(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ថា សម្រាប់មន្រ្តីនគរបាលចរាចរណ៍ម្នាក់ ដែលបានបើកម៉ូតូដេញតាមរថយន្តទំាំងកណ្តាលយប់ ហើយត្រូវបានគេចែកចាយលើបណ្តាញសង្គមនោះ ត្រូវបានស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្រេចដាក់វិន័យ និងស្នើសុំគោលការណ៍បន្ថយឋានន្តរស័ក្កិមួយថ្នាក់ ព្រមទាំងផ្ទេរភារកិច្ចឱ្យទៅបម្រើការងារនៅកងអន្តរាគមន៍វិញ។

អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា៖ «ទាក់ទងទៅនឹងមន្ត្រីចរាចរណ៍ម្នាក់ជិះម៉ូតូតាមឃាត់រថយន្ត កាលពីយប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល០២:០០ រំលងអាធ្រាត្រ នៅចំណុចស្ដុបចំការមន មន្ត្រីរូបនោះត្រូវបានអនុវត្តវិន័យកងកម្លាំង ផ្ទេរចេញពីការិយាល័យចរាចរណ៍ ទៅកងអន្តរាគមន៍ ជាពិសេសបានស្នើសុំទៅថ្នាក់ដឹកនាំ ដើម្បីបន្ថយឋានន្តរស័ក្តិមួយថ្នាក់ពី អនុសេនីយ៍ទោ មកត្រឹមអនុសេនីយ៍ត្រី»

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ត្រី បានឱ្យដឹងថា នៅថ្ងៃនោះ លោកអនុសេនីយ៍ទោ ជឹម សាលីន អត្តលេខ ៧៨៦៦៥ មន្រ្តីចំណុះការិយាល័យចរាចរណ៍ផ្លូវគោក បានធ្វើដំណើរចេញពីផ្ទះ ក្នុងគោលបំណងទៅប្រជុំជួរ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ពេលជិះមកដល់ស្ដុបចំការមន ក៏ឃើញរថយន្ត១គ្រឿង ម៉ាក Range Rover ពណ៌ខ្មៅ បើកបរក្នុងល្បឿនលឿន ពេលនោះលោកអនុសេនីយ៍ទោ ជឹម សាលីន បានជិះម៉ូតូតាមដល់ស្ដុបក្រសួងមហាផ្ទៃ ក៏ជិះទៅក្បែររថយន្ត ហើយអ្នករួមដំណើរក្នុងរថយន្ត សួរ តើខ្ញុំខុសអី? ហើយលោកអនុសេនីយ៍ទោ ជឹម សាលីន តបថាបងស្រីអត់ពាក់ខ្សែរក្រវ៉ាត់សុវត្ថិភាព និងកុំថតអី សម្រួលបានអត់ ក្នុងន័យកុំឱ្យថតប៉ុណ្ណោះ។

លោកបានបន្តថា «ការចុះអនុវត្តនេះមិនមានគោលការណ៍ ឬបទបញ្ជាពីប្រធានអង្គភាពនោះទេ ហើយធ្វើនេះ មិនត្រឹមត្រូវតាមម៉ោងនៃការអនុវត្តច្បាប់ផងដែរ ដូច្នេះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏សម្រេចដាក់វិន័យ និងស្នើសុំទៅថ្នាក់ដឹកនាំ ដើម្បីសុំគោលការណ៍បន្ថយឋានន្តរស័ក្កិមួយថ្នាក់ និងផ្ទេរភារកិច្ចមន្ត្រីចរាចរណ៍រូបនេះឱ្យទៅបម្រើការងារនៅកងអន្តរាគមន៍»