(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីចែកសញ្ញាបត្រ ជូននិស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៃសាកលវិទ្យាល័យវេស្ទើន ជាង៣ពាន់នាក់ ដែលពួកគេបានបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា២០១៩-២០២០ ឆ្នាំសិក្សា២០២០-២០២១ និងឆ្នាំសិក្សា២០២១-២០២២ កន្លងទៅ។

ពិធីប្រគល់សញ្ញាបត្រនេះ នឹងធ្វើឡើងនៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ ដោយមាននិស្សិតនិស្សិតជ័យលាភីនៃសាកលវិទ្យាល័យវេស្ទើនសរុប៣២៣២នាក់ក្នុងនោះក៏មាននិស្សិតស្រីចំនួន១៨៩៧នាក់ ផងដែរ។

សាកលវិទ្យាល័យវេស្ទើន ជាសាកលវិទ្យាល័យល្បីមួយ ដែលបាននិងកំពុងបណ្តុះបណ្តាល និស្សិតនៅថ្នាក់ឧត្តមសិក្សាមានគ្រប់កម្រិតសិក្សា តាមផែនការយុទ្ធសាស្ត្របានកំណត់ ក្នុងគោលដៅចូលរួមអនុវត្តតាមគោលនយោបាយ និងផែនការយុទ្ធសាស្ត្រវិស័យអប់រំ ដើម្បីធានាបានសេវាអប់រំប្រកបដោយគុណភាពខ្ពស់ស្របតាមចក្ខុវិស័យ និងបេសកកម្មរបស់ខ្លួន។

បើតាមរបាយការណ៍របស់ លោកឧកញ៉ា តែ ឡូរិន ប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យវេស្ទើន, បច្ចប្បន្នសាកលវិទ្យាល័យមាននិស្សិតកំពុងបន្តការសិក្សាក្នុងឆ្នាំ២០២២-២០២៣ នេះចំនួនសរុប ៥.១៨៦នាក់ ( ស្រី ៣.៥៩០នាក់ ) ហើយមាននិស្សិតបានបញ្ចប់ការសិក្សា គិតចាប់ពីឆ្នាំសិក្សា២០០៣-២០០៤ដល់ឆ្នាំសិក្សាបច្ចុប្បន្នចំនួន១៦.៧៤១នាក់ (ស្រី ៨.៤៣០នាក់)។

របាយការណ៍បានបញ្ជាក់បន្ថែមថា ក្រៅពីការផ្តល់ជូនអាហារូបករណ៍សម្រាប់សិស្ស និស្សិតក្រីក្រ តាមរយៈប្រមុខរាជរដ្ឋាភិបាល និងក្រសួង ស្ថាប័ននានានោះ សាកលវិទ្យាល័យវេស្ទើន បានបង្កើតឱ្យមានកម្មវិធីប្រាក់កម្ចីសិក្សា សម្រាប់និស្សិតក្រីក្រ ដើម្បីបង្កើនលទ្ធភាពសិក្សាថ្នាក់បរិញ្ញាបត្រ ដល់សិស្សក្រីក្រ។ ទាក់ទងទៅនឹងនិស្សិតជ័យលាភីនេះ បើយោងតាមការស្ទង់មតិប្រចាំឆ្នាំរបស់ក្រុមការងារធានាគុណភាពផ្ទៃក្នុងសាកលវិទ្យាល័យ បានឱ្យដឹងថា និស្សិតជ័យលាភីដែលត្រូវទទួលបានសញ្ញាបត្រ នាពេលបន្តិចទៀតនេះ អ្នកដែលមានការងារធ្វើចំនួន ៩៣,៧២%ក្នុងនោះបរិញ្ញាបត្រររង៨៦,៩៧% ថ្នាក់បរិញ្ញាបត្រ៩៤,៩៨% ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ១០០% និងថ្នាក់បណ្ឌិត ១០០%។

ជាមួយនឹងការខិតខំរបស់ខ្លួន ជាមោទនភាពដែលសាកលវិទ្យាល័យវេស្ទើន ត្រូវបានវាយ
តម្លៃ និងទទួលស្គាល់ជាសាកលវិទ្យាល័យមានសមត្ថភាពក្នុងចំណោមសាកលវិទ្យាល័យឯកជនទាំងអស់ ដែលមានតែសាកលវិទ្យាល័យឯកជនតែ៦ប៉ុណ្ណោះទទួលបានគំរោងកែលំអរគុណភាពឧត្តមសិក្សា ពីក្រសួងអប់រំយុវជន និងកីឡា តាមរយៈកម្ចីពីធនាគារពិភពលោកទាំងពីរដំណាក់កាលក្នុងទំហំទឹកប្រាក់សរុបចំនួន ៣៨៦.៣៩៤ដុល្លារ ដើម្បីអភិវឌ្ឍន៍កម្មវិធីសិក្សា អភិវឌ្ឍន៍ធន-ធានសាស្ត្រាចារ្យ និងរៀបចំសម្ភារៈបរិក្ខា បន្ទប់ពិសោធន៍សម្រាប់ជំនាញគណនេយ្យ និងជំនាញសំណង់ស៊ីវិលមានរយៈពេល ៣ឆ្នាំ ពីឆ្នាំ២០២១ ដល់ឆ្នាំ ២០២៤។ គំរោងនេះគឺដើម្បីបង្កើនសមត្ថភាពរបស់សាកលវិទ្យាល័យ ក្នុងការផ្តល់សេវាអប់រំ ដែលផលិតនិស្សិតប្រកបដោយសមត្ថ-ភាពនិងការទទួលស្គាល់ទាំងស្តង់ដាជាតិនិងអន្តរជាតិ ស្របតាមចក្ខុវិស័យឧត្តមសិក្សា២០៣០ និង២០៥០របស់ក្រសួងអប់រំ យុវជន និងកីឡា។

