(កំពត)៖ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា បច្ចុប្បន្ននេះប្រជាពលរដ្ឋទាំងអស់ គឺបានរស់នៅក្រោមម្លប់នៃសុខសន្តិភាពពេញលេញ ហើយសុខសន្តិភាពនេះ គឺបានដោយសារតែសម្តេចតេជោ ដែលបានខិតខំលះបង់គ្រប់បែបយ៉ាងដើម្បីយកមកជូនប្រជាពលរដ្ឋ ក៏ដូចជាប្រទេសកម្ពុជាទាំងមូល។

ការថ្លែងបែបនេះ ខណៈលោកអភិបាលខេត្ត បានដឹកនាំមន្ត្រីរាជការ កងកម្លាំងដាវុធ អាជ្ញាធរ និងអ្នកពាក់ព័ន្ធក្រោមឱវាទ ចុះដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នៅស្រុកកំពង់ត្រាច នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣។

នាឱកាសនោះ លោកអភិបាលខេត្ត បានបញ្ជាក់ថា ក្រោមម្លប់នៃសុខសន្តិភាពពេញលេញលើផ្ទៃប្រទេស ប្រមុខរាជរដ្ឋាភិបាល តែងតែគិតគូរជានិច្ចនូវរាល់សុខទុក្ខរបស់ប្រជាពលរដ្ឋ ហើយយន្តការនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធ តុលាការ ត្រូវបានដាក់ចុះដើម្បីឱ្យអាជ្ញាធរថ្នាក់ក្រោមជាតិអនុវត្ត ដើម្បីសម្របសម្រួល និងបញ្ចប់នូវរាល់ទំនាស់ផ្សេងៗរបស់ពលរដ្ឋតាមយន្តការឈ្នះឈ្នះទាំងអស់គ្នា ក៏ដូចជាសម្រួលដល់ការចំណាយផ្សេងៗផងដែរ។

ដូច្នេះរាល់ការថ្នាំងថ្នាក់បន្តិចបន្តួចរបស់បងប្អូនក្នុងមូលដ្ឋាន សូមបងប្អូនទាំងអស់បើកបេះដូងឱ្យទូលាយស្តាប់ហេតុផល ទទួលស្គាល់ការពិត និងទទួលយកនូវការដោះស្រាយក្រៅប្រព័ន្ធតុលាការតាមយន្តការ ឈ្នះ ឈ្នះ ទាំងអស់គ្នា ដើម្បីបញ្ចប់រាល់បញ្ហាទាំងអស់។

លោកអភិបាលខេត្ត បានបន្តថា ប្រជាពលរដ្ឋដែលមកទទួលការដោះស្រាយបានលើកឡើងថា យន្តការនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការរបស់ឯកឧត្តមអភិបាលខេត្ត ក្រោមយន្តការឈ្នះឈ្នេះ បានធ្វើឱ្យប្រជាពលរដ្ឋ ទទួលបាននូវភាពពិតប្រាកដ មានសុក្រិតយុត្តិធម៌ ព្រមទាំងទទួលយកបានទាំងសងខាងរវាងគូរទំនាស់។ ពលរដ្ឋបានបន្តថា ការចុះមកដោះស្រាយដល់មូលដ្ឋានផ្ទាល់បានធ្វើឱ្យពួកគាត់មានចិត្តសប្បាយរីករាយ និងមិនមានការចំណាយថវិកា ពេលវេលា ដើម្បីទៅដោះស្រាយនោះឡើយ។

សូមរំលឹកថា សម្រាប់ស្រុកកំពង់ត្រាចនេះជាលើកទី២ហើយ ដែលលោកអភិបាលខេត្តបានចុះមកដោះស្រាយបញ្ចប់វិវាទក្រៅប្រព័ន្ធតុលាការ ដោយកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ បានដោះស្រាយសំណុំរឿង ចំនួន២៥ ហើយពេលនេះមានសំណុំរឿង ចំនួន ៣២ករណី ដើម្បីដោះស្រាយបន្ត។

តាមការបញ្ចាក់ របស់លោកអភិបាលខេត្តកំពត បានឱ្យដឹងថា លោកនឹងដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធម៌ និងអ្នកពាក់ព័ន្ធក្រោមឱវាទ នឹងចុះដោះស្រាយរាល់វិវាទក្រៅប្រព័ន្ធតុលាការនេះនៅតាមមូលដ្ឋាន ឱ្យបានគ្រប់ក្រុង-ស្រុក ទាំងអស់ក្នុងខេត្តកំពត៕