(ព្រះសីហនុ)៖​ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកាយរឹទ្ធិជាតិកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចូលសមាជិកភាពបំពាក់កន្សែងកាយរឹទ្ធិជូនថ្នាក់ដឹកនាំ និងមន្ត្រី ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិកាយរឹទ្ធិកម្ពុជា អាណត្តិទី៤ លើកទី១ នៅសណ្ឋាគារឯករាជ្យ ខេត្តព្រះសីហនុ នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣។

កិច្ចប្រជុំនេះ មានការចូលរួមពីលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ព្រមទាំងថ្នាក់ដឹកនាំកាយរឹទ្ធិជាតិកម្ពុជា ថ្នាក់ដឹកនាំកាយរឹទិ្ធមកពីគ្រប់ក្រសួង ស្ថាប័នរាជធានីខេត្ត។

ក្នុងឱកាសនោះ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃកាយរឹទ្ធិជាតិកម្ពុជា និងកោតសរសើរ ចំពោះស្មារតីប្រកបដោយការទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំគណៈកម្មាធិការប្រតិបត្តិកាយរឹទ្ធិជាតិកម្ពុជា អាណត្តិទី៤ ដែលដឹកនាំដោយលោកស្រី ស្រូយ សុជាតិ ប្រធានស្នងការ និងសហការីគ្រប់ផ្នែក ដែលបានសហការ អនុវត្តបានយ៉ាងល្អទៅតាមតួនាទី និងភារកិច្ចក្នុងកិច្ចខិតខំប្រឹងប្រែងជំរុញ លើកទឹកចិត្ត និងទាក់ទាញឱ្យមានកិច្ចសហការ និងការចូលរួមពីសំណាក់មាតាបិតាគ្រប់រូប ប្រជាពលរដ្ឋក្នុងសហគមន៍ អាជ្ញាធរពាក់ព័ទ្ធគ្រប់លំដាប់ថ្នាក់ ដើម្បីលើកកម្ពស់ និងកសាងពន្លកយុវវ័យកម្ពុជា តាមរយៈការផលិតបាននូវកម្មវិធីយុវជន និងកាយរឹទ្ធិកម្មយ៉ាងទាក់ទាញ និងមានប្រសិទ្ធភាពក្នុងការអភិវឌ្ឍកាយសម្បទា បំណិនសម្បទា។

លោកបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងយកអស់ពីកម្លាំងកាយចិត្ត និងពលិកម្មគ្រប់បែបយ៉ាងរបស់ថ្នាក់ដឹកនាំកាយរឹទ្ធិជាតិកម្ពុជា គ្រប់លំដាប់ថ្នាក់ទូទាំងប្រទេសរហូត នាំឱ្យមានការទទួលស្គាល់កាយរឹទ្ធិជាតិកម្ពុជា កាន់តែទូលំទូលាយ ទាំងនៅថ្នាក់តំបន់ និងពិភពលោក។

តាមរយៈសេចក្តីព្រាងផែនការយុទ្ធសាស្ត្រកាយរឹទ្ធិជាតិកម្ពុជា ឆ្នាំ២០២៣-២០២៧ ដែលចូលរួមពិភាក្សា និងផ្តល់ធាតុចូលពេលនេះ នឹងក្លាយជាផែនទីចង្អុលផ្លូវដ៏មានប្រសិទ្ធភាព ដើម្បីអភិវឌ្ឍចលនាកាយរឹទ្ធិជាតិកម្ពុជា ឱ្យឆ្លើយតបទៅនឹងចក្ខុវិស័យកំណើនសមាជិកចំនួន ២៥ម៉ឺននាក់ នៅក្នុងឆ្នាំ២០២៧ និងប្រែក្លាយជាអង្គការយុវជនឈានមុខគេក្នុងការអប់រំដល់កុមារ និងយុវជននៅព្រះរាជាណាចក្រកម្ពុជា។

ការរៀបចំបាននូវក្របខណ្ឌទទួលស្គាល់ការងារស្ម័គ្រចិត្តក្នុងស្រទាប់យុវជន គឺជាការគាំទ្រដល់ការអភិវឌ្ឍសកម្មភាពគោលមួយក្នុងចំណោមសកម្មភាពគោលជាច្រើនសមត្ថភាពពេញលេញសម្រាប់កុមារ និងយុវជន ដើម្បីជំរុញ ពួកគេធ្វើសកម្មភាពគម្រោង និងអំពើល្អនៅតាមទីសាធារណៈ និងសហគមន៍រស់នៅរបស់ពួកគេ។ ការពង្រឹងនូវភាពជាអ្នកដឹកនាំ និងការបណ្តុះបណ្តាលជំនាញកាយរឹទ្ធិកម្មដល់មេដឹកនាំកាយរឹទ្ធិនៅថ្នាក់ជាតិ រាជធានីខេត្ត ក្រុងស្រុកខណ្ឌ និងកងឯកភាពគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន គឺជាតម្រូវការអាទិភាពសម្រាប់គាំទ្រកំណើនសមាជិករបស់កាយរឹទ្ធិជាតិកម្ពុជា។

លោកថា​ ផែនការសកម្មភាពជាតិស្តីពីការអភិវឌ្ឍសំដៅជំរុញចលនាកាយរឹទ្ធិ ជាមធ្យោបាយមួយដ៏មានប្រសិទ្ធភាពសម្រាប់ការងារអប់រំ និងហាត់ពត់លត់ដំទាំងគំនិត ប្រាជ្ញា ស្មារតី ព្រមទាំងកាយសម្បទារបស់យុវជន ឱ្យបានសកម្មខ្លាំងក្លានៅកម្ពុជា។

ដូចនេះ ដើម្បីឱ្យក្លាយទៅជាធនធានកាយរឹទ្ធិដ៏មានសក្តានុពល ក្នុងការរៀបចំផែនការ និងកម្មវិធីកាយរឹទ្ធិកម្មនៅតាមកងឯកភាពរបស់ខ្លួនដូចជា «កម្មវិធីវឌ្ឍនកម្មកាយរឹទ្ធិប្អូន កាយរឹទ្ធិជំទង់ និងកាយរឹទ្ធិរៀមច្បង» «កម្មវិធីបំពាក់កន្សែង និងសច្ចាប្រណិធានដល់នូវកាយរឹទ្ធិប្អូន កាយរិទ្ធិជំទង់ និងកាយរឹទ្ធិរៀមច្បង» «ការបោះជំរំ និងដំណើរកាត់ព្រៃ» និង «គម្រោងស្ម័គ្រចិត្តសហគមន៍» គឺជាកត្តាចម្បងដែលត្រូវអនុវត្តឲ្យមានប្រសិទ្ធភាព៕