ទន្ទឹមនឹងនេះ សាកលវិទ្យាល័យវេស្ទើន មានឧបសម្ព័ន្ធមួយរបស់ខ្លួនគឺ សាលាវេស្ទើនអន្តរជាតិ ដែលបណ្តុះបណ្តាលពីថ្នាក់មត្តេយ្យ រហូតដល់ថ្នាក់ទី១២ ស្របតាមកម្មវិធីសិក្សាថ្នាក់ជាតិនិងអន្តរជាតិដែលមាន១៦ទីតាំងនៅរាជធានីភ្នំពេញ មួយទីតាំងនៅខេត្តព្រះសីហនុ និងមួយទីតាំងនៅខេត្តកណ្តាល និងមានសិស្សានុសិស្សចំនួន ៨.០០០នាក់កំពុងសិក្សា និងបុគ្គលិកប្រហែល ២.០០០នាក់បម្រើការនៅទីនោះផងដែរ។

សិស្សរបស់សាលាវេស្ទើនអន្តរជាតិតែងទទួលបានអាត្រាជាប់បាក់ឌុបនៅក្នុងចន្លោះ ៩០-៩៥%ជារៀងរាល់ឆ្នាំ និងមានអាត្រាជាប់និទ្ទេសA ប្រហែល១០% ជាប្រចាំជាក់ស្តែងក្នុងឆ្នាំសិក្សា២០២១-២០២២នេះ មានសិស្សសាលាវេស្ទើនអន្តរជាតិម្នាក់ទទួលបានពិន្ទុថ្នាក់១០០/១០០លើគ្រប់វិញ្ញាសារ ពោលគឺ «The best of the best» គឺ កញ្ញា «You Soukunthika» ដែលឥឡូវបានទៅរៀននៅសហរដ្ឋអាមេរិក(USA) ផងដែរ។ ជាងនេះទៅទៀតជារៀងរាល់ឆ្នាំសិស្សរបស់សាលាវេស្ទើនអន្តរជាតិ តែងតែចូលរួមប្រកួតប្រជែងជាលក្ខណៈអន្តរជាតិនៅជុំវិញពិភពលោកដោយនាំមកជូនមាតុភូមិកម្ពុជាយើង នូវមេដៃមាស ប្រាក់ ជាច្រើនទៀត។

សាកលវិទ្យាល័យវេស្ទើន ក៏បានធ្វើកិច្ចសហប្រតិបត្តិការ ជាមួយសាកលវិទ្យាល័យនានានៅក្រៅប្រទេស ដូចជាសាកលវិទ្យាល័យយ៉ុងណាមប្រទេសកូរ៉េខាងត្បូង មានកម្មវិធីផ្តល់អាហារូបករណ៍ដល់បុគ្គលិកសិក្សាថ្នាក់អនុបណ្ឌិតនៅសាកលវិទ្យាល័យយ៉ុងណាម កម្មវិធីផ្លាស់ប្តូរនិស្សិត និងកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ២បូក២ គឺ២ឆ្នាំនៅសាកលវិទ្យាល័យវេស្ទើន និង២ឆ្នាំសិក្សានៅសាកលវិទ្យាល័យយ៉ុងណាមប្រទេសកូរ៉េខាងត្បូង ដែលនិស្សិតនឹងទទួលបានសញ្ញាបត្រពីរពីសាកលវិទ្យាល័យទាំងពីរ។ កិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យអាសាមសុននៃប្រទេសថៃ(Assumption University of Thailand) លើការបណ្តុះបណ្តាលធនធានសាស្ត្រាចារ្យថ្នាក់បណ្ឌិត ដោយសាកល-វិទ្យាល័យវេស្ទើន បានផ្តល់បដិភាគសម្រាប់អាហារូបករណ៍ដល់ថ្នាក់ដឹកនាំ សាស្ត្រាចារ្យចំនួន១១នាក់បានសិក្សាបញ្ចប់ថ្នាក់បណ្ឌិតដោយជោគជ័យ ក្នុងឆ្នាំ២០២១ និងឆ្នាំ២០២២។ ជាមួយគ្នានេះសាកលវិទ្យាល័យវេស្ទើន មានកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យនានានៃប្រទេសជាច្រើនក្នុងតំបន់៕