(សៀមរាប)៖ មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប នឹងរៀបចំវគ្គបណ្តុះបណ្តាលជូនដល់ ក្រុមទ្រទ្រង់សុខភាពភូមិ នៅក្នុងស្រុកក្រឡាញ់ ចំពោះការរៀបចំវគ្គបណ្តុះបណ្តាលនេះឡើងដើម្បីលើកកម្ពស់សុខភាពសហគមន៍ និងកាត់បន្ថយអត្រាឈឺធ្ងន់​ និងស្លាប់ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខនេះ។

មន្ទីរពេទ្យកុមារអង្គរ គឺជាអង្គការក្រៅរដ្ឋាភិបាល មិនស្វែងរកប្រាក់ចំណេញ មានទីតាំងនៅក្នុងខេត្តសៀមរាប។ ចាប់តាំងពីឆ្នាំ១៩៩៩មក មន្ទីរពេទ្យកុមារអង្គរបានផ្តល់ការពិនិត្យ ព្យាបាល ថែទាំប្រកបដោយគុណភាពខ្ពស់ និងក្តីមេត្តាករុណា និងឥតគិតកម្រៃ ដល់កុមារប្រមាណជាង ២,៥លានករណី។​

ចាប់តាំងពីឆ្នាំ២០០១មក ក្រុមការងារសុខភាពសហគមន៍របស់មន្ទីរពេទ្យកុមារអង្គរ​ បានធ្វើការនៅក្នុងខេត្តសៀមរាប ដើម្បីលើកកម្ពស់សុខភាពសហគមន៍ និងកាត់បន្ថយអត្រាឈឺធ្ងន់​ និងស្លាប់។ នៅក្នុងឆ្នាំ២០២២កន្លងទៅ មន្ទីរពេទ្យកុមារអង្គរបានធ្វើការនៅក្នុងស្រុកប្រតិបត្តក្រឡាញ់ ខេត្តសៀមរាប។ មណ្ឌលសុខភាពនៅក្នុងស្រុកក្រឡាញ់ មានកម្រិតនៅឡើយ និងមានមន្ទីរពេទ្យបង្អែកតែមួយប៉ុណ្ណោះ។ កត្តានេះមានន័យថា កុមារដែលមានជំងឺភាគច្រើនត្រូវធ្វើដំណើរមកកាន់ក្រុងសៀមរាប ដែលមានចំងាយប្រមាណ ៥០គីឡូម៉ែត្រ ដើម្បីស្វែងរកសេវាពិនិត្យព្យាបាលឯកទេស។ ការស្ទាបស្ទង់មតិលើស្ថានភាពគ្រួសារបង្ហាញចំនួនពិន្ទុត្រឹមតែ ១៩.៩%។ ទិន្នន័យខាងលើនេះ បង្ហាញពីតម្រូវការបន្ថែមលើចំណេះដឹងសុខភាព អនាម័យថ្នាក់មូលដ្ឋាន និងជាពិសេស គឺទម្លាប់ការថែទាំសុខភាព។

នៅក្នុងកំឡុងឆ្នាំ២០២២ មន្ទីរពេទ្យកុមារអង្គរបានរៀបចំវគ្គបណ្តុះបណ្តាលជាច្រើន ជូនដល់ក្រុមទ្រទ្រង់សុខភាពភូមិ នៅក្នុងស្រុកក្រឡាញ់ ដើម្បីឆ្លើយតបទៅនឹងលទ្ធផលនៃការស្ទាបស្ទង់មតិ។ ក្រុមទ្រទ្រង់សុខភាពភូមិបានប្រើប្រាស់ចំណេះដឹងដែលទទួលបាន បន្តផ្តល់ការអប់រំសុខភាពដល់ប្រជាជននៅក្នុងភូមិ។ វគ្គបំប៉នសុខភាពមូលដ្ឋាន ត្រូវបានធ្វើឡើងដល់ក្រុមទ្រទ្រង់សុខភាពភូមិចំនួន ១,៧៨៩នាក់ និងបានចែកចាយចំណេះដឹងបន្តទៅកាន់អ្នកភូមិប្រមាណ ៣៦,៤៤៩នាក់បន្ថែមទៀត។

ក្រុមទ្រទ្រង់សុខភាពដែលបានទទួលវគ្គបណ្តុះបណ្តាលរួចរាល់ហើយ ពិភាក្សាអំពីបញ្ហាប្រឈមធំៗចំនួនពីរគឺ កុមារមានជំងឺកង្វះអាហារូបត្ថម្ភ និងការស្វែងយល់អំពីសារៈប្រយោជន៍នៃការបំបៅដោះកូនដោយទឹកដោះម្តាយ។​ ម្យ៉ាងទៀតក្រុមទ្រទ្រង់សុខភាពភូមិបានពិនិត្យកម្រិតអាហារូបត្ថម្ភលើកុមារចំនួន ២,៨០០នាក់ និងបានរកឃើញកុមារដែលមានកង្វះអាហារូបត្ថម្ភចំនួន១៦០នាក់។​ ក្រោយការរកឃើញកុមារមានជំងឺកង្វះអាហារូបត្ថម្ភ ក្រុមការងារសុខភាពសហគមន៍បានផ្តល់ការព្យាបាល លើកុមារទាំងនោះផងដែរ។

សូមបញ្ជាក់ផងដែរ គម្រោងរៀបចំវគ្គបណ្តុះបណ្តាលនេះធ្វើឡើង ត្រូវបានចំណាយថវិកាប្រមាណ ១១០,០០០ដុល្លារ។​ ជាលទ្ធផល ក្រុមការងារសុខភាពសហគមន៍បានជួយទៅដល់កុមារប្រមាណ ៦០,០០០ករណី។ មន្ទីរពេទ្យកុមារអង្គរ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ដល់ក្រុមហ៊ុន សប្បុរសជនទាំងក្នុងនិងក្រៅប្រទេស ដែលបានឧបត្ថម្ភគម្រោងនេះ ក្នុងនោះដែរ រួមមានក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ដែលជាសប្បុរសជនដ៏ធំមួយរបស់គម្រោងសុខភាពសហគមន៍ ក្រុមការងារសុខភាពសហគមន៍ និងអ្នកចូលរួមផ្សេងៗទៀតនៅក្នុងគម្រោងសុខភាពសហគមន៍នេះផងដែរ។

ជាមួយនេះដែរ ការចូលរួមរបស់លោកអ្នក គឺជាចំណែកដ៏មានសារៈសំខាន់មួយ ក្នុងការធ្វើឱ្យប្រសើរឡើងនូវការគាំពារសុខភាពកុមារកម្ពុជា។ មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ នឹងបន្តកិច្ចការងារ ជួយសង្គ្រោះអាយុជីវិតកុមារនៅក្នុងសហគមន៍ នាឆ្នាំ២០២៣ ​ជាបន្តទៀត៕