្តស្ទឹងត្រែង ជំនួសលោក ម៉ិញ ស៊ីចាយ នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣។

នាឱកាសនោះ លោក ឆាន់ សាផាន រដ្ឋលេខាធិការប្រចាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្តាំផ្ញើទៅកាន់លោកប្រធានមន្ទីរដែលទើបតែងតាំងថ្មី និងមន្ត្រីសូរិយោដីទាំងអស់ត្រូវពង្រឹងស្មារតីសាមគ្គីភាព និងឯកភាពផ្ទៃក្នុងជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ថ្នាក់ក្នុងមន្ទីរឱ្យបានល្អ ពោលគឺសំដៅលុបបំបាត់ភាពអសកម្មទាំងឡាយ និងបង្កើនស្មារតីគោរពក្រមសីលធម៌វិជ្ជាជីវៈ បង្កើនប្រសិទ្ធភាពការងារលើការផ្ដល់សេវាជូន ប្រជាពលរដ្ឋដែលមករកសេវាពីមន្ទីរ។

លោករដ្ឋលេខាធិការបានបន្តថា «មន្ត្រីរាជការ នៃមន្ទីរដែនដីក៏ត្រូវរៀបចំនីតិវិធី ក្នុងការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជាប្រព័ន្ធ ជូនប្រជាពលរដ្ឋឱ្យសម្រេចតាមផែនការ»។

ទន្ទឹមនឹងនោះ លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង ក៏បានកោតសរសើរ និងជំរុញបន្ថែមឱ្យមន្ទីរសូរិយោដីកសាងផែនការប្រើប្រាស់ដីធ្លី ការសម្របសម្រួលក្នុងកិច្ចការសម្បទានដីសង្គមកិច្ច ការសាងសង់ផ្ទះជូនគ្រួសារ អតីតយុទ្ធជន ជាពិសេសលើការងារសម្របសម្រួលដោះស្រាយទំនាស់ដីធ្លី ដែលទាំងអស់នេះគឺពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ក្រសួង និងរដ្ឋបាលខេត្ត ក្នុងការលើកកម្ពស់សុវត្ថិភាពក្នុងការកាន់កាប់ដីធ្លី ដែលជាបច្ច័យជួយជំរុញនូវកំណើនសេដ្ឋកិច្ច សង្គម ប្រកបដោយនិរន្តរភាព និងសុខដុមនីយកម្ម៕